ខេត្តសៀមរាប÷សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីមហាសន្និបាតសភាយុវពាណិជ្ជករអន្តរជាតិ (JCI) ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកឆ្នាំ២០២៤ ក្រោមប្រធានបទ (Rising Together) នៅមជ្ឈមណ្ឌលសន្និបាតសុខា ខេត្តសៀមរាប នាល្ងាចថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤។
ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រធានបទ(Rising Together) នេះពិតជាស័ក្ដិសម ក្នុងពេលដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជា ដោយសារភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ វិបត្តិសេដ្ឋកិច្ច ការប្រែប្រួលអាកាសធាតុ និងការផ្ទុះឡើងជាបន្តបន្ទាប់នៃជំងឺរាតត្បាតថ្មីៗ ជាដើម ។ ជាការពិតណាស់ កាលៈទេសៈលំបាកបែបនេះ ងាយស្រួលនឹងធ្វើឱ្យយើងបាត់បង់នូវក្តីសង្ឃឹម ហើយថែមទាំងអាចឱ្យយើងក្លាយជាមនុស្សបុគ្គលនិយម ។ កាលៈទេសៈបែបនេះ ក៏អាចធ្វើឱ្យយើងភ្លេចផងដែរថា អនាគតរបស់យើងអាស្រ័យទៅលើយុវជនគ្រប់ៗរូប ដែលជាអ្នកបន្តវេន ព្រោះថា ពិភពលោកទាំងមូល ជាពិសេស យុវជនគ្រប់ៗរូប ក៏ចំាបាច់ត្រូវចងចាំផងដែរថា យើងទាំងអស់គ្នារួមក្នុងជោគវាសនាតែមួយ ហើយមានតែកិច្ចខិតខំប្រឹងប្រែងជាមួយគ្នាប៉ុណ្ណោះ ទើបយើងអាចកសាងនូវអនាគតមួយ ដែលនាំឱ្យយើងរីកចម្រើនរួមគ្នាបាន។
ក្នុងស្មារតីនេះ សូមក្រើនរំលឹកទៅកាន់យុវជនទាំងអស់ ដែលកំពុងមានវត្តមាននៅទីនេះ ក៏ដូចជានៅទីកន្លែងដទៃទៀតថា បងប្អូនយុវជននេះហើយជាអ្នកកំណត់ជោគវាសនា នាពេលអនាគតនេះ។ អ្វីៗទាំងអស់ដែលបងប្អូនបានរៀន គិត និងកំពុងអនុវត្ត ជាកត្តាដែលនឹងសម្រេចថា តើសង្គមជាតិយើងពិតជាអាចឆ្លងកាត់ភាពមិនប្រាកដប្រជានេះ បាន ឬមិនបាន។ ក្នុងន័យនេះ, ការពង្រឹងភាពអង់អាចរបស់យុវជន គឺពិតជាការវិនិយោគសម្រាប់អនាគត ដោយសង្គមជាតិមួយរីកចម្រើនទៅបាន លុះត្រាតែយុវជនមានភាពរឹងមាំ មានសីលធម៌ និងមានផ្នត់គំនិតវិជ្ជមានដែលសម្លឹងឆ្ពោះទៅមុខជានិច្ច ។
សម្តេចធិបតី បានបន្តទៀតថា រាជរដ្ឋាភិបាលកម្ពុជាទទួលស្គាល់អំពីតួនាទីដ៏សំខាន់របស់យុវជន ក្នុងការកសាងអនាគតដ៏ត្រចះត្រចង់មួយរបស់កម្ពុជា ។ កម្ពុជាដែលធ្លាប់តែត្រូវបានចាត់ទុកជាវាលពិឃាដ បច្ចុប្បន្ន ជាជាតិមួយមានសន្តិភាពពេញលេញ ហើយប្រាង្គប្រាសាទដ៏ល្អឯកដូចជាប្រាសាទអង្គរវត្ត និងឆ្នេរសមុទ្រដ៏ស្រស់ស្អាតរបស់យើង បាននិងកំពុងទាក់ទាញភ្ញៀវទេសចររាប់លាននាក់មកទស្សនាជារៀងរាល់ឆ្នាំ ។ បរិវត្តកម្មដ៏ប្រសើរនេះ ពិតណាស់ជាលទ្ធផលដែលកើតចេញពីការលះបង់គ្រប់បែបយ៉ាងរបស់អ្នកជំនាន់មុន ក្នុងការកែប្រែជោគវាសនាទឹកដីកំសត់នេះ ឱ្យក្លាយជាទឹកដីមួយដ៏ស្រស់បំព្រង និងប្រកបដោយស្នាមញញឹម ។
ពេលនេះជាពេលវេលារបស់យើងទាំងអស់គ្នាដែលជាអ្នកបន្តវេន ត្រូវយកគំរូតាមការលះបង់កន្លងមក ដើម្បីបង្កើតនូវទំព័រប្រវត្តិសាស្ត្រថ្មី តាមរយៈការចូលរួមរបស់យើងគ្រប់គ្នា ដើម្បីកសាងអនាគតមួយដែលទស្សនៈរបស់យើងមិនត្រឹមតែត្រូវបានដឹងឭនោះទេ តែជាសមាសធាតុដ៏មិនអាចខ្វះបាន ក្នុងការជំរុញនូវការផ្លាស់ប្តូរជាវិជ្ជមានយ៉ាងពិតប្រាកដ ។ ទន្ទឹមនេះ ក្រោមការ ចូលរួមរបស់យើងគ្រប់គ្នា យើងប្រាកដណាស់ថានឹងរីកចម្រើន ហើយយើងគ្រប់គ្នានឹងទទួលបានផ្លែផ្កាពីការរីកចម្រើននេះជាមួយគ្នា ។
ជាចុងក្រោយ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានអរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេស រដ្ឋបាលខេត្តសៀមរាប និងសហភាពសហព័ន្ធយុវជនកម្ពុជា ដែលបានផ្តល់កិច្ចសហការដ៏ស្រស្រាក់ស្រស្រាំ និងការគាំទ្រដ៏ល្អ ដើម្បីចូលរួមចំណែកជាមួយ JCI- កម្ពុជា ក្នុងការរៀបចំមហាសន្និបាតនេះ ប្រកបដោយភាពជោគជ័យ ព្រមទាំងបានគូសរំលេចអំពីអភិក្រមដែលកម្ពុជាជ្រើសរើស ក្នុងការអភិវឌ្ឍយុវជន។
សម្តេចធិបតីសង្ឃឹមជឿជាក់ថា អង្គមហាសន្និបាតទាំង មូលនឹងមានឱកាសស្វែងយល់ពីសក្តានុពលរបស់កម្ពុជា ក្នុងការធ្វើធុរកិច្ច និងវិនិយោគ ហើយរាជរដ្ឋាភិបាលរង់ចាំផ្តល់ការសម្របសម្រួលក្នុងនាមជាដៃគូដ៏ស្និទ្ធស្នាល។ ជាមួយគ្នា អង្គមហាសន្និបាតនេះ នឹងក្លាយជាកាតាលីករ សម្រាប់ការបំផុសគំនិតច្នៃប្រឌិត និងជាការប្តេជ្ញាចិត្តរបស់យើងសាជាថ្មីក្នុងការកសាងនូវជោគវាសនារួមគ្នាមួយ ដែលប្រកបដោយចីរភាព ៕