ភ្នំពេញ ៖ រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតាំងពីជំនាន់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់ការអនុគ្រោះបំផុតចំពោះការយកពន្ធពីប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋក្រីក្រ និងអ្នកមានចំណូលទាប ត្រូវបានរាជរដ្ឋាភិបាលគិតគូរជាអាទិភាពនិងព្យាយាមបញ្ចៀសពួកគេមិនឱ្យជាប់ពន្ធឡើយ។
ជាក់ស្តែង រដ្ឋមិនយកពន្ធដីកសិកម្មជាលក្ខណៈគ្រួសារ មិនយកពន្ធលើសម្ភារកសិកម្ម ផលិតផលកសិកម្ម និងអចលនទ្រព្យដែលមានតម្លៃក្រោម ១០០ លានរៀល ឬ ២៥ ០០០ ដុល្លារអាម៉េរិក។ លើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិអចលទ្រព្យក្រោមឬស្មើ ៧ម៉ឺនដុល្លារអាម៉េរិក។ រដ្ឋមិនយកពន្ធប្រថាប់ត្រាផ្ទេរមរតកជាអំណោយមួយលើក មិនយកពន្ធផ្លូវម៉ូតូឬកង់បី។ ប្រាក់បៀវត្សទាបជាង ១,៥ លានរៀល មិនជាប់ពន្ធ។ អ្នកប្រកបរបរតូចតាចដែលមានផលរបរក្រោម ២៥០ លានរៀល មិនតម្រូវឱ្យ មានកាតព្វកិច្ចបង់ពន្ធទេ។ ទន្ទឹមគ្នានេះ គោលនយោបាយអនុគ្រោះដល់អាជីវកម្មនានា ដែលជួបការលំបាក ក៏ត្រូវបានដាក់ចេញជាបន្តបន្ទាប់ និងនៅតែអនុវត្តជាប្រចាំ។ នៅមានការអនុគ្រោះ ព្រមទាំងការលើកលែងជាច្រើនផ្សេងទៀតដែលរដ្ឋបានផ្តល់ជូន។
ក្រៅពីមិនជាប់ពន្ធ ពលរដ្ឋក្រីក្រនិងងាយរងហានិភ័យត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាអាទិភាពក្នុងការទទួលបានការឧបត្ថម្ភ គាំពារពីរដ្ឋ។ ជាក់ស្តែង ក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ-១៩ រដ្ឋបានចំណាយថវិកាជាង ១ ២០០ លានដុល្លារអាម៉េរិក ដើម្បីជួយពលរដ្ឋក្រីក្រដែលរងគ្រោះ។ បច្ចុប្បន្ន កម្មវិធីគោលនយោបាយអាទិភាព៦ចំណុចដែលដាក់ចេញដោយសម្តេចធិបតី ហ៊ុន ម៉ាណែត កំពុងបន្តជួយគាំពារដល់ពលរដ្ឋក្រីក្រនិងងាយរងហានិភ័យដូចជា ការផ្តល់ជូនសេវាសុខាភិបាល ការបណ្តុះបណ្តាលកូនអ្នកក្រីក្រដោយឥតបង់ប្រាក់ និងថែមទាំងទទួលបានការឧបត្ថម្ភប្រចាំខែទៀត គោលនយោបាយអភិវឌ្ឍន៍សេដ្ឋកិច្ចក្រៅប្រព័ន្ធ កម្មវិធីជាតិជំនួយសង្គម និងគោលនយោបាយគាំពារវិស័យកសិកម្មជាដើម សុទ្ធសឹងតែជាគោលនយោបាយគាំពារពលរដ្ឋក្រីក្រនិងងាយរងហានិភ័យ។
ទោះបីជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងប្រទេសដៃគូអភិវឌ្ឍន៍នានាតែងផ្តល់អនុសាសន៍ឱ្យរាជរដ្ឋាភិបាលបង្កើនការប្រមូលពន្ធ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៃការអភិវឌ្ឍប្រទេសក៏ដោយ ក៏រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា នៅតែបន្តគោលនយោបាយអនុគ្រោះពន្ធដល់ប្រជាពលរដ្ឋជាពិសេសពលរដ្ឋក្រីក្រដដែល។ ទោះបីជាយកពន្ធតិច ប៉ុន្តែ កម្ពុជាត្រូវបានអង្គការសហប្រជាជាតិចាត់ទុកជាប្រទេសដែលកាត់បន្ថយភាពក្រីក្របានលឿនរហ័សបំផុតមួយក្នុងលោក។ ចាកចេញពីគំនរផេះផង់នៃភ្លើងសង្គ្រាមនិងរបបប្រល័យពូជសាសន៍ កម្ពុជាបានឆ្លងផុតពីប្រទេសក្រីក្រឈានចូលប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ហើយកំពុងត្រៀមខ្លួនក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនានាដូចជា ផ្លូវ ស្ពាន សាលារៀន មន្ទីរពេទ្យ អគារខ្ពស់ៗ ហាងទំនិញ ផ្សារទំនើប យានយន្តកកកុញលើដងផ្លូវ និងស្នាមញញឹមរបស់ប្រជាពលរដ្ឋ សុទ្ធសឹងជាភស្តុតាងជាក់ស្តែងនៃសមិទ្ធផលដែលកើតចេញពីសុខសន្តិភាពនិងការអភិវឌ្ឍន៍។ ប្រទេសមួយដែលយកពន្ធតិចបំផុត តែអភិវឌ្ឍបានលឿនរហ័សបំផុតបែបនេះ ពិតជាកម្រមានណាស់។ សមិទ្ធផលដ៏អស្ចារ្យនេះកើតចេញពីទេពកោសល្យពិសេសនៃការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាអតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេនដែលជាក្តីសង្ឃឹមពិតប្រាកដរបស់ប្រជាពលរដ្ឋខ្មែរ៕