ព័ត៌មានជាតិ

រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ៖ អាមេរិកនឹងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ពិសេសលើវិស័យការពារជាតិ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឱ្យឯកឧត្តម Lloyd James Austin III រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិក ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

ក្នុងឱកាសនៃជំនួប ឯកឧត្តម Lloyd James Austin III បានថ្លែងអំណរគុណចំពោះសម្តេចធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានសម្តែងនូវការអរគុណចំពោះការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិ ក៏បានបញ្ជាក់ផងដែរថា នេះគឺជាដំណើរទស្សនកិច្ចលើកទី២​ របស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា ដែលលើកទី១ ឯកឧត្តមបានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ានបូកកាលពីឆ្នាំ២០២២ ។​​​ ក្នុងដំណើរទស្សនកិច្ចលើកទី២ នេះ ឯកឧត្តម​​មានគោលបំណងពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើវិស័យជាច្រើនដែលប្រទេសទាំងពីរអាចធ្វើការរួមគ្នា ជាពិសេសលើវិស័យការពារជាតិ​​ ដោយសហរដ្ឋអាមេរិកនឹងត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការងាររួមគ្នាយ៉ាងជិតស្និទ្ធជាមួយកម្ពុជា ដើម្បីរៀបចំដាក់ចេញនូវយន្តការក្នុងការកសាងទំនាក់ទំនង និងសហប្រតិបត្តិការរវាងគ្នា ឱ្យកាន់តែប្រសើរបន្ថែមទៀត។

ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិ ក៏បានបង្ហាញក្តីសោមនស្សរីករាយក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយព្រះរាជាណាចក្រកម្ពុជា ដែលនឹងធ្វើជាប្រទេសសម្របសម្រួលកិច្ចសន្ទនាការពារជាតិ អាមេរិក-អាស៊ាន ក្នុងឆ្នាំ២០២៤ នាពេលខាងមុខនេះ។ បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ ក៏បានសម្តែងនូវការកោតសរសើរអំពីជំនាញបោសសម្អាតមីនរបស់កងទ័ពកម្ពុជា ហើយឯកឧត្តមមានជំនឿជាក់ថា សហរដ្ឋអាមេរិក និងកម្ពុជានឹងបន្តកិច្ចសហប្រតិបត្តិការលើវិស័យបោសសម្អាតមីននេះបន្ថែមទៀត។ ឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ ក៏បានគូសបញ្ជាក់អំពីការផ្លាស់ប្ដូរនូវកិច្ចពិគ្រោះយោបល់ និងការផ្លាស់ប្ដូរទស្សនៈររវាងកម្ពុជា និងសហរដ្ឋអាមេរិក ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត​ រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតប សម្តេចធិបតី បានស្វាគមន៍ចំពោះវត្តមានរបស់ ឯកឧត្តម Lloyd James Austin III និងគណៈប្រតិភូ ព្រមទាំងបានអរគុណ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អរវាងកម្ពុជា និងសហរដ្ឋអាមេរិក ហើយតាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្ត្រីមកព្រះរាជាណាចក្រកម្ពុជានាឱកាសនេះ កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងកាន់តែត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ជាពិសេសលើវិស័យការពារជាតិ។ ជាមួយគ្នានេះ សម្តេចធិបតី ជឿជាក់ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមរដ្ឋមន្រ្តីការពារជាតិនឹងផ្ដល់នូវកាលានុវត្តភាពថ្មីក្នុងការពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរ ដែលរួមមាន​ ការប្រយុទ្ធប្រឆាំងនឹងភេរវកម្ម ការជួញដូរមនុស្ស និងការជួញដូរគ្រឿងញៀន ជាដើម។

សម្ដេចធិបតី និងឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ ក៏បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាសន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងអន្តរជាតិ ដើម្បីចូលរួមក្នុងការកសាងសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពនៅក្នុងតំបន់ និងអន្តរជាតិ ក៏ដូចជាផ្ដល់នូវអត្ថប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។ ជាទីបញ្ចប់ សម្ដេចធិបតី ក៏បានស្នើឱ្យឯកឧត្តមរដ្ឋមន្ត្រីការពារជាតិ បន្តនូវកិច្ចសហប្រតិបត្តិការឡើងវិញលើវិស័យមួយចំនួន ដូចជាការផ្លាស់ប្ដូរនិស្សិតផ្នែកកងទ័ពរវាងប្រទេសទាំងពីរ និងកិច្ចប្រតិបត្តិការលើការធ្វើសមយុទ្ធយោធារវាងកងទ័ពកម្ពុជា-សហរដ្ឋអាមេរិក ព្រមទាំងបានជូនពរឯកឧត្តមរដ្ឋមន្រ្តីការពារជាតិ ឱ្យទទួលបានជោគជ័យក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា និងធ្វើមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព៕