ភ្នំពេញ ៖ រថយន្ត Land Cruiser មួយគ្រឿងដែលគេមិនដឹងថា បើកបុកជាមួយនឹងអ្វី រួញស្រុញមួយកំណាត់មុខ និងបែកកង់មុខខាងឆ្វេង ត្រូវម្ចាស់រថយន្តបើកយកមកចតទុកចោលនៅតាមបណ្ដោយផ្លូវចូលទៅមជ្ឈមណ្ឌលឱកាសខ្ញុំ ចំណុចចំការស្វាយ ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ កាលពីវេលាម៉ោង12និង10នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី16 ខែតុលា ឆ្នាំ2020នេះ ។
រថយន្តដែលចតទុកចោល ហើយឃើញមានស្នាមបុកក្រពឹតរងការខូចខាត និងរកម្ចាស់មិនទាន់ឃើញនោះ រថយន្តនេះម៉ាក Land Cruiser ពណ៌បៃតងចាស់ ស៊េរីឆ្នាំ1995 ពាក់ស្លាកលេខភ្នំពេញ 2G-8388 ។
យោងតាមប្រភពពីមន្ត្រីនគរបាលឃ្មួញ ដែលល្បាតពួនស្ទាក់ទប់ស្កាត់បទល្មើសក្នុងមូលដ្ឋាន និងជាអ្នកប្រទះឃើញ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ ពេលកម្លាំងប៉ុស្តិ៍ចេញល្បាតក្នុងមូលដ្ឋាន លុះមកដល់ចំណុចកើតហេតុខាងលើ ក៏ប្រទះឃើញរថយន្តនោះចតស្ងៀមនៅអែបកៀនផ្លូវ បញ្ច្រាសទិសដៅចរាចរណ៍គេ ។
ដោយឃើញបែបនេះមានការសង្ស័យ ក៏ឈប់ម៉ូតូចុះត្រួតពិនិត្យ ហើយឃើញរថយន្តនោះមានស្នាមខូចខាតយ៉ាងដំណំ គឺរួញមួយកំណាត់មុខរួញស្រុញចូលគ្នាតែម្តង និងបែកកង់មុខខាងស្ដាំទៀត មើលទៅដូចទើបបង្កគ្រោះថ្នាក់រួច ហើយម្ចាស់រថយន្តព្យាយាមបើករត់គេចខ្លួន ប៉ុន្តែដោយសារតែរថយន្តបែកកង់ទៅមុខមិនរួច ទើបឈប់ចតរថយន្ដទុកចោល ចំណែកម្ចាស់វិញចុះរត់គេចខ្លួនបាត់ស្រមោលតែម្តង។
ក្រោយពីត្រួតពិនិត្យរថយន្តខាងលើរួច សមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ប្រាប់សមត្ថកិច្ចជំនាញនៃអធិការដ្ឋានខណ្ឌភ្លាមៗ ដើម្បីចុះត្រួតពិនិត្យផងដែរ។ បន្ទាប់ពីត្រួតពិនិត្យ និង រកម្ចាស់មិនឃើញ រថយន្ដដែលសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចជំនាញ ស្ទូចយកទៅរក្សាទុកបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌសែនសុខ ដើម្បីរង់ចាំស្រាវជ្រាវរកកន្លែងកើតហេតុបន្តនៅពេលក្រោយ៕