ខេត្តក្រចេះ÷ ទីតាំងល្បែងស៊ីសងឆ្នោត,ជល់មាន់តាមអនឡាញ កំពុងតែចាប់ផ្ដើមដំណើរការយ៉ាងគគ្រឹកគគ្រេងវិញហើយ នៅតាមភូមិ-ឃុំ-សង្កាត់ក្នុងក្រុងក្រចេះដោយបានពង្រីកខ្លួន នៅតាមហាងកាហ្វេនិងហាងលក់ដូរផ្សេងៗ។ប្រជាពលរដ្ឋនិយាយថា នៅតាមហាងបាយ, ហាងកាហ្វេ នាបច្ចុប្បន្ននេះ គេសង្កេត ឃើញមានបើកលេងល្បែងស៊ីសងច្រើនប្រភេទ ជាពិសេសជល់មាន់ តាមអនឡាញ កំពុងបើកដំណើរការយ៉ាងគគ្រឹកគគ្រេងក្រោយផ្អាកសកម្មភាពបាន មួយរយៈដោយអាជ្ញាធរនិងសមត្ថកិច្ច បានចុះបង្ក្រាបតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ដំណើរការឡើងវិញនៃល្បែងស៊ី សងទាំងនេះ គឺហាក់ដូចជាជាន់ឈ្លីបទបញ្ជាប្រមុខរាជរដ្ឋាភិបាលយ៉ាងខ្លាំង។
ប្រភពបន្តថា សកម្មភាពនៃដំណើរការលេងល្បែងស៊ី សងទាំងនេះ គឺមិនបង្ហាញរូបភាពទ្រង់ទ្រាយធំ ដោយដាក់បង្ហាញតាមអេក្រង់ទូរទស្សន៍ ឬផ្ទាំង LCD ដូចមុនឡើយ ពោលគឺអ្នកចាំទូទាត់ប្រាក់ និងអ្នកលេងល្បែង អង្គុយនៅពីមុខកុំព្យូទ័រ ឬ Laptop ដើម្បីភ្នាល់ល្បែងហើយបើមានសភាពការណ៍មិនស្រួលគឺនាំគ្នារត់ ដែលសកម្មភាពនៃកាបើកលេងល្បែងទាំងនោះ ហាក់កំពុងបន្លំភ្នែកអាជ្ញាធរ ដោយមើលទៅដូចជាពួកគេកំពុងពិភាក្សាការងារ នៅពីមុខកុំព្យូទ័រអ៊ីចឹង តែធាតុពិតពួកគេកំពុងលបលួចលេងល្បែងតាមអនឡាញប៉ុណ្ណោះ។
ជាក់ស្ដែងទីតាំងដែលកំពុងដំណើរការ បើកល្បែងស៊ី សងជល់មាន់តាមអនឡាញមានដូចជា :
ទីតាំងដាក់Laptop និង ទូរទស្សន៏
_ ក្រុងក្រចេះ
1.ទីតាំងកាហ្វេ ផ្ទះតាម៉ៅ ផ្សារអង្គរ
2.ទីតាំងកាហ្វេ ផ្ទះតាង៉ែត ក្បែរផ្ទះពេទ្យ អួកនៅម្តុំផ្លូវមាត់ទន្លេ ទៅផ្សារអង្គរ
3.ទីតាំងខាងក្រោយកាហ្វេ រ៉ូម៉ែន ក្បែរហាងបាយ ភក្តី
_ ស្រុកចិត្របុរី ទីតាំងនៅជិតរបង រោងម៉ាសុីអារឈើចាស់
_ស្រុកឆ្លូង
1.ទីតាំងក្បែរស្ពានព្រែកឆ្លូង ផ្លូវចូលឆ្វេងដៃ
2.ទីតាំងកាហ្វេក្បាលស្ពាន ពង្រ ខាងស្តាំដៃ
_ ស្រុកព្រែកប្រសព្វ
1.ទីតាំងកាហ្វេ ក្បែរស្ពាន សោបលើ ខាងស្តាំដៃ
និងមានជាច្រើនកន្លែងទៀត។ល។
ជុំវិញ បញ្ហាល្បែងស៊ីសង កំពុងតែកើតមានរាយប៉ាយនៅតាមហាងកាហ្វេ,ទីតាំងផ្សេងៗ នៅក្នុងក្រុងក្រចេះ និងតាមមូលដ្ឋានរហូតដល់ទីជនបទ ត្រូវបានមហាជនឡើងថា វាគឺជាដើមចម ដែលនាំឱ្យមានអំពើហិង្សាក្នុងគ្រួសារ និងមានករណីចោរលួច ចោរប្លន់ ដែលបង្កភាពអសន្តិសុខ នៅក្នុងសង្គមផងដែរ។ សំណួរសួរថា តើហេតុអ្វីបានជាល្បែងស៊ីសងតាមអ៊ីនធឺណិត ទាំងនេះអាចដំណើរការទៅបាន? សមត្ថកិច្ចមើលមិនឃើញទេឬ? ពិបាកទទួលយកណាស់ដែលថាសមត្ថកិច្ចមិនដឹងអំពីបញ្ហាល្បែងស៊ីសងតាមអ៊ីនធឺណិតនេះ។ ប៉ុន្តែបើថាសមត្ថកិច្ចនៃយើងទទួលបានលាបសក្ការៈខ្លះខ្លះដែរពីថៅកែល្បែងទាំងនោះ ទំនងជាគេជឿជាង។
ដូច្នេះ ពាក់ព័ន្ធនឹងការបើកលែងល្បែងស៊ីសងខុសច្បាប់ នៅតាមមូលដ្ឋាន ពលរដ្ឋស្នើសុំឲ្យអាជ្ញាធរជាពិសេសលោកស្នងការនគរបាលខេត្ត ក៏ដូចជាសមត្ថកិច្ចជំនាញពាក់ព័ន្ធ ចាត់វិធានការបង្ក្រាបទប់ស្កាត់ ដោយចូលរួមអនុវត្ត តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ភូមិឃុំមានសុវត្ថិភាព៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299