ខេត្តមណ្ឌលគិរី÷ រូបភាពវីដេអូររថយន្ត lexusដឹកឈើចេញពីតំបន់មេម៉ង់មកទម្លាក់នៅក្រុងសែនមនោរម្យ ត្រូវបានចែកចាយបន្តក្នុងបណ្តាញសង្គមនានា ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងចំពោះបញ្ហាមហន្តរាយព្រៃឈើ នៃដែនជម្រកសត្វក្នុងខេត្តមណ្ឌលគិរី។ ប្រភពរាយការណ៍ថា រថយន្ត Lexus នោះ ដឹកឈើតាំងពីមុនចូលឆ្នាំខ្មែរ រហូតដល់ពេលនេះព្រោះអាងអំណាចមន្ត្រីធំនៅខេត្តមណ្ឌលគិរី ដោយគ្មាននរណាហ៊ានប៉ះពាល់។
អភិបាលខេត្តមណ្ឌលគិរី លោកថង សាវុន បានដឹងអំពីមហន្តរាយព្រៃឈើដែលពួកឈ្មួញ កំពុងធ្វើសកម្មភាពដឹកជញ្ជូនរាល់ថ្ងៃចេញ ពីតំបន់អភិរក្សមេម៉ង់នោះដែរឬទេ? សកម្មភាពនៃការដឹកជញ្ជូនឈើរបស់ឈ្មួញម្នាក់នេះត្រូវគេអះអាងថា គ្មាននរណាហ៊ានក្បែរនោះឡើយ។ពីព្រោះលោកមានអំណាចនិងខ្សែរយៈធំខ្លាំងណាស់។ បុរសដែលមានឥទ្ធិពលនិងអំណាចខ្លាំង ដឹកឈើជាន់ផ្អៀង ខេត្តមណ្ឌលគិរីសព្វថ្ងៃនេះមានឈ្មោះហៅក្រៅថាបងឆាយ ។ បងឆាយ អតីតជាមន្ត្រីបម្រើការងារនៅអគ្គិសនីខេត្តមណ្ឌលគិរីដែលត្រូវគេបណ្ដេញ។ បើតាមប្រភពប្រាប់ថា បើទោះបីជាគាត់ដឹក ឈើទាំងថ្ងៃ ក៏គ្មាននរណាហ៊ានសួរនាំ ឬហ៊ានដើរក្បែររថយន្ត Lexus 470 នោះដែរ។
ប្រភពព័ត៌មានបានរាយការណ៍ឲ្យដឹងថា រថយន្តម៉ាក lexus 470 ពាក់ផ្លាកលេខភ្នំពេញ2AB -4126 ដែលមានភិនភាគដូចរូបភាពខាងលើ គេកត់សម្គាល់ឃើញបើកឆ្លងកាត់តាមផ្លូវពូត្រុំ១ថ្ងៃ២ជើង និងពេលខ្លះរហូត ដល់៣ជើងហើយដឹកស្ទើរពេញពី១ខែទៅ១ខែ។ ប្រភពរាយការណ៍ថា សូម្បីតែនៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិកាលពីខែមុននោះ ក៏រថយន្ត១គ្រឿងនេះមិនសម្រាកនោះដែរពោលគឺបន្តដឹកឈើជារៀងរាល់ថ្ងៃ។ រីឯមន្ត្រីមានសមត្ថកិច្ចនៅតាមដងផ្លូវ ជាពិសេសស្ថាប័នជំនាញក៏ត្រឹមតែបានលូកដៃ ទទួលយកលាបសក្ការៈពីឈ្មួញម្នាក់នេះជារៀងរាល់ថ្ងៃនោះដែរ។
ប្រជាពលរដ្ឋរាយការណ៍ថា វាជារថយន្តដឹកបទល្មើសព្រៃឈើចេញពីតំបន់អភិរក្សមេម៉ង់ ឆ្ពោះមកក្រុងសែន មនោរម្យ ដោយយកទៅទម្លាក់នៅទីតាំងផ្ទះមួយកន្លែងដូចឃើញក្នុងរូបភាពនេះ ស្ថិតនៅចំណុចខាងក្រោយវត្តលើ ក្នុងភូមិពូត្រុំ សង្កាត់មនោរម្យ ។ ការដឹកជញ្ជូនឈើត្រូវបានរឹតបន្តឹងនៅក្នុងខេត្តមណ្ឌលគិរី ប៉ុន្តែសម្រាប់រថយន្ត១គ្រឿងនេះត្រូវគេប្រាប់ថា គ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយដោយសារតែគេយកស្បែកខ្លា នៅស្ថាប័នយុត្តិធម៌មកប្រើបាំងពាសពីខាងក្រៅ។ នេះគឺជាអំណាចនិងឥទ្ធិពលរបស់លោកឆាយ ដែលគេអះអាងថា គ្មាននរណាហ៊ានក្អកនោះទេ។ ប្រភពខ្សឹបថា ជារឿយៗលោកឆាយ មានវត្តមាននៅទីតាំងផឹកស៊ីជាមួយអ្នកកាងនោះទៀតផង។
យ៉ាងណាក៏ដោយ គេរំពឹងថា គណៈកម្មការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ នាយឧត្តមសេនីយ៍សៅ សុខា ក៏ដូចជាអភិបាលខេត្តមណ្ឌលគិរី លោកថងសាវុន ដែលជាអ្នកប្រតិបត្តិការនៅនឹងកន្លែង នឹងពិនិត្យមើលករណីបុរសឈ្មោះឆាយនេះឡើងវិញ ពីព្រោះបើអាងទៅ លើសមត្ថភាព មន្ត្រីជំនាញនៅតាមដងផ្លូវពីមេម៉ង់ មកក្រុងសែនមនោរម្យ គ្មាននរណាហ៊ានក្អកជា មួយលោកឆាយនោះទេ។ មិនហ៊ានក្អក ក៏ព្រោះតែបានលាបសក្ការៈបន្តិចបន្តួចផង ជាមួយនឹងការគំរាមកំហែងរបស់លោកឆាយនោះផង។ ប្រជាពលរដ្ឋសង្ឃឹមថា ព្រៃឈើដែលនៅសេសសល់និងនៅបន្តគង់វង្ស៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299