ដើម្បីកុំឱ្យយប់យូរសុបិនច្រើន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធិផលនៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា នៅខេត្តកំពង់ស្ពឺ បានប្រកាសពីចាប់ផ្ដើមបើកការដ្ឋានស្ថាបនា «ព្រែកជីកហ្វូណនតេជោ» នៅខែសីហា ឆ្នាំ ២០២៤នេះ ហើយថា ព្រែកជីកនេះ នឹងក្លាយជាសមិទ្ធផលប្រវត្តិសាស្រ្ដ និងផ្ដល់ឯករាជភាពនយោបាយដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា។
សម្ដេចធិបតីបានថ្លែងថា «កិច្ចការងារនេះ យើងមិនដំអក់ទេ។ ព្រែកជីកនេះ ទៅថ្ងៃមុខ ពេលដែលចាប់ផ្ដើមសាងសង់ និងមានប្រជាជនខ្មែរចូលរួមភាគច្រើន ពិតណាស់ គម្រោងព្រែកជីកនេះ រាជរដ្ឋាភិបាលបានចរចាជាមួយក្រុមហ៊ុនវិនិយោគចិន ដើម្បីក្រុមហ៊ុនទាំងនោះមានបច្ចេកទេស និងទុនវិនិយោគមួយចំនួន ប៉ុន្ដែឥឡូវនេះ រាជរដ្ឋាភិបាលបានចរចា ហើយខ្មែរយើងនឹងមានទុនវិនិយោគភាគច្រើនចំពោះគម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោនេះ»។
សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា «ការបើកការដ្ឋានមិនចាំយូរនាំឱ្យយប់យូរសុបិនច្រើន ស្រមៃច្រើនពេក។ ចង់ឱ្យឈប់ស្រមៃទាល់តែធ្វើតែម្ដង អីចឹងយើងនឹងបើកការដ្ឋាននៅខែ៨ (ខែសីហា) តែម្ដង ដើម្បីស្ថាបនាព្រែកជីកហ្វូណនតេជោនេះតែម្ដង»។
សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែង១៨០គីឡូម៉ែត្រ ត្រូវបានសិក្សាយ៉ាងល្អិតល្អន់ពីក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិចំនួន៤២រូប ទាំងនៅលើដីផ្ទាល់ និងប្រើឧបករណ៍សិក្សាពីលើអាកាស។ ជាលទ្ធផលនៃការសិក្សាបង្ហាញថា គម្រោងដែលមានតម្លៃវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារអាម៉េរិកនេះអាចដំណើរការទៅបានដោយគ្មានបង្កជាផលប៉ះពាល់ដល់បរិស្ថាន ឬលំហូរទឹករវាងទន្លេមេគង្គ និងសមុទ្រនោះទេ ប៉ុន្ដែព្រែកជីកនេះនឹងផ្ដល់ឯករាជភាពការដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា និងផ្ដល់ផលប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច និងសង្គមកម្ពុជាជាវត្តិសាស្រ្ដ៕