ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នឹងមកបំពេញទស្សនកិច្ច នៅកម្ពុជា ដើមខែមិថុនា

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី បានបញ្ជាក់ថា លោក Lloyd Austin រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជានៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

បើតាម​អ្នក​នាំពាក្យ កម្ពុជាកំពុងសម្របសំរួលរៀបចំអោយមានជំនួបរវាង រដ្ឋមន្ត្រីការពារជាតិអាមេរិក ជាមួយថ្នាក់ដឹកនាំកម្ពុជា តាមសំណើរបស់ភាគីអាមេរិក។

ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា-អាមេរិក បាន និងកំពុងត្រូវបានលើកកម្ពស់ នៅក្នុងវិស័យនានាជាច្រើន ។ ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក នឹងជាឱកាសដ៏ល្អមួយទៀត សម្រាប់ប្រទេសទាំងពីរ ក្នុងការជំរុញ បន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។

ដំណើរទស្សនកិច្ចនេះ នឹងប្រព្រឹត្តទៅខណៈកម្ពុជាកំពុងត្រៀមខ្លួនទទួលតួនាទីជាប្រទេស សម្របសម្រួល សម្រាប់ទំនាក់ទំនងកិច្ចសន្ទនា អាស៊ាន-អាមេរិក រយៈពេលបីឆ្នាំ ពីឆ្នាំ ២០២៤-២០២៧ ក្នុងពេលឆាប់ៗនេះ៕