សង្គម

សម្តេចតេជោ ថ្វាយព្រះរាជកុសល ថ្វាយព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ក្នុងខួប ៨ឆ្នាំ នៃការយាងចូលព្រះទិវង្គតរបស់ព្រះអង្គ

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ នេះ គឺជាខួប ទី៨ឆ្នាំ (១៥តុលា ២០១២-១៥តុលា ២០២០)នៃការយាងចូលព្រះទិវង្គត នៃព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ។

ក្នុង​ឱកាសនេះ សម្តេចតេជោ​នាយករដ្ឋមន្រ្តីបានថ្វាយព្រះរាជកុសលថ្វាយព្រះវិញ្ញាណក្ខន្ឋព្រះបរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ សូមស្តេចយាងបដិសន្ឋិក្នុងព្រះបរមសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយ​គ្នា​នេះ ប្រជារាស្រ្តទូទាំងប្រទេស ព្រមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ជាន់ថ្នាក់ សូមសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់និងបូជាព្រះកាយពលដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា៕