ខេត្តកណ្ដាល÷ ល្បែងស៊ីសងច្រើនប្រភេទអាចជាបណ្ដុំ នៃក្រុមយុវជនឈាមរាវ បង្កឲ្យមានបញ្ហាអសន្តិសុខសង្គម។ ហេតុ ដូច្នេះហើយបានជាសម្ដេចប្រមុខរាជរដ្ឋាភិបាល ដាក់បទបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់បង្ក្រាបក្រុមយុវជនដែលប្រមូលផ្ដុំគ្នាទាំងឡាយនោះ។ នោះគឺបង្កឡើងដោយល្បែងស៊ីសង ហើយល្បែងស៊ីសងទាំងនោះគេកំពុងសង្កេតឃើញមានច្រើនប្រភេទនៅក្នុងមូលដ្ឋានភូមិតាពេជ្រ ឃុំក្រាំងយ៉ូវ ស្រុកស្អាង។
ប្រភពរាយការណ៍ថា ក្រៅពីល្បែងអនឡាញភ្នាល់ដូចជាជល់មាន់និងល្បែងឆ្នោតឡូតូ តាមទូរទស្សន៍ ឬកុំព្យូទ័រនោះ ក៏មានកន្លែងបុកប៊ីយែរដែលនៅលាយឡំជាមួយ គ្នានោះ។ យុវជនមួយចំនួនធំ គេចពីការសិក្សា (សាលា) នាំគ្នាមកលេងល្បែងបុកប៊ីយែ និងល្បែងស៊ីសងតាមអ៊ីនធឺណិត នៅភូមិតាពេជ្រ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាលយ៉ាងពពាក់ពពូន។ នៅទីតាំងខាងលើនេះគេសង្កេតឃើញមានយុវជនក្មេងៗជាច្រើន ជិះម៉ូតូចុះ ឡើងចេញពីទីតាំងល្បែងស៊ីសងខាងលើនេះ ដោយមិនខ្លាចរអា សមត្ថកិច្ចមូលដ្ឋាននោះឡើយ។
ប្រភពរាយការណ៍ថា ទីតាំងល្បែងស៊ីសងអនឡាញនិងតុបុកប៊ីយ៉ែនៅក្នុងមូលដ្ឋានខាងលើនេះ ហាក់ដូចជាមានការត្រូវរ៉ូវជាមួយអាជ្ញាធរមូលដ្ឋាន ជាពិសេសលោកមេប៉ុស្តិ៍ក្រាំងយ៉ូវតែម្ដង។ ជារឿយៗពួកក្មេងៗយុវជនទាំងនោះឈ្លោះទាស់ទែងគ្នាវ៉ៃវាយតប់ប្រើអំពើហិង្សាជាញឹកញយ ហើយគេមិនដែលឃើញមន្ត្រីមានសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចុះទៅបង្ក្រាបពួកក្មេងទាំងនោះទេ។ ដូច្នេះហើយប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើមានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពកូនចៅរបស់ពួកគាត់។
ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដែលមានទីតាំងល្បែងស៊ីសង ខាងលើសំណូមពរលោករស់ ចន្ថា អធិការនគរបាល ស្រុកស្អាងមេត្តាណែនាំទៅ លោកមេប៉ុស្តិ៍ក្រាំងយ៉ូវឲ្យពិនិត្យមើលទីតាំងល្បែងស៊ីសង ក្នុងមូលដ្ឋានខាងលើនេះផង។ ពីព្រោះបើយោង ទៅតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ពួកក្មេងៗទាំងឡាយមួយចំនួនកំពុងបង្កបញ្ហាឲ្យប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានភ័យខ្លាចជាខ្លាំង។ ឬមួយក៏លោកមេប៉ុស្តិ៍ក្រាំងយ៉ូវមិនហ៊ានជា មួយពួកក្មេងៗទាំងនោះ?ឬមួយខ្លាចអំណាចឥទ្ធិពលលុយរបស់ថៅកែល្បែងអនឡាញទេដឹង?៕
ដោយ:សុិន ខ្វាន់ឆា
រិទ្ធទំនាក់ទំនងព័ត៌មាន:010840732/061881299