សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជាឱ្យអាជ្ញាធរដែនដី និងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវចាត់វិធានការដោយគ្មានការលើកលែងចំពោះក្រុមក្មេងទំនើង ដែលបង្កអសន្តិសុខនៅក្នុងសង្គមយ៉ាងអនាធិបតេយ្យ។
ថ្លែងក្នុងពិធីប្រកាសផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងពីក្ដីបារម្ភពីបញ្ហអសន្តិសុខដែលកើតចេញពីបញ្ហាក្មេងទំនើងនេះ ព្រមទាំងបានបញ្ជាឱ្យក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ សិក្សាពីផ្លូវច្បាប់លើករណីក្មេងទំនើងមានប្រើប្រាស់ដាវ និងកាំបិទ។ ជាមួយគ្នានេះសម្ដេចថា បញ្ហាក្មេងទំនើងបើសិនជាថ្នាក់ខេត្តទាំងអស់ចង់ដោះស្រាយគឺមិនជាបញ្ហាធ្ងន់ធ្ងរនោះទេ។
សម្ដេចនាយករដ្ឋមន្ត្រីសង្កត់ធ្ងន់ថា «ខ្ញុំសូមដាក់បទបញ្ជាឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ចទាំងអស់ ត្រូវរឹតបណ្តឹងការចាត់វិធានការឱ្យបានម៉ឺងម៉ាត់បំផុតចំពោះក្រុមក្មេងទំនើងទាំងនេះ ទាំងវិធានការរដ្ឋបាលក្នុងការបង្ការទប់ស្កាត់ ទាំងវិធានការអនុវត្តច្បាប់ ដោយគ្មានការបន្ធូរបន្ថយ និងដោយគ្មានការលើកលែង ដើម្បីការពារសណ្តាប់ធ្នាប់សាធារណៈ, សន្តិសុខសង្គម, សេចក្តីថ្លៃថ្នូររបស់សង្គមជាតិ ពិសេស ភាពសុខសាន្តរបស់ប្រជាជនក្នុងសហគមន៍»។
បន្ថែមលើនោះ សម្តេច អំពាវនាវឱ្យស្ថាប័នអយ្យការ និងស្ថាប័នតុលាការ មានវិធានការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ក្នុងការចាត់ការលើសំណុំរឿងពាក់ព័ន្ធករណីក្មេងទំនើងប្រកបដោយការយកចិត្តទុកដាក់ និងការទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ ដើម្បីការការពារសង្គមជាតិ និងភាពសុខសាន្តរបស់ប្រជាជន។
មិនត្រឹមតែដាក់បទបញ្ជាដល់អាជ្ញាធរពាក់ព័ន្ធរឹតបន្តឹងលើករណីក្មេងទំនើងនោះទេ សម្តេចនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យឪពុកម្តាយ អាណាព្យាបាលទាំងអស់ត្រូវខិតខំតាមដាន អប់រំ និងទូន្មានប្រៀនប្រដៅដល់កូនៗ ឱ្យដើរតាមគន្លងត្រឹមត្រូវវៀរចាកនូវអំពើអបាយមុខ ដើម្បីក្លាយជាពលរដ្ឋល្អសម្រាប់សង្គមជាតិ។ សម្តេចចាត់ទុកថា យុវជនទាំងអស់សុទ្ធសឹងតែជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។
«ខ្ញុំសូមអំពាវនាវដល់ក្មួយៗទាំងអស់ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសខ្មែរយើង សូមប្រកាន់ខ្ជាប់នូវវិន័យ សីលធម៌ និងសេចក្តីថ្លៃថ្នូរថ្លៃ ហើយសូមចៀសវាងពីសកម្មភាពទាំងហ្លាយណា ដែលបង្កអន្តរាយដល់ខ្លួន គ្រួសារ និងសង្គមជាតិ»
គួរជម្រាបថា បទបញ្ជារបស់សម្ដេចធិបតីពេលនេះ បន្ទាប់ពីសម្ដេចបានសង្កេតឃើញមានការកើតឡើងជាញឹកញាប់នូវសកម្មភាពក្រុមក្មេងទំនើង ដែលបង្កភាពអនាធិបតេយ្យតាមដងផ្លូវសាធារណៈ ដោយរួមទាំងការប្រព្រឹត្តអំពើហិង្សា និងមានទាំងការប្រើប្រាស់អាវុធ ដូចជាកាំបិត ដាវ ពូថៅ ជាដើម ធ្វើឱ្យប៉ះពាល់ដល់សណ្តាប់សាធារណៈ សន្តិសុខសង្គម ពិសេស ភាពសុខសាន្តរបស់ប្រជាជន៕