អន្តរជាតិ

យន្តហោះក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីមួយជួបប្រទះនឹងភាពចលាចលធ្ងន់ធ្ងរនៅលើអាកាស បណ្តាល​ឱ្យ​អ្នក​ដំណើរ​ស្លាប់ម្នាក់ និង​របួស៧១នាក់

យោងតាមការបញ្ជាក់ពីក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines ​ មនុស្សម្នាក់បានស្លាប់ និង៣០នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Singapore Airlines លេខ SQ321 ធ្វើដំណើរពីទីក្រុងឡុងដ៍ទៅកាន់ប្រទេសសិង្ហបុរីបានជួបប្រទះនឹងភាពចលាចលធ្ងន់ធ្ងរនៅលើអាកាស។

សេចក្តីថ្លែងការណ៍ Singapore Airlines បានឱ្យដឹងនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ថា «យើងអាចបញ្ជាក់បានថាមានអ្នករងរបួស និងស្លាប់ម្នាក់នៅលើយន្តហោះ Boeing 777-300ER ។ មានអ្នកដំណើរសរុបចំនួន ២១១ នាក់ និងនាវិក ១៨ នាក់នៅលើយន្តហោះ។ Singapore Airlines សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដល់ក្រុមគ្រួសារនៃសព»។

យោងតាមសារព័ត៌មានថៃ Khaosod English បានឱ្យដឹងថាយន្តហោះខាងលើ បានស្នើសុំការអនុញ្ញាតឱ្យចុះចតជាបន្ទាន់នៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិក្នុងទីក្រុងបាងកក ហើយបានចុះចតភ្លាមៗនៅម៉ោង ៣:៤៥ នាទី។

ទិន្នន័យពី Flightradar24 បានបង្ហាញថា យន្តហោះនេះកំពុងតែហោះធម្មតាប៉ុន្តែស្រាប់តែធ្លាក់ចុះពីកម្ពស់ ១១គីឡូម៉ែត្រមកនៅត្រឹមជាង ៩គីឡូម៉ែត្រពីដីភ្លាម កម្លាំង​ក្រឡុក​ខ្លាំង​ពេក ​​បានធ្វើ​ឱ្យ​​អ្នក​ដំណើរ​ជា​ច្រើនខ្ទាតទៅ​បុកក្បាល​នឹង​ពិដាន​យន្តហោះ​ ជា​ហេតុធ្វើ​ឱ្យ​មាន​របួស​ធ្ងន់ និង​ស្រាលជា​ច្រើន​សិប​នាក់។ ទូរអាហារ​ កាបូប​វ៉ាលី​ឥវ៉ាន់ ​ប៊ើងរាយប៉ាយ​ពេញ​ផ្ទៃ​យន្តហោះ។ ម៉ាស​អ៊ុកស៊ីហ្សែន បាន​បើក​ធ្លាក់​ពី​ប្រអប់​មក​យ៉ាង​រណេងរណោង។ ​​ហេតុការណ៍​បាន​ជំរុញ​ឱ្យ​យន្តហោះ​ចុះ​ចត​ជា​បន្ទាន់​នៅ​អាកាសយានដ្ឋាន ជិត​បំផុត​គឺ​​សុវណ្ណភូមិ​​ក្រុង​បាងកក៕