សង្គម

ឃាត់ខ្លួនសង្ឃក្លែងក្លាយ១១នាក់ កំពុងរៀបជិះឡានចេញទៅធ្វើសកម្មភាពនៅតាមខេត្ត

អធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនសង្ឃ​ក្លែងក្លាយ​ចំនួន​១១នាក់​និង​អ្នក​បើក​បរ​រថយន្ត​​១នាក់​បន្លំ​ខ្លួន​ជា​ព្រះ​សង្ឃ​និមន្ត​បិណ្ឌ​បាត​តាម​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ពោធិ៍​សែនជ័យ​ខណៈកំពុងត្រៀមខ្លួនទៅធ្វើសកម្មភាពនៅតាមខេត្តទៀត។ ការឃាត់ខ្លួនព្រះសង្ឃខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ២១ និង ៤០ នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ នេះបើតាមវរសេនីយ៍ទោ ម៉ន វុធី អធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​។

ជនទាំង១១នាក់ត្រូវពលរដ្ឋកត់សម្គាល់ថាតែងតែចេញធ្វើសកម្មភាព ដោយយកស្បង់ចីពររបស់ព្រះសង្ឃមកស្លៀក ក្លែងជាព្រះសង្ឃដើរបិណ្ឌបាតយកប្រាក់ពីប្រជាពលរដ្ឋ។ ខណៈនៅយប់ថ្ងៃទី១៩ខែឧសភាពួកគេកំពុងនាំគ្នាជិះរថយន្តមួយគ្រឿង ម៉ាកតូយ៉ូតាហាយលែនឌ័រ (TOYOTA HIGHLANDER) ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ2BC-6480 ដើម្បីចេញទៅដើរសកម្មភាព តាមខេត្តផ្សេងៗ ប៉ុន្តែត្រូវជាប់ខ្នោះសមត្ថកិច្ចតែម្ដង។

វត្ថុតាងរឹបអូសបានរួមមាន រថយន្ត​ចំនួន​០១គ្រឿង​ បាតសម្រាប់​ដាក់​បាយ​ចំនួន​០៤ ម្សៅ​ស​ក្រាម​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១បំពង់​ទុយយោ​ស្បង់ចីពរ​មួយ​ចំនួន​ និង​សម្ភារៈនានា​មួយ​ចំនួន​ទៀត​។

បច្ចុប្បន្ន​ជន​សង្ស័យ​ត្រូវ​កម្លាំង​នគរបាល​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែនជ័យ​ឃាត់​ខ្លួន​ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕