សង្គម

ក្រសួងសុខាភិបាលហាមមិន​ឲ្យទិញ​​​ឱសថ ឧបករណ៍បរិក្ខាពេទ្យ និង​សារធាតុ​សម្លាប់​មេរោគ តាម​អនឡាញ

ក្រសួងសុខាភិបាល​កម្ពុជា បាន​ឲ្យដឹង​នៅ​ក្នុង​សេចក្តីជូនដំណឹង​របស់​ខ្លួន​​ចេញផ្សាយ​កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ​២០២០​ថា ស្របពេល​ដែល​ពិភពលោក ក៏​ដូចជា​ប្រទេស​កម្ពុជា​កំពុង​មាន​ករណីជំងឺកូវីដ​១៩កើន​ឡើង​ជា​បន្ត​បន្ទាប់ ក៏​មាន​គណនី​ហ្វេស​ប៊ុក​ជា​ច្រើន កំពុង​ឆ្លៀត​ឱកាស​ផ្សព្វផ្សាយ​លក់​ឱសថ ឧបករណ៍​បរិក្ខា​ពេទ្យ និង​សារធាតុ​សម្លាប់​មេរោគ​យ៉ាង​អនាធិបតេយ្យ ដូចជា​ម៉ាស់ ឧបករណ៍​វាស់​សីតុណ្ហភាព អាល់កុល ជែល និង​សារធាតុ​សម្លាប់​មេរោគ​ជាច្រើន​ប្រភេទ​ទៀត​គ្មាន​លេខ​បញ្ជិកា ឬ​លេខ​ប្រវេទន៍​ពី​ក្រសួងសុខាភិបាល​ឡើយ។

ជាមួយ​គ្នា កន្លងមក​ក្រសួង​សុខាភិបាល​បាន​ទិញ​អាល់កុល ក៏​ដូចជា​សារធាតុ​សម្លាប់​មេរោគ​មួយ​ចំនួនដែល​លក់​តាម​ប្រព័ន្ធអនឡាញ​មក​ពិនិត្យ​គុណភាព​ឃើញថា អាល់​កុល ឬ​សារធាតុ​សម្លាប់​មេរោគ​ទាំងនោះ​ភាគ​ច្រើន​ជា​ផលិតផល​ដែលមាន​គុណភាព​មិន​ត្រឹម​ត្រូវ​តាម​បទដ្ឋានបច្ចេកទេស ឬក្លែង​បន្លំ ដូចជា​អាល់កុល​ខ្លះជាមេតាណុល​សុទ្ធសាធ ឬមេតាណុល​លាយជាមួយ​អេតាណុល។ អាល់កុល​ដែលមាន​គុណភាព​សម្លាប់​មេរោគ ជា​ប្រភេទ អេតាណុល (៦០%-៨០%)​​ ចំពោះ​សារធាតុ​មេតាណុល​មិន​ត្រូវ​បាន​គេ​ប្រើប្រាស់​សម្រាប់​សម្លាប់​មេរោគ​ឡើយ ដោយ​សារធាតុ​នេះ​គ្មាន​សកម្មភាព​សម្លាប់​មេរោគ​ទេ ហើយ​សារធាតុ​នេះ​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់អាយុជីវិត​ទៀតផង។

អនុលោម​តាម​ច្បាប់​ស្តីពី​ការ​គ្រប់គ្រង​ឱសថ និង​ច្បាប់ស្តីពី​វិសោធនកម្ម​ច្បាប់ ស្តីពី​ការ​គ្រប់គ្រង​ឱសថ ក្រសួងសុខាភិបាលសូម​ជម្រាបជូន​សាធារណជនថា ៖

១.ការ​លក់​ឱសថ ឧបករណ៍​បរិក្ខា​ពេទ្យ និង​ប្រតិករ​ត្រូវ​មាន​លេខ​ប្ឆិកាពី​ក្រសួង​សុខាភិបាល ហើយ​តម្រូវ​ឲ្យ​លក់​នៅ​តាម​ឱសថស្ថាន និង​ឱសថស្ថានរងស្របច្បាប់ គឺមិន​អនុញ្ញាត​ឲ្យ​លក់​តាម​ប្រព័ន្ធអនឡាញឡើយ។

២.ការ​លក់​គ្រឿង​សំអាង​គ្រប់ប្រភេទ​ត្រូវ​មាន​លេខ​ប្រវេទន៍​ពី​ក្រសួងសុខាភិបាល។

៣.ការ​ផ្សព្វផ្សាយ​ឱសថ ឧបករណ៍​បរិក្ខា​ពេទ្យ ប្រតិករ និង​គ្រឿង​សម្អាង​គ្រប់ប្រភេទ ត្រូវ​មាន​ការ​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល ដើម្បី​ពិនិត្យ​ខ្លឹម​សារផ្សព្វផ្សាយ​ឲ្យ​មាន​លក្ខណៈត្រឹម​ត្រូវ​តាម​ឯកសារ​វេជ្ជសាស្រ្ត ឱសថសាស្រ្ត និង​ទន្តសាស្រ្ត៕