(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ ក្រសួងធនធានទឹក និងឧតុនិយមបានចេញសេចក្តីជូនព័ត៌មាន ដោយបញ្ជាក់ថា ប្រព័ន្ធសម្ពាធទាប នឹងបន្តលាតសន្ធឹងនៅលើប្រទេសកម្ពុជា ចំណែកឯនៅលើសមុទ្រចិនខាងត្បូង ក៏បានកើតព្យុះទី១៦ (Tropical Storm) ឈ្មោះណាងកា (NANGKA) ហើយតាមការព្យាករព្យុះនេះ នឹងចូលឈូងសមុទ្រតុងកឹង ឆ្លងកាត់ហៃណាំ មុននឹងចូលដល់ភាគខាងជើងវៀតណាមនៅថ្ងៃទី ១៥ ខែតុលា។
បន្ទាប់ពីនោះក្នុងរង្វង់ថ្ងៃទី ១៦-១៧ ព្យុះថ្មីមួយទៀត នឹងកើតឡើង ដែលរាប់ថាជាព្យុះទី ១៧ ឈ្មោះសូដែល (SAUDEL) ដែលមានកម្លាំងខ្លាំង។ តាមការរំពឹងទុកព្យុះនេះ នឹងចូលប្រទេសវៀតណាម ត្រង់ចំណុច គីញើន (Qui Nhon) រួចបន្ថយឥទ្ធិពលជាបន្តបន្ទាប់ ដោយបន្តឆ្លងកាត់ចូលកម្ពុជា តាមខេត្តរតនគីរីនាថ្ងៃទី ១៨-១៩ ក្នុងកម្លាំងជាវិសម្ពាធ និងសម្ពាធទាប។
ក្រសួងធនធានទឹក បានបញ្ជាក់ថាស្ថានភាពបែបនេះធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្ដាល អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយក្នុងកម្រិតបរិមាណ ពីតិចទៅបង្គរ និងនៅថ្ងៃទី ១៨-១៩ ខែតុលាបណ្តាលខេត្តនៅវាលទំនាបមួយចំនួន ពិសេសនៅភាគពាយ័ត្យ និងភាគខាងជើង នឹងអាចមានភ្លៀងពីបង្គួរទៅច្រើន។
ចំណែកឯបណ្តាខេត្តដាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីមធ្យមទៅបង្គួរ និងតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតបរិមាណពីមធ្យម ទៅបង្គួរ។
ជាមួយគ្នានោះ ក្រសួងធនធានទឹក បានបញ្ជាកថា នៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងធ្លាក់ច្រើនលាយឡំខ្យល់បក់បោក និងរលកសមុទ្រខ្ពស់ៗ។
តាមរយៈការព្យាករណ៍អាកាសធាតុខាងលើ ក្រសួងធនធានទឹក បានអំពាវនាវដល់ប្រជាពលរដ្ឋ បន្តប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់ កន្ត្រាក់ ជាពិសេសប្រជាពលរដ្ឋ ដែលរស់នៅទីទំនាបក្បែរផ្លូវទឹកជាប់តំបន់ភ្នំ និងជួរភ្នំ សូមប្រុងប្រយ័ត្នចំពោះជំនន់ទឹកភ្លៀង ចាប់ពីថ្ងៃទី ១៨-២០ ខែតុលា។
ជាមួយគ្នានោះ អ្នកនេសាទ និងអ្នកដំណើរសមុទ្រ ក្រសួងក៏ទទូចឲ្យប្រុងប្រយ័ត្ន ចំពោះភ្លៀងធ្លាក់ច្រើនលាយឡំខ្យល់បក់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ ចាប់ពីថ្ងៃទី ១៦-២០ ខែតុលា៕