សង្គម

កម្មករ​ក្រុមហ៊ុន​ស៊ិនទ្រីជាង​៣រយនាក់ ចូលធ្វើ​ការងារ​វិញ​នៅ​ថ្ងៃនេះ

(ភ្នំពេញ)៖ បុគ្គលិកប្រមូលសំរាមដែលជាអ្នកបោសសំអាតលើដងផ្លូវ និងអនាម័យខាងអូសរទេះ ចំនួនជាង៣០០នាក់បានយល់ព្រមចូលបម្រើ​ការងារវិញនៅព្រឹកថ្ងៃទី១០ ខែតុលានេះ បន្ទាប់ពី​បាន​ជួបសំណេះសំណាល​ជាមួយ​​លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ នៅវិទ្យាស្ថានជាតិអប់រំ ជិតវិមានឯករាជ្យ។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលរាជធាំនីភ្នំពេញ បានថ្លែងថា នៅព្រឹកមិញនេះ កម្មករប្រមូលសំរាមរបស់ក្រុមហ៊ុន ស៉ីនទ្រី ចំនួនជាង៣០០នាក់បានចូលបម្រើការងារវិញហើយ ហើយ​ជាមួយ​គ្នា​នេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នៅតែអំពាវនាវដល់កម្មករដែលនៅសេសសល់ សូមបន្តចូលបម្រើការងារវិញ តាមការបង្គាប់របស់ក្រុមបឹក្សាអាជ្ញាកណ្តាល។

យ៉ាងណាក៏ដោយ បើ​តាម​ការ​បញ្ជាក់របស់​លោក ម៉េត មាសភក្តី ថា ក្នុងដំណាក់កាលអន្តរកាលនេះ កម្លាំងអាជ្ញាធរខណ្ឌទាំង១៤ នៅតែបន្តចេញប្រមូលសំរាមក្នុងភូមិសាស្ត្ររៀងៗខ្លួន ដើម្បីកុំឲ្យមានគរពាសពេញដងផ្លូវ ប៉ះពាល់ដល់ការរស់នៅរបស់ប្រជាពលរដ្ឋ។

គួរ​បញ្ជាក់ដែរថា កាលពី​ថ្ងៃទី៩ តុលា ម្សិលមិញ ក្រុមប្រឹក្សាអាជ្ញាកណ្ដាល បានចេញលិខិតបញ្ជាឲ្យកម្មករនិយោជិតក្រុមហ៊ុន ស៉ីនទ្រី ផ្អាកការធ្វើកូដកម្មជាបន្ទាន់ រហូតដល់នីតិវិធីនៃអាជ្ញាកណ្ដាលត្រូវបញ្ចប់សព្វគ្រប់តាមផ្លូវច្បាប់ ហើយ​បានបញ្ជាឲ្យកម្មករក្រុមហ៊ុន ស៉ីនទ្រី ត្រូវចូលធ្វើការងារវិញ ចាប់ពីរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០នេះ តាមវេនរៀងៗខ្លួន៕