សង្គម

សង្វៀនមាន់នៅស្រុកពេជ្រាដាបន្ថែមថ្ងៃលេង. . សុក្រ, សៅរ៍,អាទិត្យ…អត់ខ្វល់ចំពោះនរណា

ខេត្តមណ្ឌលគិរី÷ នៅវេលាថ្ងៃត្រង់រហូតដល់រសៀលក្រុមអ្នកជល់មាន់នៅស្រុកពេជ្រដាខេត្តមណ្ឌលគិរី និងត្រូវជួបជុំគ្នាតាមកាលកំណត់ ដោយមិនញញើតចំពោះសមត្ថកិច្ចអ្វីឡើយពី ព្រោះថា ដំណើរការល្បែងស៊ីសងជល់មាន់នេះ សូម្បីលោកអភិបាលស្រុកក៏ចូលចិត្តដែរ។ រហូតដល់ម៉ោង ជាង១១ថ្ងៃសុក្រនេះ ក្រុមអ្នកជល់មាន់បានចេញដំណើរទៅរកគោលដៅទីតាំងរបស់ខ្លួនជាបណ្ដើរៗហើយ។ ថ្ងៃ នេះគេរាយការណ៍ថា ការជល់មាន់និងដំណើរការនៅក្នុងចំការម្រេចមួយកន្លែង។ ថ្ងៃស្អែកនឹងត្រូវប្ដូរទៅចំការកៅ ស៊ូវិញ. និងបន្តដល់ថ្ងៃអាទិត្យត្រូវប្ដូរមួយកន្លែងទៀត។

គេរាយការណ៍ថា សង្វៀនមាន់នៅតែចល័តបន្តដំណើរ ការជាធម្មតា តាមចំការ កៅស៊ូ,ចំការម្រេច,ចំការស្វាយ ចន្ទី…របស់ពលរដ្ឋនៅឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្ត មណ្ឌលគិរី ដែលប្រការនេះទាមទារឲ្យលោកឡោ សុខា ស្នងការនគរបាលខេត្ត មណ្ឌលគិរី មើលការដឹកនាំរបស់លោកផ្លង ជំនិត អធិការនគរបាលស្រុកពេជ្រាដានោះផង។ អ្នកភូមិបានឱ្យដឹងថា ក្រៅពីពលរដ្ឋធម្មតា ក៏មានថ្នាក់ដឹកនាំស្រុកជាអ្នកចូលចិត្តលេងល្បែងស៊ីសងជល់ មាន់នេះដែរ។ ក្រុមអ្នកជួលមាន់ទាំងនោះហាក់ដូចជាមិនខ្វល់ចំពោះបញ្ហាប្រឈមផ្លូវច្បាប់ឡើយ។ ពីព្រោះតែថៅកែសង្វៀន ខាងខ្នងបង្អែកជាអាជ្ញាធរ និងសមត្ថកិច្ចស្រុកនេះតែម្ដង។

អ្នកភូមិខ្សិបថា សង្វៀនជល់ចល័តចុះឡើងកំពុងញាំញីអង្រួនជីវភាព រស់នៅប្រជាពលរដ្ឋនៅទីប្រជុំជនប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា ។ អ្នកភូមិថា ល្បែងជល់មាន់នៅក្នុងស្រុកពេជ្រាដា ជាពិសេសនៅទីប្រជុំជនប៊ូស្រា ហាក់ដូចជាគ្មានខ្លាចច្បាប់ទម្លាប់របស់ប្រទេសជាតិនោះឡើយ។ មិនតែប៉ុណ្ណោះអាជ្ញាធរថ្នាក់ស្រុក ត្រូវពលរដ្ឋមើលឃើញថា ជាអ្នកដើមភ្លើងឲ្យមានវង់ល្បែងស៊ីសងនោះទៅវិញ។ លោកអភិបាលស្រុក ក៏ដូចជាអធិការស្រុក..ជិះរថយន្តវិលចុះឡើងនៅទីប្រជុំជនប៊ូស្រា គឺដើម្បីហៅគ្នីគ្នាទៅជល់មាន់ មិនមែនមើលបញ្ហាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនោះទេ ។ លោកអធិការផ្លង ជំនិត ជិះរថយន្តហ្វតពណ៌ស ដើម្បីហៅគ្នីគ្នាទៅលេងមាន់តែប៉ុណ្ណោះ។ ទាំងចៅហ្វាយស្រុក វណ្ណា ម៉ាប់និងអធិការស្រុក ផ្លង ជំនិត..បានប្រយោជន៍ច្រើនពីសង្វៀន ជល់មាន់គឺបានលេងខ្លួនឯងផង និងបានលុយពីម្ចាស់សង្វៀនផង។

ប្រភពខ្សឹបខ្សៀវពីប្រជាពលរដ្ឋក្នុងមូលដ្ឋានបានឲ្យដឹងថា លោកវណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដា ក៏ជាអ្នក មាននិស្ស័យលើវិស័យបក្សីកីឡានេះដែរ។ ថ្មីៗនេះលោកអភិបាលស្រុកត្រូវគេខ្សឹបតៗគ្នាថា ឈ្នះប្រាក់ពីសង្វៀនជល់មាន់ ប្រមាណ៣លានរៀល គ្រាន់បានផឹកស្រាមួយល្ងាចដែរ។ ដោយសារតែលោកអភិបាលស្រុក ចូលចិត្តយ៉ាងនេះហើយ ទើបបានជាមន្ត្រីផ្សេងទៀតរួម លោកផ្លុង ជំនិតអធិការស្រុកនិងលោកមេប៉ុស្តិ៍នាំគ្នាដង្ហែរ តាម លោកចៅហ្វាយស្រុក។ បើគ្មានការបើកភ្លើងខៀវគប់គិតពីអាជ្ញាធរមានសមត្ថកិច្ច ពោលគឺមន្ត្រីនគរបាលទេនោះ ពួកគេមិនអាចបើកសង្វៀនជល់មាន់និងលេង ល្បែងស៊ី សងគ្រប់ប្រភេទបានតាមអំពើចិត្តដូចសព្វថ្ងៃនេះទេ។ នៅព្រឹកថ្ងៃទី២៤ ខែមីនា គេរាយការណ៍ថា សង្វៀនជល់ មាន់បានចាប់ផ្ដើមនៅម៉ោង៨ ក្នុងចម្ការម្រេច១កន្លែង។

ប្រភពប្រាប់ថា ដើម្បីសុវត្ថិភាពជៀសវាងការបែកធ្លាយរូបភាពផ្សេងៗចេញពីសង្វៀនជល់មាន់ សមត្ថកិច្ចបានស្នើសុំ មិនអនុញ្ញាតឲ្យអ្នកចូល ក្នុងសង្វៀនជល់មាន់យកទូរសព្ទដៃដើម្បីថតរូបភាពទៅជាមួយនោះឡើយ។ គេនិយាយថា គឺដើម្បីសុវត្ថិភាពទាំងអស់គ្នា។ ដូច្នេះមិនអាចមាននរណា ថតរូបភាពលេងជល់មាន់ឬទីតាំងជល់ មាន់នោះបានទេ។ យ៉ាងណាក៏ដោយគេបង្ហើបថា យ៉ាង ហោចណាស់ទីតាំងសម្រាប់ចូលមាន់មាន៣ កន្លែងគឺនៅតាមចំការកៅស៊ូ,ចំការស្វាយចន្ទីនិងចម្ការម្រេច។

មន្ត្រីមានសមត្ថកិច្ច នៅសាលាស្រុកពេជ្រជ្រាដាមួយរូបនិយាយថា បញ្ហាសង្វៀនមាន់ក៏ដូចជាល្បែងស៊ីសងនៅតាមផ្ទះរបស់អ្នកភូមិក្នុងតំបន់ប៊ូស្រា គេទទួលស្គាល់ថាមានការកើនឡើងគួរឲ្យកត់សម្គាល់ មួយរយៈចុងក្រោយ នេះ។ ប្រសិនបើគ្មានការត្រូវរ៉ូវពីអាជ្ញាធរមានសមត្ថកិច្ច ទីនោះទេ ពួកអ្នកលេងល្បែងទាំងនោះ ពិតជាមិនអាចដំណើរការបានដោយងាយស្រួលនិងជាចំហដូចសព្វថ្ងៃនេះឡើយ។ ដូច្នេះប្រជាពលរដ្ឋស្នើសុំ លោកឡោ សុខាស្នងការនគរបាលខេត្តមណ្ឌលគីរីពិនិត្យមើលរបៀបរបបការងារលោកផ្លង ជំនិត អធិការស្រុកពេជ្រាដាដែលទើបឡើងកាន់តំណែងថ្មីនេះផង៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299