ខេត្តព្រះសីហនុ ៖ រឿងរ៉ាវគួរឲ្យភ្ញាក់ផ្អើលមួយ នៅឯវិទ្យាល័យវាលរេញ ខេត្តព្រះសីហនុចំពោះករណីសិស្សពីរនាក់មិនត្រូវបានអនុញ្ញាតឲ្យប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ និងករណីដែលលោកអនុប្រធានមន្ទីរបើកកិច្ចប្រជុំប្រើសំឡេងឮៗខ្លាំងៗធ្វើឲ្យគ្រូបង្រៀនម្នាក់ភ័យតក់ស្លុតរហូតសុំច្បាប់សម្រាក១រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ។
នៅក្នុងលិខិតមួយច្បាប់របស់លោកគ្រូឡាយ ប៉ូ បង្រៀននៅវិទ្យាល័យវាលរេញ ស្រុកព្រៃនប់ខេត្តព្រះសីហនុបានឲ្យដឹងថា ដោយសារតែបញ្ហាសិស្សពីរនាក់ មិនត្រូវបានអនុញ្ញាតឲ្យប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ ក៏មានចម្រូងចម្រាស់ រហូតដល់មន្ទីរអប់រំកោះប្រជុំនៅឯ សាលារៀនតែម្ដង។ កិច្ចប្រជុំនៅថ្ងៃទី១៦ ខែឧសភាដឹក នាំដោយ លោកម៉ី សេងលាភ អនុប្រធានមន្ទីរអប់រំ ខេត្តព្រះសីហនុ ប្រើសំឡេងខ្លាំងៗបានធ្វើឲ្យលោកគ្រូឡាយ ប៉ូ ភ័យតក់ស្លុតរហូតមានជំងឺដែលមិនអាចមកបង្រៀនបាននៅរសៀលថ្ងៃទី១៧ ខែឧសភានេះ។
ពាក់ព័ន្ធនឹងករណីសិស្សពីរនាក់ មិនត្រូវបានអនុញ្ញាតឲ្យប្រឡងសញ្ញាបត្របាក់ឌុបនោះ ក្រសួងអប់រំ យុវជន និងកីឡា បាននិងកំពុងពិនិត្យភាពមិនប្រក្រតី នៅវិទ្យាល័យ ហ៊ុន សែន វាលរេញ ដែលបណ្តេញសិស្សមិនអនុញ្ញាតឲ្យប្រឡងបាក់ឌុបនោះហើយ ។
អ្នកនាំពាក្យក្រសួងអប់រំ យុវជននិងកីឡា នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ តាមប្រព័ន្ធតេឡេក្រាមលោកស្រី ឃួន វិច្ឆិកា បានបញ្ជាក់យ៉ាងដូច្នេះថា៖«ករណីនេះ ក្រសួងអប់រំ យុវជន និងកីឡាបានទទួលព័ត៌មានហើយ និងកំពុងពិនិត្យសិក្សាលម្អិត»។
គួរបញ្ជាក់បន្ថែមថា ការបញ្ជាក់យ៉ាងខ្លីរបស់អ្នកនាំពាក្យក្រសួងអប់រំនេះ បន្ទាប់ពីគណនេយ្យហ្វេសប៊ុនឈ្មោះ ឡាយ ប៉ូ អះអាងជាគ្រូបង្រៀននៅវិទ្យាល័យ ហ៊ុន សែន វាលវេញយ៉ាងដូច្នេះថា «បំរើការជាគ្រូបង្រៀននៅវិទ្យាល័យហ៊ុន សែន វាលរេញ នេះ២០ឆ្នាំ ខ្ញុំជួបរឿងប្លែកៗ ។ ឆ្នាំទី២១នេះ ប្លែកខ្លាំងតែម្ដង គឺមានសិស្សថ្នាក់ទី១២ចំនួន២រូប ត្រូវបានគេដកបេក្ខភាពមិនឱ្យប្រឡងថ្នាក់ជាតិ តាំងពីមុនចូលឆ្នាំខ្មែរវ៉ាកងតូចទៅទៀតយ៉ាងស្ងាត់ៗគ្មានអ្នកដឹង ។ ករណីនេះ ខ្ញុំទើបតែដឹងព្រឹកមិញ ដោយសារអតីតសិស្សម្នាក់បង្ហើបប្រាប់» ។
លោកគ្រូ ឡាយ ប៉ូ បានសរសេរបញ្ជាក់ថា «តាមខ្ញុំដឹង សិស្សទាំង២នាក់ឈ្មោះ លី ប៊ុនលាង និង ធន់ សាន បានរៀននិងប្រឡងប្រចាំខែ និងឆមាសជាប់ជាបន្ត បន្ទាប់នៅថ្នាក់ទី១០និងទី១១ ហើយឆ្នាំនេះចូលរៀនថ្នាក់ទី១២fជាប់លាប់រហូតដល់ពេលវ៉ាកងតូច ។ ការដកបេក្ខភាពនេះ មិនមែនធម្មតាទេ ឮថា មិនឱ្យគ្នាប្រឡងបាក់ឌុប៣ឆ្នាំឯណោះ ដោយមូលហេតុពួកគេគ្មានសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ(ឌីប្លូម)។
ក្រោយដឹងរឿងនេះ ខ្ញុំឆ្ងល់អើយសែនឆ្ងល់ថា ហេតុអីបានជាពួកគាត់អាចចូលរៀនបានដូចគេដូចឯង ដែលជាប់ឌីប្លូមពីរបីឆ្នាំកន្លងទៅនេះនៅថ្នាកទី១០,១១និង១២? ហើយបើជ្រុលជាបែបនេះទៅហើយ ហេតុអីមិនឱ្យគាត់មានឈ្មោះប្រឡងថ្នាក់ជាតិនឹងគេទៅ? អស់លោក មានបានគិតអ្វើល្អជាងនេះទេ?។
ជាមួយគ្នានេះផងដែរ លោកគ្រូបានស្នើឲ្យក្រសួងអប់រំជួយដោះស្រាយករណីផងដែរ ។ លោកគ្រូសរសេរយ៉ាងដូច្នេះថា «ខ្ញុំចង់ឱ្យក្រសួងដោះស្រាយឱ្យពួកគាត់ឱ្យសមរម្យ ដើម្បីឱ្យមានទំនួលខុសត្រូវនឹងមន្ត្រីពាក់ព័ន្ធគឺថា បើដាក់ទោសត្រូវដាក់ឱ្យយុត្តិធម៌ ទាំងមន្ត្រីពាក់ព័ន្ធផង កុំឱ្យពលរដ្ឋចំអកថា ធ្វើការយកតែល្អមើល។ គួរមិនគួរ សុំអភ័យទោសផង ព្រោះខ្ញុំអាណិតសិស្ស» ។
បើតាមលិខិតរបស់លោកគ្រូមួយច្បាប់បង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកបានសុំច្បាប់១រសៀលដោយមូលហេតុថាពេលកិច្ចប្រជុំកន្លងមកនេះ អនុប្រធានមន្ទីអប់រំ យុវជន និងកីឡាខេត្តព្រះសីហនុបានគំហក និងសម្លុតលោកផងដែរ ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299