សង្គម

អំណាចលុយប៉ែន ចឹក ចាក់ដីលុបខ្ពបលើដីអត់ប្លង់របស់ខ្លួនក្រោមការជួយជ្រោមជ្រែងរបស់អាជ្ញាធរ

ខេត្តកំពង់ចាម÷ ដីអត់ប្លង់មួយកន្លែងដែលជាប់នឹងមាត់ខ្ពបស្ថិតក្នុងភូមិទី៥ ឃុំព្រែកតានង់ ស្រុកកោះសូទិន ខេត្តកំពង់ចាមកំពុងដំណើរការចាក់ដីលើផ្ទៃប្រមាណទទឹង 30 ម៉ែត្រនិងបណ្ដោយជាង 50 ម៉ែត្រប្រយោជន៍ដើម្បីទុកចតឡាន។ អាជ្ញាធរមូលដ្ឋានឃុំ និងស្រុកហាក់ដូចជាមានចេតនាជួយឲ្យដំណើរការ ចាក់ដីលុបខ្ពបនេះបាន សម្រេចតាមផែនការពីព្រោះថា ប៉ុន្មានឆ្នាំកន្លងមកមិនមានទឹកទន្លេចូលទៅក្នុងតំបន់នោះទៀតទេ។

លោកប៉ែន ចឹក ដែលអះអាងថារស់នៅរាជធានីភ្នំពេញបានចាក់ដីច្រើនឡាន ប្រយោជន៍ដើម្បីទុកចតរថយន្តបញ្ជាក់អំពីភាពស្របច្បាប់នៃការចាក់ដីនោះថាទទួលបានការដឹងឮ និងអនុញ្ញាតពីអាជ្ញាធរមូលដ្ឋានភូមិ,ឃុំ, ស្រុករួចហើយ។ ប៉ុន្តែ មិនមានលិខិតស្នាមផ្លូវការណា មួយយកមកបង្ហាញ អះអាងឲ្យជឿទុកចិត្តនោះទេ។ រីឯអាជ្ញាធរមូលដ្ឋានឃុំរុញ  ពីមួយទៅមួយដោយរង់ចាំឲ្យថ្នាក់ក្រោមចុះទៅមើលបន្ថែមទៀត។ អភិបាលស្រុកក៏ហាក់ដូចជាមិនដឹងមិនឮ ចំពោះករណីដែលបានកើត ឡើងនេះដែរដោយសំអាងថាជាប់រវល់។

លោកប៉ិញ សុខឃាង មេឃុំព្រែកតានង់ស្រុកកោះសូទិនបានអះអាងតាមទូរសព្ទថា លោកបានឲ្យជំទប់ ចុះទៅមើលនៅទីនោះហើយ ។ ប៉ុន្តែមិនប្រាកដអំពីបញ្ហាច្បាប់ ទម្លាប់នោះទេ ពីព្រោះខ្លាចក្រែងគេដាក់តាមច្រកចេញ- ចូលតែមួយ។ យ៉ាងណាក៏ដោយលោកមេឃុំបញ្ជាក់ថានឹងបញ្ជូន ឲ្យមន្ត្រីនៅក្នុងសាលាឃុំចុះទៅពិនិត្យមើលម្ដងទៀត ។ 

ជាមួយគ្នានេះដែរ លោក យី វណ្ណៈ អភិបាលស្រុកកោះ សូទិន ក៏មិនបានដឹងអំពីបញ្ហាដែលបាននិងកំពុងកើត ឡើងនៅក្នុងមូលដ្ឋានភូមិទី៥ឃុំព្រែកតានង់នោះដែរ។ លោកអភិបាលស្រុកថា កំពុងជាប់រវល់ប្រជុំ ដូច្នេះមិនអាចរំលឹកសាច់រឿងឲ្យបានដឹងជ្រៅជ្រះនោះទេ។

ប្រជាពលរដ្ឋរិះគន់អាជ្ញាធរមូលដ្ឋានថា បណ្ដោយឲ្យឈ្មួញមានលុយចាក់ដីប៉ុនប៉ងរំលោភលើដីសាធារណៈរបស់រដ្ឋ។ គេមើលឃើញថានេះជាគំរូអាក្រក់មួយដែលអាជ្ញាធរ មិនគួរបណ្តែតបណ្ដោយឲ្យមានការរំលោភ បំពានដីសាធារណៈបែបនេះឡើយ។ ដូច្នេះប្រជាពលរដ្ឋសំណូមពរឲ្យអាជ្ញាធរស្រុកកោះសុទិន ជាពិសេសលោកអភិបាលខេត្តកំពង់ចាម អ៊ុន ចាន់ដា ពិនិត្យមើលករណីដែលកំពុងកើតឡើងនេះផង៕

ដោយ:សុិន ខ្វាន់ឆា

ទំនាក់ទំនងផ្ដល់ព័ត៌មាន:010840732/061881299