ខេត្តមណ្ឌលគិរី÷បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា បុរសម្នាក់ដែលជាអ្នករកស៊ីដឹកឈើយ៉ាងសកម្មនៅខេត្តមណ្ឌលគិរីបានត្រឡប់មកប្រកបរបររកស៊ីដឹកឈើវិញហើយ។ មួយ រយៈពេលកន្លងមកនេះ សកម្មភាពរបស់គាត់ហាក់ដូច ជាមានការកើនឡើងទ្វេដង បើប្រៀបធៀបទៅនឹងការរកស៊ីលើកមុនៗ។ គេមិនដឹងថា ហេតុអ្វីបានជាអាជ្ញាធរមានសមត្ថកិច្ច មិនបង្ក្រាបរបស់រកស៊ីខុសច្បាប់របស់បុរសម្នាក់នេះ។ ប្រភពបានបន្ថែមថា ការដឹកជញ្ជូនឈើរបស់ឈ្មួញម្នាក់នេះ ធ្វើឡើងជាចំហរៀងរាល់យប់។
បុរសម្នាក់ដែលជាឈ្មោះរកស៊ីដឹកជញ្ជូនឈើ ឈ្មោះលោកទូ ។ កាលកំឡុងចុងខែមេសាកន្លងទៅសមត្ថកិច្ចបានចាប់រថយន្តដឹកឈើរបស់លោកទូម្ដងហើយ។ ឥឡូវលោកត្រឡប់មកស៊ីម្ដងទៀត ទំនងជាមានការសម្រប សម្រួលជាមួយសមត្ថកិច្ច ដែលចាប់លើកមុននោះរួច ហើយ។ យប់ថ្ងៃទី៣០ មេសាកន្លងទៅលោក សៀង រ៉ាវី នាយករងដែនជម្រកបរិស្ថានកែវសីមា សហការជាមួយកម្លាំងសមត្ថកិច្ចស្រុកកែវសីមា ចុះពិនិត្យទៅលើរថយន្តនិងឈើនៅខាងក្នុងរថយន្តដែលចតចោល ឃើញមានផ្ទុកនិងដឹកជញ្ជូនបទល្មើសព្រៃឈើ។ មិនតែប៉ុណ្ណោះឈ្មួញឈើទូ បានយក”ស្លាកយីហោរបស់កងរាជ អាវុធ ហត្ថ”មកដាក់លើក្បាលរថយន្តរបស់គេយ៉ាងរំភើយ។
សមត្ថកិច្ចចម្រុះចាប់រថយន្តសេរីទំនើប១ គ្រឿងម៉ាក លុចស៊ីសRX400h ពណ៌ផ្សែងបារីពាក់ស្លាកលេខភ្នំពេញ2BQ-2332 ដែលដឹកជញ្ជូនឈើគ្មានច្បាប់អនុញ្ញាតឆ្លងកាត់ស្រុកកែវសីមា។ បន្ទាប់ពីឃាត់រថយន្តដឹកបទល្មើសព្រៃឈើខាងលើនេះភ្លាមៗ មន្ត្រីអង្គការក្រៅរដ្ឋាភិបាលមួយ បានសួរទៅឈ្មួញថា លោកមាន ឈ្មោះទូ ជាម្ចាស់ឈើនិងរថយន្តនេះពិតដែរឬទេ? គ្រា នោះលោកទូ បានឆ្លើយតបថា ខ្ញុំឈ្មោះទូ គឺជាម្ចាស់រថយន្តនិងឈើនេះមែន។ ពេលនោះឈ្មួញឈើរូបនេះបានចុះចេញពីរថយន្តដឹកបទល្មើសហើយដើរចេញធ្វើព្រងើយ។ ទង្វើបែបនេះបញ្ជាក់ថាលោកទូ មិនខ្លាច ញញើតនិងសមត្ថកិច្ចណាឡើយ។
សម្រាប់លើកនេះទៀតលោកទូ ប្រើរថយន្តឡង់គ្រីស្ទ័រដើម្បីដឹកជញ្ជូនឈើជារៀងរាល់យប់ ចន្លោះពីម៉ោង១ទៅម៉ោង២ ដោយមិនមានសមត្ថកិច្ចណាបង្ក្រាបដូចលើកមុននោះឡើយ។ ការដែលលោកទូ អាចដំណើរការលើកនេះដោយសុវត្ថិភាព ទំនងជាត្រូវបានសម្របសម្រួលរួច ហើយជាមួយសមត្ថកិច្ចច្រើនផ្នែកនៅតាមដងផ្លូវរួមទាំង ប្រភពឈើដែលចេញពីតំបន់ដែនអភិរក្សភ្នំព្រិច ក្បែរស្នាក់ការមេម៉ង់នោះផង។ គេរំពឹងថា ដំណើរការរកស៊ីដឹកជញ្ជូនឈើរបស់លោកទូ លើកនេះទំនងជាបានជោគជ័យរហូត ដោយមិនមានការរំខានពីសមត្ថកិច្ចនិងមន្ត្រីជំនាញនៅតាមដងផ្លូវនោះឡើយ៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងផ្ដល់ព័ត៌មាន:010840732/061881299