សង្គម

សមត្ថកិច្ចខេត្តតាកែវទទួលស្គាល់ថា មានការនាំប្រហុកត្រីដែលដាក់សារធាតុគីមីពីប្រទេសវៀតណាមចូលមែន

បន្ទាប់ពីបណ្ដាញព័ត៌មានផ្សព្វផ្សាយ អំពីករណីនៃការនាំប្រហុកត្រីចូលពីប្រទេសវៀតណាម តាមច្រកព្រំដែននានាចូលក្នុងខេត្តតាកែវនោះមក សមត្ថកិច្ចនគរបាលខេត្តតាកែវបានចុះក្រាវជ្រាវនិងទទួលស្គាល់ថា មានការនាំចូលប្រហុកដោយខុសច្បាប់នោះមែន។ សមត្ថកិច្ចនៃស្នងការនគរបាលខេត្តតាកែវ បានបង្ក្រាប និងចាប់យកប្រហុកទាំងនោះមកដុតបំផ្លាញចោល។ នេះបញ្ជាក់ថាការនាំប្រហុកដែលមានលាយបញ្ចូលសារធាតុគីមី ឆ្លង ដែនពីប្រទេសវៀតណាម ចូលក្នុងប្រទេសកម្ពុជាពិតជាកើតឡើងប្រាកដមែន។

ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋ ក៏ដូចជាអ្នកសារព័ត៌មាន ចាប់ អារម្មណ៍នោះគឺថាតើអ្នកជួញដូរប្រហុកដែលមានលាយបញ្ចូលដោយសារធាតុគីមីនោះ ត្រូវបានចាប់ខ្លួនដែរឬ ទេ? នៅក្នុងសេចក្តីស្រាយបំភ្លឺ របស់ស្នងការនគរបាលខេត្តតាកែវមិនបានបញ្ជាក់អំពីករណីនេះទេដែលប្រការនេះធ្វើឲ្យប្រជាពលរដ្ឋហាក់ដូចជាមិនអស់មិនហើយនិងយល់ថា តើក្រុមអ្នកជួញដូររកស៊ីប្រហុកទាំងនោះ ខុស ច្បាប់ដែរឬទេ? បើការចាប់ប្រហុកយកមកកម្ទេចចោលមានន័យថា វាជាការខុសច្បាប់? ចុះអ្នកជួញដូរខុស ច្បាប់ដែរឬទេ? បើខុសច្បាប់ ហេតុអ្វីមិនចាប់អ្នកជួញដូរប្រហុកនោះផង? ប្រការនេះប្រជាពលរដ្ឋរំខានដោយស្នើឲ្យស្នងការនគរបាលខេត្តតាកែវ មេត្តាបំភ្លឺចំពោះករណីឈ្មួញអ្នកជួញដូរប្រហុកដែលល្បីមានឈ្មោះដូចជា លោកងៀ និងចែហ្វឿង..នោះជាដើម តើពួកគាត់មានកំហុសដែរឬទេ?។

គួរបញ្ជាក់ថា ក្រុមការងារតាមដានព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បំភ្លឺពាក់ព័ន្ធការចុះផ្សាយរបស់សារព័ត៌មានមួយចំនួនថាមានការនាំ ចូលប្រហុកមានផ្ទុកសារធាតុគីមីហាមឃាត់ពីប្រទេស វៀតណាម មកចែកចាយក្នុងភូមិសាស្ត្រខេត្តតាកែវ។

ជុំវិញការចុះផ្សាយខាងលើ លោកឧត្តមសសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បញ្ជាមន្ត្រីជំនាញ នៃការិយាល័យប្រឆាំងបទល្មើសេដ្ឋកិច្ច ចុះសហការជាមួយមន្ត្រីជំនាញសាខា ការ ពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ខេត្តតាកែវ(កបប) ស្រាវជ្រាវតាម ដានជាប្រចាំជាពិសេសនៅតាមច្រកព្រំដែននានាក្នុងភូមិសាស្ត្រស្រុកគិរីវង់,ស្រុកបូរីជលសារ,ស្រុកអង្គរបូរី,ស្រុកកោះអណ្តែត និងស្រុកទ្រាំង ដើម្បីត្រួតពិនិត្យរកបទល្មើសខាងលើ ក៏ ដូចជាធ្វើការតេស្តស្វែងរកសារធាតុហាមឃាត់ដែលដាក់ លើម្ហូបអាហារនាំឱ្យមានការប៉ះពាល់ដល់អ្នកប្រើប្រាស់។ 

នាពេលកន្លងមក កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ តែងសហការយ៉ាងជិតស្និទជាមួយអង្គភាពជំនាញពាក់ព័ន្ធ បង្ក្រាបការរត់ពន្ធទំនិញខុសច្បាប់ ជា ពិសេសទំនិញខូចគុណភាព ទំនិញមិនមានការវេចខ្ចប់ត្រឹមត្រូវតាមស្តង់ដា(ទំនិញក្លាសេ)។ ជាក់ស្តែង កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៤ កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញក.ប.ប បានរឹបអូសយកត្រី ពាក់ព័ន្ធករណីដឹកជញ្ជូនសាច់បង្កក គ្មានលិខិតអនុញ្ញាត (ត្រីផ្ទក់-ត្រីសាំបាក់) ព្រមទាំងដក ហូតវត្ថុតាងម៉ូតូ ០២គ្រឿង ត្រីបង្កក ៣៨០គីឡូក្រាម។ កម្លាំងជំនាញបានដុតបំផ្លាញចោល និងបានបន្តអប់រំប្រជាពលរដ្ឋឱ្យមានការយល់ដឹងអំពីទំនិញហាមឃាត់មួយចំនួន ជៀសវាងការខាតបង់ទ្រព្យសម្បត្តិ៍ និងឈានដល់ប្រឈមមុខនឹងផ្លូវច្បាប់ផងដែរ។

ក្រុមការងារប្រតិកម្មរហ័សស្នងការដ្ឋាននគរបាលខេត្ត តាកែវថ្លែងអំណរគុណ ចំពោះគេហទំព័រសារព័ត៌មាន អនឡាញនានា ក៏ដូចជាអ្នកលេងបណ្តាញសង្គម Facebookដែលតែងតែសហការផ្តល់ព័ត៌មានមកកាន់ ស្នងការដ្ឋាននគរបាលខេត្តតាកែវ(តាមរយៈ messenger Comment) នៅលើទំព័រ Facebook page និងតាមរយៈលេខទូរស័ព្ទប្រចាំបញ្ជា២៤ម៉ោងលើ២៤ម៉ោង(០៩៧ ៧៧៨ ០០០៥) របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដែលជាហេតុធ្វើឱ្យសមត្ថកិច្ចជំនាញមានចំណាត់ការស្រាវជ្រាវបង្ការ បង្ក្រាបព្រមទាំង ដោះស្រាយសំណូមពរផ្សេងៗជូនប្រជាពលរដ្ឋបានទាន់ ពេលវេលានិងរង់ចាំទទួលការបំភ្លឺជូនជានិច្ចចំពោះបញ្ហា អវិជ្ជមានទាំងនេះជូនបណ្តាសារព័ត៌មាន បងប្អូនប្រជា ពលរដ្ឋទូទៅ និងទទួលយកការរិះគន់ ក្នុងន័យស្ថាបនា ជៀសវាងការរិះគន់ ឬផ្សាយព័ត៌មានមិនពិត ប៉ះពាល់ដល់សិទ្ធសេរីភាពឯកជន អាចប្រឈមមុខផ្លូវ ច្បាប់ និងដើម្បីចូលរួមបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមជាតិ ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299