បន្ទាប់ពីមានចម្ងល់ករណីមេព្រៃ មិនបញ្ជូនយាយម៉ាប់ទៅសាលាដំបូងខេត្តមណ្ឌលគិរី ចាត់ការតាមច្បាប់នោះក៏ព្រោះតែនិយាយម៉ាប់ មិនតដៃជាមួយសមត្ថកិច្ចហើយសាច់សត្វដែលរកឃើញនៅក្នុងរថយន្តនោះ មិនមែនជាប្រភេទសត្វកម្រនោះទេ។ ប៉ុន្តែករណីស្រដៀងគ្នានេះ គឺការចាប់រថយន្តដឹកឈើ២គ្រឿងនៅចំណុចអូរទេ កាល ពីប៉ុន្មានថ្ងៃមុនដោយលោកអភិបាលរងស្រុកពេជ្រាដា ក៏មិនឃើញចាប់បានអ្នកបើកបរ ឬជនសង្ស័យបញ្ជូនទៅសាលាដំបូងនោះដែរ?
កាលសប្តាហ៍មុន លោកអភិបាលរងស្រុកពេជ្រាដា បានបង្ហាញសាច់ដុំពីប្រតិបត្តិការ បង្ក្រាបអ្នកដឹកឈើបានរថយន្ត២គ្រឿង។ ចម្ងល់ពីបណ្ដារាស្ត្រខ្មែរនៅស្ទើរទូទាំងព្រះរាជាណាចក្រ ក៏ដូចជា នៅក្រៅប្រទេសថា ហេតុអ្វី បានជាលោកអភិបាលរងស្រុកមិនចាប់អ្នកបើកបរ ឬ ជនសង្ស័យនៃការជួញដូរឈើនេះ បញ្ជូនឲ្យតុលាការកាត់ទោសផងទៅ? ឬមួយក៏អ្នកបើកបររថយន្តដឹកឈើឬឈ្មួញឈើនោះរត់រួច? លោកអភិបាលរងចាប់មិនបានដោយប្រការណាមួយ? …ចាប់មិនបាន,វារត់រួច..? នោះជានីតិវិធីរបស់លោកអភិបាលរង អ៊ាន ស៊ាងអន លេងសៀកឆ្ពិនភ្នែកទេដឹង?ឬគួបផ្សំនឹងយុទ្ធសាស្ត្រ វ៉ៃស្មៅបង្អើលពស់…ទេដឹង..?
នោះគឺជាចម្ងល់មួយដែលគេជឿថា លោកអភិបាលរង ស្រុក អ៊ាន ស៊ាងអន អាចនឹងដោះស្រាយបានធូរល្ហុយ
ករណីមិនចាប់ ឬចាប់មិនបាន ឈ្មួញអ្នកបើកបររថយន្តដឹកឈើកាលពីថ្ងៃមុន។ ប្រភពខ្សឹបខ្សៀវថា អ្នកបើកបររថយន្ត ឬឈ្មួញជួញដូរឈើ ដែលស្ថិតក្នុងប្រតិបត្តិការ ដឹកនាំដោយ លោក អ៊ាន ស៊ាងអននោះឈ្មោះម៉េត មានរបររកស៊ីខុសច្បាប់នេះយូរហើយ។ រឿងនេះទុកឱ្យអ្នក វិភាគតាមតុកាហ្វេពិចារណាចុះ!
រឿងមួយទៀត ឯខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី កាលពីល្ងាចថ្ងៃទី៧ ឧសភា ក្រុមន្ត្រីបានមូលមតិគ្នារៀប ចំពិធីដុតបំផ្លាញចោលសាច់សត្វព្រៃដែលរឹបអូសបានពីយាយម៉ាប់ ។ យាយម៉ាប់គឺជាឈ្មួញសាច់សត្វព្រៃ និងម្ចាស់សិប្បកម្មឈើសញ្ជាតិខ្មែរដើមកំណើតយួន ល្បី ឈ្មោះម្នាក់នៅឃុំមេម៉ង់ ស្រុកកែវសីមា។ ក្នុងស្ថានភាពតាមប្រផាប់ចាប់ប្រភីងកាលពីព្រឹកថ្ងៃទី ៤ ឧសភា ក្រុមមន្ត្រីពីខណ្ឌបាលព្រៃឈើ បានឃាត់រថយន្ត យាយម៉ាប់ ដែលមានយាយម៉ាប់នៅក្នុងនោះ ដោយគេបានរកឃើញសាច់ជ្រូកព្រៃទម្ងន់ជាង២០ គីឡូក្រាម និងប្រមាចំនួន ២ក្បាលទម្ងន់ជាង៥គីឡូក្រាម ។ សមត្ថកិច្ចបានរឹបអូសសាច់សត្វព្រៃទាំងនោះរួមទាំងរថយន្តទុកជាវត្ថុតាងបទ ល្មើស តែយាយម៉ាប់ត្រូវបានគេលែងភ្លាមៗ ។
លោក សារូ រតនា នាយរងខណ្ឌរដ្ឋបាលព្រៃឈើនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរីថ្លែងថា សមត្ថកិច្ចពុំបានចាប់ខ្លួនយាយម៉ាប់ នោះទេ។ មិនបានចាប់ដោយថា គ្មានការតដៃ ហើយសាច់សត្វទាំងនោះជាប្រភេទសត្វដែលមានដោយបង្គួរឬជាសត្វដែលមិនស្ថិត នៅក្នុងជំពូកសត្វកម្រ។ យ៉ាងណាក៏ដោយលោកថា ជន ល្មើសនឹងត្រូវទទួលរងការផាកពិន័យចំនួន៣ដង នៃតម្លៃសាច់សត្វ។
នេះគឺជាចម្លើយច្បាស់ៗ មន្ត្រីរដ្ឋបាលព្រៃឈើដែលតបទៅនឹងចម្ងល់របស់មហាជនជុំវិញការមិនចាប់ខ្លួនយាយ ម៉ាប់ក្នុងបទល្មើសដឹកសាច់សត្វជាក់ស្ដែង។អំណឹះតទៅ គ្មានអ្វីជាចម្ងល់ទៀតទេ ដូច្នេះយាយម៉ាប់អាចបន្តដឹកសាច់សត្វជ្រូកព្រៃ (ជាប្រភេទសត្វមិនកម្រ) និងសត្វប្រមាបន្តទៀតបាន។ ដូច្នេះសូមមហាជន និងប្រជារាស្ត្រក្នុងនិងក្រៅប្រទេសជ្រាបតាមការគូរ។ ឯរឿងលោកម៉េត ឈ្មួញដឹកឈើ ជាមួយលោកអភិបាលរងស្រុកពេជ្រាដា រង់ចាំមើលការបកស្រាយ នាពេលអនាគត៕