សង្គម

ពលរដ្ឋស្រុកកំពង់ត្រាចសង្ស័យថា ការធ្វើផ្លូវបេតុងច្រើនខ្សែក្នុងស្រុករបស់ពួកគាត់លាយឡំដោយអំពើពុករលួយ

ខេត្តកំពត÷ ប្រជាពលរដ្ឋនៅបណ្ដាឃុំមួយចំនួន នៅក្នុងស្រុកកំពង់ ត្រាច ខេត្តកំពតដាក់ការសង្ស័យថា ការកសាងផ្លូវបេតុងមួយចំនួនក្នុងមូលដ្ឋានរបស់ពួកគាត់ មានលាយឡំជំពាក់ជំពិនដោយអំពើពុករលួយ។ ពីព្រោះថា គេកម្រឃើញមានការប្រកាសឲ្យដេញថ្លៃជាសាធារណៈចំពោះការកសាងផ្លូវនៅក្នុងមូលដ្ឋាននោះណាស់។ ក្រៅតែពីការមិនឃើញមានការដេញថ្លៃនោះ ផ្លូវដែលបានកសាងរួច ទំនងជាមិនគោរពទៅតាមលក្ខខណ្ឌបច្ចេកទេស បានខូចទៅវិញយ៉ាងឆាប់រហ័ស។

ប្រជាពលរដ្ឋឃុំកំពង់ត្រាចខាងកើតបានឲ្យដឹងថា ផ្លូវបេតុងមូលនិធិឃុំ-សង្កាត់ ឆ្នាំ២០២៤ ដាក់ដេញថ្លៃមិនចំហជាសាធារណះ និងមិនបានគោរពទៅតាមបទដ្ឋានខុសបច្ចេទេសតាមរបៀបចាក់ស្ដើង,ស៊ីក្រាស់ គឺស៊ីសព្វស៊ីគ្រប់…ជាហេតុតែធ្វើឲ្យផ្លូវឆាប់ខូច។ ប្រភពប្រាប់ថា គម្រោងមូលនិធិឃុំ-សង្កាត់ឆ្នាំ២០២៤នៃឃុំកំពង់ត្រាចខាងកើត,ឬស្សីស្រុកខាងលិច និងឃុំប្រាសាទភ្នំខ្យង ឃើញសកម្មភាពកំពុងចាក់ផ្លូវបេតុង នៅភូមិរបងក្រាស់ ឃុំកំពង់ត្រាចខាងកើត ធ្វើផ្លូវបេតុងគ្មានគុណភាពមិនក្រាលថ្មបាត,ចាក់បេតុងលើដីកម្ពស់មិនបាន១តឹកកន្លះ,ចងដែកមិនត្រូវបច្ចេកទេសកំណត់។

ប្រជាពលរដ្ឋក្នុងមូលដ្ឋានខាងលើខ្សិបថា ក្រុមហ៊ុន អាន់ លីណា កំពុងត្រាសសេដីធ្វើផ្លូវបេតុងប្រវែង ៦០០ម៉ែត្រ ទទឹង៤,៥០ម៉ែត្រនៅភូមិកំពូលមាស ឃុំឬស្សីស្រុកខាង លិច ស្រុកកំពង់ត្រាច។ ស្មៀនឃុំប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុនខាងលើបានដេញថ្លៃកាលពីថ្ងៃទី ១០.ខែ ៤ ឆ្នាំ២០២៤។ប៉ុន្តែប្រជាពលរដ្ឋបានខ្សិបថា ក្រុមហ៊ុនខាង លើ ដែលទទួលបានការកសាងផ្លូវ នៅក្នុងមូលដ្ឋាននេះមិនបានឆ្លងកាត់ការដេញថ្លៃ ជាសាធារណៈនោះឡើយ។ វាគ្រាន់តែជាការត្រូវរូវគ្នារវាងមន្ត្រីមូលដ្ឋានថ្នាក់ឃុំជា មួយនឹងខាងក្រុមហ៊ុនដែលជាអ្នកមានឥទ្ធិពលខាងកម្លាំងប្រដាប់អាវុធក្នុងស្រុកនេះតែប៉ុណ្ណោះ។

នៅឃុំប្រាសាទភ្នំខ្យង លោក ហ៊ុន តេង មេឃុំបានប្រាប់អ្នកសារព័ត៌មានថា ក្រុមហ៊ុន ហេង បូរី បានដេញថ្លៃ កាលពីថ្ងៃទី ៣ ខែ ៣ ឆ្នាំ២០២៤ ឬថ្ងៃទី៣ ខែ៤ ថាចាំមិនបាន។ អ្នកកាសែតបានជំរាបលោកថា ឃើញការចងដែករបស់ ហេង បូរី ខុសបច្ចេទេស។ បែរជាលោកបន្តថា ក្រុមហ៊ុនណាក៏ដូចក្រុមហ៊ុនណាដែរ គេចងដែកតែចឹង?ចម្លើយរបស់លោកមេឃុំប្រាសាទភ្នំខ្យង ប្រៀបដូចជាសត្វសេក ដែលខាងក្រុមហ៊ុនប្រាប់ឲ្យចាំស្រែកបន្ទរតែ ប៉ុណ្ណោះ។ គេថា ក្រុមហ៊ុនហេងបូរីមានឥទ្ធិពលខ្លាំងនៅ ក្នុងខេត្តកំពតក្នុងរឿងដេញថ្លៃធ្វើផ្លូវ នៅតាមមូលដ្ឋាននានានៅក្នុងខេត្តកំពតនេះ។ អ្វីដែលពិសេសជាងគេ គឺមិនមានការដេញថ្លៃជាលក្ខណៈបើកចំហនោះឡើយ។

ការធ្វើផ្លូវច្រើនខ្សែក្នុងខេត្តកំពត ដែលជាមូលនិធិឃុំសង្កាត់នេះហាក់ដូចជា បង្កឲ្យមានភាពអនាធិបតេយ្យលាយឡំនិងអំពើពុករលួយជាច្រើន។ ប្រភពរាយការណ៍ថា ក្រុមហ៊ុនហេង បុរី ដែលជាអ្នកមានឥទ្ធិពលជាមួយមន្ត្រីនៅរដ្ឋបាលខេត្តកំពត ហាក់ដូចជាធ្វើព្យុះធ្វើភ្លៀងយ៉ាងសំបើមតាមរយៈការបង្គាប់បញ្ជាឲ្យមេឃុំធ្វើអ្វីស្រេចតែនឹងចិត្តនៃការចង់បានរបស់ខ្លួន។ រីឯលោកមេឃុំមួយចំនួនដើម្បីតែលាបសក្ការៈផ្ទាល់ខ្លួន ក៏បានខិតខំជួយបិទបាំងអំពើពុករលួយឬឃុបឃិតជាមួយក្រុមហ៊ុនក្នុងផលប្រយោជន៍ណាមួយនោះ។

ករណីនេះក្រសួងមហាផ្ទៃ គួរតែបើកការស៊ើបអង្កេតឲ្យបានច្បាស់លាស់និងស៊ីជម្រៅ ពីព្រោះថាថវិកាជាតិដែលទម្លាក់ឲ្យមូលដ្ឋានក្រោមជាតិ ក្នុងមួយឆ្នាំៗរាប់រយលានរៀលដើម្បីធ្វើការអភិវឌ្ឍន៍។ ប៉ុន្តែថវិកានោះគឺបានដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានតិចតួចបំផុត តាម រយៈការអភិវឌ្ឍន៍ដូចជាធ្វើផ្លូវជាដើមនេះ។ ទាំងនោះគឺដោយសារតែការឃុបឃិតគ្នាប្រព្រឹត្តអំពើពុករលួយរវាងមន្ត្រីនៅថ្នាក់ខេត្តជាអ្នកកាន់គម្រោង ជាមួយនឹងក្រុម ហ៊ុននិងអាជ្ញាធរមូលដ្ឋានតាមរយៈមេឃុំ ជាដើម៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299