ខេត្តមណ្ឌលគិរី÷ សមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរី កាលពីថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៤បានចាប់ប្រមូលយកសាច់សត្វនិងគ្រឿងសង្ហារឹមរបស់ស្ត្រីចំណាស់ម្នាក់ ដែលមានរហស្សនាម យាយម៉ាប់ នៅគ្រាដែលកំពុងដឹកសាច់ព្រៃមានប្រភពពីឃុំម៉េម៉ង់ ស្រុកកែវសីមា ចូលក្រុងសែន មនោរម្យ ទីរួមខេត្តមណ្ឌលគិរី ដើម្បីចែកចាយឱ្យឈ្មួញបន្ត។ យ៉ាងណាក៏ដោយ សមត្ថកិច្ចហាក់ដូចជាមានការយោគយល់អាណិតអាសូរ ចំពោះឈ្មួញចាស់វស្សារូបនេះ ដោយមិនចាប់បញ្ជូនទៅសាលាដំបូងនោះឡើយ គឺគ្រាន់តែយកសម្ភារៈវត្ថុតាងតែប៉ុណ្ណោះ។
ស្ត្រីចំណាស់ឈ្មោះ យាយម៉ាប់ ត្រូវគេរាយការណ៍ថា ជាឈ្មួញដុះស្លែល្បីឈ្មោះខាងជួញដូរសត្វព្រៃ និងព្រៃឈើ នៅក្នុងខេត្តមណ្ឌលគិរី ដោយគ្មានសមត្ថកិច្ចណាហ៊ានប៉ះពាល់ឡើយ ។ បើទោះបីជាមានការអះអាងយ៉ាងម៉ឹងម៉ាត់ពីរដ្ឋមន្ត្រីក្រសួងបរិស្ថានគឺលោក អ៊ាង សុផល្លែត អំពីការដាក់បញ្ជាឲ្យអនុវត្តច្បាប់តឹងរឹងចំពោះឧក្រិដ្ឋជនជួញដូរសត្វព្រៃ និងព្រៃឈើក្ដី ក៏គេចាំមើលថា តើពេល នេះសមត្ថកិច្ចនឹងចាត់វិធានការយាយម៉ាប់ ដោយរបៀប ណា ? ព្រោះ យាយម៉ាប់ ក៏មានអំណាចឥទ្ធិពលសែបក្ខ ពួកមិនណយដែរនៅក្នុងខេត្តមួយនេះ ។ រដ្ឋមន្ត្រីក្រសួង បរិស្ថានបានប្រកាសឲ្យអនុវត្តឲ្យខាងបាន ចំពោះបុគ្គលណាដែលប្រព្រឹត្តល្មើសច្បាប់ដោយមិនលើកលែង។ តែ ករណីយាយម៉ាប់ ហាក់ដូចជាត្រូវបានយោគយល់ និងលើកលែង តាមរយៈការជាន់ឈ្លីបទបញ្ជារបស់ក្រសួងបរិស្ថានយ៉ាងច្បាស់ក្រឡែត។
សេចក្ដីរាយការណ៍ថា ដោយពុំមានកិច្ចសហការពីយាយ ម៉ាប់ សមត្ថកិច្ចបានប្រដេញយ៉ាងប្រផាប់ប្រភីង ហើយឃាត់បាននៅចំណុចមុខមន្ទីរសាធារណការ ក្នុងក្រុងសែននោរម្យ ដោយឆែកឆេររកឃើញសាច់ជ្រូកព្រៃទម្ងន់ ២៦គីឡូក្រាម,ប្រម៉ា២ក្បាលទម្ងន់ជាង ៥ គីឡូក្រាម ។ យ៉ាងណាក៏ដោយសមត្ថកិច្ចបានចាប់យកតែរថយន្តនិងវត្ថុតាងនៅក្នុងរថយន្តបញ្ជូនទៅរដ្ឋបាលព្រៃឈើ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ រីឯយាយ ម៉ាប់ដែលជាឈ្មួញចាស់វស្សានៅក្នុងខេត្តនេះ មិនត្រូវបានចាប់ខ្លួនដើម្បីកសាងសំណុំរឿងទៅតាមអ្វីដែលជាការណែនាំរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាននោះឡើយ។
ក្នុងរឿងស្រដៀងគ្នានេះ កាលពីសប្ដាហ៍មុនសមត្ថកិច្ចស្រុកពេជ្រាដា សហការជាមួយមន្ត្រីនៃមន្ទីរបរិស្ថានខេត្ត មណ្ឌលគិរី ដេញចាប់បានរថយន្តដឹកឈើ២គ្រឿង ប៉ុន្តែមិនចាប់មនុស្ស ដែលជាអ្នកបើកបររថយន្តដឹកឈើនោះឡើយ គឺប្រមូលយកតែវត្ថុតាងដែលជារថយន្តដឹកឈើ ហើយកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង។ ឥឡូវ នេះធ្លាក់មកដល់រឿងយាយម៉ាប់ ក៏មិនត្រូវបានចាប់ខ្លួនមនុស្សដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការនោះដែរ។ អ្វីដែលគេកំពុងប្រព្រឹត្តក្នុងបទល្មើសពាក់ព័ន្ធនឹងការបំផ្លិចបំផ្លាញធនធានធម្មជាតិ បែបនេះគឺបំពានទាំង ស្រុងទៅនឹងអនុសាសន៍ណែនាំ របស់ក្រសួងបរិស្ថានដែលជំរុញឲ្យកសាងសំណុំបញ្ជូនទៅសាលាដំបូង ក្នុងសំណុំរឿងរឿងពាក់ព័ន្ធ នឹងបទល្មើសបំផ្លិចបំផ្លាញធន ធានធម្មជាតិទៅតុលាការ។ ចាំមើលសំណុំរឿងទាំងពីរនេះមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នឹងទទួលបានការណែនាំអ្វីខ្លះពីក្រសួងបរិស្ថានដែរឬទេ?ឬមួយថារឿងនេះស្ថិតនៅក្នុងដៃមន្ទីរកសិកម្ម?៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299