ក្រសួងសុខាភិបាលកម្ពុជាបានប្រកាសនៅព្រឹកថ្ងៃទី៩ តុលា នេះថា គេបានរកឃើញករណីកូវីដ១៩ថ្មី ចំនួន០១បន្ថែមទៀតទៅលើបុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំ ស្នាក់នៅរាជធានីភ្នំពេញ។
បុរសរូបនោះ គឺជាអ្នកដំណើរពីប្រទេសកូរ៉េខាងត្បូងតាមជើងហោះហើរមកដល់កម្ពុជានៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
តាមការបញ្ជាក់របស់ក្រសួងសុខាភិបាល អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន១២៨នាក់ (ស្រី៣៣នាក់) ដែលក្នុងចំនួននេះ មានបុរសជនជាតិខ្មែរអាយុ ២៩ឆ្នាំខាងលើនេះដែរ។ រីឯអ្នកដំណើរចំនួន១២៧នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅវិទ្យាល័យបូរី១០០ខ្នងចំនួន២៩នាក់ និងសណ្ឋាគារមួយចំនួន ក្នុងរាជធានីភ្នំពេញចំនួន៩៨នាក់៕