សង្គម

ចរចារួចហើយ ឥឡូវកម្មករ​ក្រុមហ៊ុនស៊ិនទ្រីបន្ត​ធ្វើ​កូដកម្ម​មិន​ប្រមូលសំរាម, រដ្ឋបាលរាជធានីភ្នំពេញសម្តែងការសោកស្តាយ

រដ្ឋបាល​រាជធានីភ្នំពេញ​នៅថ្ងៃនេះ បាន​សម្តែង​នូវ​ការ​សោកស្តាយ​ចំពោះកម្មករ​ក្រុមហ៊ុនស៊ិនទ្រី​ដែល​បន្ត​ធ្វើ​កូដកម្ម​មិន​ព្រមចេញ​មក​ប្រមូលសំរាម ខណៈ​អាជ្ញាធរ រួម​ជាមួយ​តំណាង​ក្រុមហ៊ុន និង​តំណាង​កម្មករបានដោះស្រាយគ្នា ហើយ​យល់ព្រម​ធ្វើ​ការ​ប្រមូលសំរាម​កាលពី​ល្ងាចថ្ងៃទី៧ តុលា ហើយនោះ។

រដ្ឋបាលរាជធានីភ្នំពេញ​បាន​លើក​ឡើង​ថា ខ្លួន​សោកស្តាយ​ចំពោះ​ទង្វើ​របស់​កម្មករ​និយោជិត​របស់ក្រុមហ៊ុន​ស៊ិនទ្រី​មួយ​ចំនួន​ដែលមិន​បាន​គោរព​តាម​ការ​ព្រមព្រៀង ដូចដែលមាន​ចែង​ក្នុង​កំណត់ហេតុ​អង្គប្រជុំ។

យ៉ាងណាក៏ដោយ រដ្ឋបាល​រាជធានីភ្នំពេញ​បាន​បញ្ជាក់ថា ដើម្បីដោះ​ស្រាយ​បញ្ហា​នេះ ខ្លួន​កំពុង​ចាត់វិធានការ​ដោយ​ប្រើប្រាស់​កម្លាំង​សរុប និង​មធ្យោបាយ​សរុប ដើម្បី​ប្រមូល​សំរាម​ដែល​មាន​ការ​កក​ស្ទះ​នៅ​រាជធានីភ្នំពេញ​ឲ្យ​អស់​ក្នុង​រយៈ​ពេល​ដ៏​ខ្លីខាងមុខនេះ។

សូម​បញ្ជាក់ថា កម្មករ​ក្រុមហ៊ុនស៊ិនទ្រី​បាន​ធ្វើ​កូដកម្ម​មិន​ប្រមូលសំរាម​ចាប់តាំងពី​ថ្ងៃសៅរ៍​មក​ម្ល៉េះ ហើយ​កាលពីថ្ងៃម្សិលមិញ​នេះ លោក ឃួង ស្រេង អភិបាល​រាជធានីភ្នំពេញ បាន​ចុះ​ទៅ​អន្តរាគមន៍​ធ្វើ​ការ​ដោះ​ស្រាយ​ដោយ​ផ្ទាល់ជាមួយ​ក្រុមកម្មករ​ទាំងនោះ ហើយ​ក៏​មាន​ការ​សន្យាថា ក្រុមកម្មករ​នឹង​ចេញ​ប្រមូលសំរាម​វិញនៅ​ល្ងាចថ្ងៃដដែល ប៉ុន្តែមក​ទល់នឹង​ព្រឹក​ថ្ងៃព្រហស្បត្តិ៍នេះ ក្រុម​កម្មករ​បាន​ផ្លាស់ប្តូរ​ចិត្ត ហើយ​បន្ត​ធ្វើ​កូដកម្ម​ទៀត។

ក្រុមកម្មករ​ដែលបន្ត​ធ្វើ​កូដកម្ម​នោះ​បាន​លើក​ឡើងថា កាលជួបចរចាកាលពីថ្ងៃម្សិលមិញ​នេះ គឺនៅមិនទាន់ឈាន​ដល់​ចំណុច​ទាមទារ​រួម​នៅ​ឡើយទេ, ការ​ទាមទារ​នោះ គឺក្រុមកម្មករ ចង់ឲ្យ​ក្រុមហ៊ុនស៊ិនទ្រី​ ទូទាត់ប្រាក់អត្ថប្រយោជន៍​ផ្សេងៗ​ទាំងអស់​ឲ្យ​បាន​រួចរាល់ ជាជាង​ការ​ទូទាត់​ជាដំណាក់​កាល៕