ព័ត៌មានជាតិ

លទ្ធផលស្ទង់មតិ ៖ សេរីភាពសារព័ត៌មាន​នៅ​កម្ពុជាមានភាពល្អប្រសើរ

ក្រសួងព័ត៌មាន កាលពីថ្ងៃទី៣០ មេសា ម្សិលមិញនេះ បានចេញផ្សាយ​នូវលទ្ធផល នៃ​ការ​ស្ទង់មតិស្តីពីសេរីភាព​សារព័ត៌មាន​នៅកម្ពុជា ដោយ​ក្នុងនោះជាលទ្ធផល ៧៩,៨ភាគរយ នៃអ្នកត្រូវធ្វើសម្ពាសន៍យល់ថា សេរីភាព​សារព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​មានលក្ខណៈល្អប្រសើរ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានប្រសាសន៍ថា​ របាយការណ៍ស្តីពីស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅកម្ពុជា ជារបាយការណ៍​ដែល​កម្ពុជា​បាន​រៀបចំ​ឡើង​ដោយ​ខ្លួន​ឯងផ្ទាល់ ក្នុងក្របខណ្ឌ​ នៃរាជរដ្ឋាភិបាល​អាណត្តិទី៧នេះ ដោយផ្អែក​លើទិន្នន័យ​ដែលក្រសួងព័ត៌មាន​គ្រប់គ្រង និង​ការវាស់វែង​ពីស្ថានភាព​របស់​អ្នក​សារព័ត៌មាន​ដែល​ប្រតិបត្តិ​ការ​ជាក់ស្តែង​នៅ​តាម​បណ្តា​រាជធានី​ខេត្ត​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ជាមូលដ្ឋាន​ក្នុង​ការ​វាយ​តម្លៃ។

ការ​ស្ទង់មតិ​បានធ្វើ​ឡើង​ទៅ​លើ​អ្នក​សារ​ព័ត៌មាន​ចំនួន ៣៤១នាក់​នៅទូទាំង​ប្រទេស ក្នុងនោះលទ្ធផលបានបង្ហាញថា ៧៩.៨% ​យល់ឃើញថា សេរីភាព​សារព័ត៌មាន​នៅ​ប្រទេ​សកម្ពុជា​មានលក្ខណៈ​ល្អប្រសើរ ដោយខ្លួន​មានសេរីភាពពេញលេញ​ក្នុងការ​ប្រមូល​ និង​ផ្សព្វផ្សាយ​ព័ត៌មាន, ៩៤.៤% យល់ថា កម្ពុជាជាប្រទេស​មួយ​ដែល​មានប្រព័ន្ធ​ផ្សព្វផ្សាយ​សម្បូរ​បែប, ៨១.៨% យល់ថា ការ​គោរព​ក្រមសីលធម៌ និង​វិជ្ជាជីវៈ​សារព័ត៌មានពិតជាមានសារៈសំខាន់, ៩២.១% គាំទ្រ​ឱ្យ​ក្រសួង​អនុវត្តតាមនីតិវិធី​ច្បាប់​ចំពោះ​អ្នក​សារព័ត៌មាន​ដែលប្រព្រឹត្ត​ខុស​ក្រមសីលធម៌ និង​វិជ្ជាជីវៈសារព័ត៌មាន, ៨១.២% យល់ថា អ្នក​សារព័ត៌មាន​មានតួនាទីសំខាន់​ខ្លាំង​ក្នុងការ​ទប់ស្កាត់​ព័ត៌មានកន្លែងក្លាយ, ៩៩.៤% គាមទ្រ​ឱ្យ​មានការ​បណ្តុះបណ្តាល​បន្ថែម ដើម្បី​បង្កើន​គុណភាព​ព័ត៌មាន​នៅ​កម្ពុជា, ៩៥% បានឯកភាពថា ប្រព័ន្ធផ្សព្វផ្សាយ​សំបូរ​បែប​នៅកម្ពុជា​បច្ចុប្បន្ន គឺជា​ការ​ចូលរួម​លើក​កម្ពស់​សេរីភាព​សារព័ត៌មាន។

លោក លាង ដឺលុច បណ្ណាធិការ នៃសារព័ត៌មានថ្មីៗ បាននិយាយ​នៅ​ក្នុងរបាយការណ៍​នោះថា នៅ​ក្នុងទិដ្ឋភាពរួម កម្ពុជា​មានលំហសេរីភាព​សារព័ត៌មាន​ធំ​តាមរយៈ​ការ​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ការ​បង្កើត​ក្រុមហ៊ុន​ព័ត៌មាន វត្តមាន នៃការ​បញ្ចេញមតិ​ដោយសេរីនៅ​តាម​បណ្តាញ​ទំនាក់ទំនង​សាធារណៈ មានលំហូព័ត៌មាន​ទូលំទូលាយ​ពីរដ្ឋាភិបាល​មក​ប្រជាពលរដ្ឋ និង​ពីប្រជាពលរដ្ឋ​ទៅរដ្ឋាភិបាល។ ទោះ​យ៉ាង​ណាក៏ដោយ លំហ ឬសេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា នៅ​តែ​ត្រូវ​បានរំខាន​ដោយ​ចំណុច​អសកម្ម​មួយ​ចំនួន​ដែលកំពុងទាញចុះ​នូវ​គុណតម្លៃ នៃសេរីភាព​សារព័ត៌មាន។

ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអ្នក​នាំពាក្យ​រាជរដ្ឋាភិបាល ក៏​បានមានប្រសាសន៍ដែរថា នៅ​កម្ពុជា សេរីភាព​សារព័ត៌មាន​រីកចម្រើន​យ៉ាង​ខ្លាំង​មិន​ធ្លាប់​មានពីមុន។ ចំនួនស្ថាប័នសារព័ត៌មាន និង​អ្នក​សារ​ព័ត៌មាន​កើនឡើង​យ៉ាង​គំហុកគួរ​ឱ្យ​កត់សម្គាល់។ ប្រជាពលរដ្ឋ​មាន​ប្រភពព័ត៌មាន​យ៉ាងសម្បូរបែប និង​មានជម្រើស​ទូលំទូលាយ និង​ងាយ​ស្រួល​ក្នុង​ការ​ទទួលបានព័ត៌មាន​លឿន​រហ័ស។

ផ្អែកតាម​ទិន្នន័យ​បច្ចុប្បន្ន​ភាព​ឆ្នាំ​២០២៣របស់ក្រសួងព័ត៌មានបង្ហាញថា បច្ចុប្បន្ន​ប្រព័ន្ធផ្សព្វផ្សាយ​ទាំងប្រពៃណី និង​ទំនើប ដែលបាន​ចុះ​បញ្ជិកានៅ​ក្រសួងព័ត៌មាន មាន​ចំនួនជាង២ពាន់ រួមមាន គេហទំព័រ និង​ទូរទស្សន៍​អនឡាញ​មានចំនួន ៩៣៣អង្គភាព, កាសែត ៤៤៧អង្គភាព, សមាគមសារព័ត៌មាន ៥២អង្គភាព, ទស្សនាវដ្តី ១៩៤អង្គភាព, ព្រឹត្តិបត្រ ២១អង្គភាព, ស្ថានីយវិទ្យូ ២៨៤ស្ថានីយ, ទីភ្នាក់ងារសារព័ត៌មានបរទេស ២៧អង្គភាព, ទូរទស្សន៍ផ្សាយផ្ទាល់ ១៩ស្ថានីយ និង​ផ្សាយបន្ត ១៦៥ស្ថានីយ, ទូរទស្សន៍ឌីជីថល ១២ស្ថានីយ, ទូរទស្សន៍​ខ្សែកាបរាជធានីភ្នំពេញ និង​នៅតាម​ខេត្ត៤៤ស្ថានីយ៍ និងទូរទស្សន៍​អាណាឡូកមានចំនួន ១៤៣ស្ថានីយ ខណៈអ្នកសារ​ព័ត៌មាន​មានចំនួន​ប្រមាណ មួយម៉ឺននាក់៕