សង្គម

កម្លាំងរដ្ឋបាលព្រៃឈើអធិការដ្ឋានមេគង្គលើ ចាប់រថយន្តយីឌុបដឹកផ្លែសំរង១គ្រឿង ដើម្បីគោះស្មៅបង្អើលពស់ទេដឹង?

ខេត្តរតនគិរី÷ នៅព្រឹកព្រលឹមថ្ងៃទី៣០ខែ មេសា ឆ្នាំ២០២៤នេះកម្លាំងរដ្ឋបាលព្រៃឈើអធិការដ្ឋានមេគង្គលើ បានចាប់រថយន្តយីឌុបដឹកផ្លែសំរង១គ្រឿងពាក់ស្លាកលេខកំពង់ចាម3A -4858 ត្រង់ចំណុចឡើងចំណោតភ្នំយោល ប្រមាណ ១០០ម៉ែត្រស្ថិតក្នុង ស្រុកអូរជុំ ខណៈកំពុងធ្វើដំណើរលើកំណាត់ ផ្លូវជាតិលេខ៧៨ ឆ្ពោះទៅប្រទេសវៀតណាម តាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ។ សកម្មភាពរបស់មន្ត្រីរដ្ឋបាលព្រៃឈើអធិការរដ្ឋានមេគង្គលើ នៅពេលនេះត្រូវគេខ្សិបថាប្រៀបដូចជាវាយបំបែកឆ្នាំងបាយដែលជាផល ប្រយោជន៍របស់ក្រុមមន្ត្រីគ្រាក់ៗនៅខេត្តរតនគិរី។

លោកទិត្យ វី មន្ត្រីរដ្ឋបាលព្រៃឈើអធិការដ្ឋានមេគង្គលើ ដែលឃាត់រថយន្តនេះបានថ្លែងថា ដោយឃើញរថយន្តនេះដឹកអនុផលព្រៃឈើ”ផ្លែសំរង”គ្មានច្បាប់អនុញ្ញាតិក៏ចាប់ឃាត់ទុកតែម្តង រួចរាយការណ៍ទៅថ្នាក់លើ ដើម្បីនាំរថយន្តដឹកបទល្មើសនេះមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។ លោកបន្តថា ដើម្បីរក្សាការសម្ងាត់ លោកមិន បានសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើថ្នាក់ក្រោមនិងសមត្ថកិច្ចពាក់ព័ន្ធទេ។ ទង្វើដែលមិនរកកិច្ចសហការជាមួយមន្ត្រីមូលដ្ឋានថ្នាក់ក្រោមនោះត្រូវគេមើលឃើញថា ជាវិធានការវាយបំបែកឆ្នាំងបាយ មន្ត្រីដែលពាក់ព័ន្ធនឹងផលប្រយោជន៍ផ្លែសំរង។

ប្រភពបានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះផងដែរមានការអន្តរាគមន៍ពីអ្នកធំមួយចំនួននៅខេត្តរតនគិរី សុំឲ្យដោះ លែង ដើម្បីឲ្យរថយន្តដឹកបទល្មើស បន្តដំណើរដោយរលូនទៅប្រទេសវៀតណាម។ ក្រៅពីរថយន្តយីឌុប ដឹកផ្លែសំរងខាងលើនេះដែរ ក៏មានក្បួនរថយន្តសាំយ៉ុងជា ច្រើនគ្រឿងសម្រុកដឹកផ្លែសំរងទៅវៀតណាមដែរ។ គេមិនដឹងថា ហេតុអ្វីបានជាមន្ត្រីរដ្ឋបាលព្រៃឈើអធិការ ដ្ឋានមេគង្គលើមិនចាប់រថយន្តសាំយ៉ុងដែលដឹកផ្លែសំរងទៅប្រទេសវៀតណាមនោះផង។ អ្នកខ្លះខ្សិបថា ទំនង ជាអ្នកដឹកផ្លែសំរោង តាមរថយន្តសាំយ៉ុងជាឈ្មួញរកស៊ីកំប៉ិកកំប៉ុកបានលុយតិច ដូច្នេះគេចាត់វិធានការពួកអាធំដើម្បីបានប្រយោជន៍ច្រើន។ រីឯពួកអ្នកដឹកជញ្ជូនតាមរថយន្តសំយ៉ុង ក៏គង់នឹងរត់ចូលជ្រកជាមួយអស់លោកមន្ត្រីរដ្ឋបាលព្រៃឈើនៃអធិការដ្ឋានមេគង្គលើ នោះជា មិនខាន។

ម្យ៉ាងទៀត គេឆ្ងល់ថា យូរណាស់មកហើយម្ដេចក៏មន្ត្រីរដ្ឋបាលព្រៃឈើនៃអធិការដ្ឋានមេគង្គលើនោះ មិនព្រមចាត់វិធានការ។ ពីព្រោះថា នៅពេលនេះវាហាក់ដូចជាចង់ផុតរដូវទៅហើយ។ ម្យ៉ាងទៀត គេគួរមើលវិធានការនៅឯកន្លែងប្រមូលផលនោះប្រសើរជាង។ ពីព្រោះថានៅកន្លែងប្រមូលផល ពួកឈ្មួញបានបំផ្លិចបំផ្លាញ ដើមសំរងធ្ងន់ធ្ងរខ្លាំងណាស់។ រីឯការចាប់រថយន្តយីឌុប ដឹកផ្លែសំរងនៅពេលនេះ គឺហាក់ដូចជាការមិនយោគយល់គ្នារវាងអ្នកកាងសេវាដឹកជញ្ជូនផ្លែសំរង ទៅប្រទេសវៀត ណាមតែប៉ុណ្ណោះ។ ប្រភពថា អ្នកកាងការដឹកជញ្ជូនផ្លែសម្រងទៅប្រទេសវៀតណាមមិនមែនអ្នកតូចតាចនោះទេ។ ប្រភពតាមតុកាហ្វេនិយាយថា គឺជាលោកជំទាវធំ។ យ៉ាងណាក៏ដោយគេមិនប្រាប់ឲ្យចំឈ្មោះនោះទេ។

ក្រុមអ្នកដឹកជញ្ជូនតាមរថយន្តសាំយ៉ុង ក៏គ្រាន់តែជាអ្នក ស៊ីឈ្នួលឲ្យថៅកែវៀតណាមតែប៉ុណ្ណោះ។ ជាក់ស្តែងរូប ភាពជាច្រើនសន្លឹក ដែលឈ្មួញវៀតណាមជួលរថយន្តសាំយ៉ុងជាច្រើនគ្រឿង ដោយមានសមត្ថកិច្ចខិលខូចមួយចំនួននៅខេត្តរតនគិរីជាអ្នករត់ការណ៍បើកផ្លូវដោយពុំមានច្បាប់អនុញ្ញាតិដឹកជញ្ជូនអនុផលព្រៃឈើ”ផ្លែសំរង”ពីរដ្ឋបាលព្រៃឈើទេ។ ជាងនេះទៅទៀតអនុផលព្រៃឈើ”ផ្លែសំរ៉ង”ជាច្រើនរយតោនគិតជាទឹកប្រាក់ជា ច្រើនលានដុល្លារគ្មានបានបង់ពន្ធជូនរដ្ឋទេ។ ការខាត បង់ថវិកាជាតិយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ គឺដោយ សារមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ ហាក់មិនូវយកចិត្តទុក ដាក់ប្រភេទអនុផលព្រៃឈើនោះឡើយ៕

ដោយ:សុិន ខ្វាន់ឆា

ទំនាក់ទំនងព័ត៌មាន:010840732/061881299