សង្គម

អាជីវករមិនអាចដឹកផ្លែសំរង ទៅលក់ឲ្យឈ្មួញនៅប្រទេសវៀតណាមបានទេ បើមិនឆ្លងកាត់ចូលមេធីម

ខេត្តរតនគិរី÷ ចុងផែនដីនៃកម្ពុជា នៅតំបន់បីស្រុក ក្នុងខេត្តរតនគិរីកំពុងវក់វីអំពីបញ្ហាផ្លែសំរងដែលគេមើលឃើញថា បានជំរុញឲ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតំបន់នោះ បានធូរស្រាលមួយកំរិត។ ធនធានធម្មជាតិ បានផ្ដល់ឱកាសឲ្យជីវភាពប្រជាពលរដ្ឋ តំបន់កន្ទុយនាគនៅចុងខេត្តរតនគិរី ជាប់ព្រំប្រទល់ប្រទេសវៀតណាមបានធូរធាមួយកំរិត។ ប៉ុន្តែទំនងជាបានតែ១ឆ្នាំនេះទេ ពីព្រោះដើមសំរងមួយចំនួនធំត្រូវឈ្មួញវៀតណាម ចូលកាប់ផ្ដួល ដើម្បីយកផ្លែ។ ដូច្នេះអំណេះតទៅវាលែងមានទៀត ហើយ។ ក្រៅពីបញ្ហានេះ ក៏មានលេចធ្លាយអំពីបញ្ហាអ្នក ធំនៅក្នុងខេត្តម៉ៅផ្ដាច់ ចំពោះការដឹកជញ្ជូននាំផ្លែសំរងចេញទៅប្រទេសវៀតណាមតាមច្រកព្រំដែនអូយ៉ាដាវនោះមួយករណីទៀត។

ប្រភពខ្សឹបខ្សៀវអាជីវករតូចតាច នៅក្រុងបានលុងបានឲ្យដឹងថា ប្រសិនបើមិនចូលក្រុម នៃអ្នកមានអំណាចឬលោកជំទាវទេនោះ ការដឹកជញ្ជូនផ្លែសំរងទៅប្រទេសវៀតណាម នឹងត្រូវប្រឈមចំពោះសមត្ថកិច្ចចាប់ជាមិន ខាន។គេមានកាត់ភាគរយក្បាលកាក់ ទុកសម្រាប់លោក ជំទាវធំ ចំពោះអ្នកដែលដឹកជញ្ជូនផ្លែសំរងឆ្លងដែនទៅប្រទេសវៀតណាមតាមច្រកអូយ៉ាដាវ ។ អ្នករកស៊ីដឹក ជញ្ជូនតាមសម្មាជីវោ ដែលគ្មានខ្នងបង្អែកជាអ្នកធំនៅ ក្នុងខេត្ត មិនអាចធ្វើដំណើរដោយសុវត្ថិភាពបាននោះឡើយ។ ប្រភពខ្សឹបខ្សៀវបន្ថែមថា គឺគេកំណត់សេវាបន្ថែម ទៅលើតម្លៃនៃផ្លែសំរងសម្រាប់ទុកជាក្បាលកាក់ ជូនមេធីមដែលជាលោកជំទាវ។ គេមិនប្រាប់ថា លោក ជំទាវធំនៅក្នុងខេត្តរតនគិរីជានរណាទេ?

គួរបញ្ជាក់ថា ដើមសំរងនៅក្នុងព្រៃសហគមន៍ និងតំបន់កន្ទុយនាគស្ថិតក្នុងស្រុកចំនួន៣គឺស្រុកវ៉ើនសៃ,ស្រុកតាវែងនិងស្រុកអណ្តូងមាស នៃខេត្តរតនគិរី រងការកាប់បំផ្លាញដើម្បីរើសផ្លែ លក់ឲ្យក្រុមឈ្មួញវៀតណាមខណៈអាជ្ញាធរខេត្ត, មន្ត្រីជំនាញ,សមត្ថកិច្ចពាក់ព័ន្ធគ្មានវិធាន ការទប់ស្កាត់។ នេះបញ្ជាក់ឲ្យឃើញថា គ្មានអ្នកទទួលខុសត្រូវចំពោះមហន្តរាយនេះទេ។ បើទោះបីគេដឹងថា សកម្មភាពកាប់ដើមសំរងនេះ គួរតែមន្ទីរកសិកម្មនិងបរិស្ថាន ចាត់វិធានការឲ្យមានប្រសិទ្ធភាពបំផុតដើម្បីរក្សាធនធានធម្មជាតិដ៏កម្រនេះក៏ដោយ។ ប្រភពបន្តថា សកម្មភាពកាប់ដើមសំរង មានទាំងឈ្មួញជនជាតិវៀត ណាម និងប្រជាពលរដ្ឋខ្មែរដែលកាប់ផ្ដួលដើម្បីយកផ្លែ។

ប្រភពពីខេត្តរតនគិរីបានឲ្យដឹងថា បុរសម្នាក់មានតួនាទីជាអភិបាលរងក្រុងបានលុង និងបុរសម្នាក់ទៀតមានតួនាទីជាអធិការរងស្រុកអូយ៉ាដាវ ជាអ្នកសម្របសម្រួល ក្នុងការស្វែងរកផលប្រយោជន៍អំពីករណីផ្លែសំរង នាំទៅប្រទេសវៀតណាមនេះ។ ពួកគេត្រូវប្រភពអះអាងថាជាអ្នកស្វែងរកផលប្រយោជន៍ឲ្យថ្នាក់ដឹកនាំ ឬលោកជំទាវធំ ក្នុងករណីផ្លែសំរងដែលកំពុងហុចផល ច្រើនសន្ធឹកសន្ធាប់រាប់ពាន់តោន។ គេប្រាប់ថា នឹងបង្ហាញឈ្មោះបុរសទាំងពីរនាក់នោះនៅពេលក្រោយ។

ចៅហ្វាយខេត្តរតនគិរី លោកញ៉ែម សំអឿ បានព្រមានចំពោះមន្ត្រីមានសមត្ថកិច្ចថ្នាក់ក្រោម មិនអនុញ្ញាតឲ្យមានការលូកដៃ យកលុយពីប្រជាពលរដ្ឋបេះផ្លែសំរងនោះទេ។ យ៉ាងណាក៏ដោយអាជ្ញាធរខេត្ត ហាក់ដូចជាមិនមានវិធានការ ចំពោះការកាប់បំផ្លាញដើមសំរង ពី សំណាក់ឈ្មួញជនជាតិវៀតណាម ក៏ដូចជាការគុបគិតបើកដៃពីសមត្ថកិច្ចនៅតំបន់នោះដែរ។ រីឯបញ្ហាថ្មីដែលកំពុងលិចឡើងនោះ គឺការសម្របសម្រួលនៃមេធីម អ្នកដឹកជញ្ជូនក្រោមឆ័ត្រតែមួយ ក៏មិនឃើញមានប្រតិកម្មពីអាជ្ញាធរខេត្តរតនគិរីដែរ។ 

ប្រភពពីមន្ត្រីរាជការនៅខេត្តរតនគិរីនិយាយថា បញ្ហាផ្លែសំរងនៅរដូវកាលនេះមានតម្លៃរាប់សិបលានដុល្លារ ប៉ុន្តែលុយនោះភាគច្រើន មិនបានដល់ដៃប្រជាពលរដ្ឋក្រីក្រទេ។ ជាងនេះទៅទៀតចំណូលរបស់ជាតិក៏មិនមានដែរ។គេថា ឈ្មួញកណ្ដាល ជាពិសេសឈ្មួញវៀតណាម ចែកផលប្រយោជន៍ជាមួយមន្ត្រីខ្មែរ នៃខេត្តរតនគិរីប្រមូលលុយចែកគ្នាខ្ទង់លានដុល្លារ។ ប៉ុន្តែយ៉ាងណាក៏ដោយគ្មាននរណាហ៊ានប្រឈមឬបញ្ជាក់ឲ្យច្បាស់អំពីបញ្ហានៃការដឹកជញ្ជូនផ្ដាច់មុខដោយក្រុមមេធីម នៅក្នុងខេត្ត រតនគិរីនោះទេ៕

ដោយ:សុិន ខ្វាន់ឆា

ទំនាក់ទំនងព័ត៌មាន:010840732/061881299