យន្តហោះខ្នាតតូចចំនួន១៦គ្រឿង នឹងហោះសម្ដែងជាលើកដំបូងនៅទីលានតេជោ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៦ ដល់២៧ ខែមេសា ឆ្នាំ២០២៤ ខាងមុខនេះ។
លោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា រដ្ឋបាលខេត្តព្រះសីហនុសហការជាមួយសមាគមទេសចរណ៍ (CATA) និងសមាគមហោះហើរប្រទេសថៃ(TEAA) ក្រោមកិច្ចសម្របសម្រួលពីរដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិលកម្ពុជា នឹងរៀបចំកម្មវិធីហោះហើរមិត្តភាពកម្ពុជា-ថៃ ឆ្នាំ២០២៤ “Cambodia-Thai Friendship Air Show 2024”។
លោកអភិបាលរងបន្ថែមថា ជាលើកដំបូងក្នុងប្រទេសកម្ពុជា យន្តហោះខ្នាតតូចចំនួន១៦គ្រឿង នឹងហោះមកពីប្រទេសថៃមកចុះសំចតនៅអាកាសយានដ្ឋានអន្តរជាតិខេត្តព្រះសីហនុ ក្រោមកិច្ចសម្របសម្រួលរបស់ក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដើម្បីត្រៀមហោះហើរសម្ដែងជូនទេសចរជាតិ និងអន្តរជាតិ បានទស្សនាកម្សាន្ត ក៏ដូចជាផ្តល់ឱកាសឱ្យអ្នកសារព័ត៌មានទូទៅអាចថតរូប និងផ្សព្វផ្សាយអំពីសក្តានុពលទេសចរណ៍របស់ខេត្ត។
គោលបំណងនៃព្រឹត្តិការណ៍នេះ មានទិសដៅស្របគ្នានឹងគោលនយោបាយបើកចំហជើងមេឃរបស់រាជរដ្ឋាភិបាល និងមានគោលដៅលើកស្ទួយវិស័យទេសចរណ៍ និងធុរកិច្ចរវាងកម្ពុជា-ថៃ តាមរយៈការឆ្លុះបញ្ចាំងអំពីមិត្តភាពដ៏ល្អប្រទេសទាំង២៕