សង្គម

ផ្ទុះគ្រាប់បណ្តាលមនុស្សស្លាប់៤នាក់និងរងរបួសពីរនាក់ស្ត្រីម្ដាយនិងកូននៅខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ យោងតាមព័ត៌មានបឋមរបស់ពលរដ្ឋរាយការណ៍មកសមត្ថកិច្ច នៅរសៀលថ្ងៃ២០ ខែមេសា ឆ្នាំ២០២៤ មានករណីផ្ទុះគ្រាប់បណ្ដាលឲ្យមនុស្ស៤ នាក់បានបាត់បង់ជីវិត និងមនុស្ស២នាក់ទៀត ជាម្ដាយនិងកូន ត្រូវរងរបួសធ្ងន់ ។

បេីតាមការបញ្ជាក់ពីលោក ឡោ សុខា ស្នងការ នគរ បាល ខេត្តមណ្ឌលគិរី នៅព្រឹក ថ្ងៃទី២១មេសា២០២៤
បានឲ្យដឹងថា សពជនរងគ្រោះចំនួន៤នាក់ដែលស្លាប់ដោយការផ្ទុះគ្រាប់កាលពីរសៀលថ្ងៃទី២០ ខែមេសា ត្រូវបានអ្នកភូមិមិនព្រមឲ្យយកសពចូលភូមិនោះទេ ខណៈ ពេលនេះ ក្រុមគ្រួសារនៃជនរងគ្រោះ និងសមត្ថកិច្ច នគរបាល កំពុងរៀបចំបូជាសពនៅក្នុងព្រៃតែម្តង។

គួរបញ្ជាក់ថា ហេតុការណ៍នេះកើតឡើតនៅភូមិស្រែអ៊ី សង្កាត់រមនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ខណៈជនរងគ្រោះទាំងអស់កំពុងដើររើសជ័រ កាច់ផ្ដៅ នៅក្នុងព្រៃ ។ ក្រោយហេតុការណ៍ផ្ទុះគ្រាប់ដ៏រន្ធត់នេះ នៅសល់ម្ដាយនិងកូនតែ២នាក់ប៉ុណ្ណោះបានរួចផុតជីវិត នឹងព្យាយាមដើរមកភូមិទាំងរបួសពេញខ្លួនគួរឲ្យអាសូរបំផុត មកប្រាប់អ្នកភូមិ និងសុំឲ្យគេជួយ ។

ផ្អែកតាមព័ត៌មានបឋមពីស្ត្រីរងគ្រោះប្រាប់អ្នកភូមិ គឺជនរងគ្រោះទាំងអស់បានដើរក្នុងព្រៃអាស្រ័យផលធម្មជាតិដូចសព្វមួយដង ក៏ប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ។ ក្រោយឃើញបែបនេះ ម្ដាយនិងកូន២នាក់នាំគ្នាដើរចេញពីកន្លែងប្រទះឃើញគ្រាប់នោះ តែជនរងគ្រោះ ៤នាក់ទៀត មិនបានចេញពីកន្លែងនោះទេ។ ក្រោយមកបន្តិចក៏ស្រាប់តែឮសម្លេងផ្ទុះឡើង ធ្វើឲ្យមនុស្សទាំង ៤នាក់បានស្លាប់ ចំណែកម្ដាយនិងកូនស្រីដែលដើរ ចេញនោះក៏បានរងរបួសធ្ងន់និងស្រាលផងដែរ ។

គេនៅមិនទាន់ដឹងថា តើករណីផ្ទុះគ្រាប់នេះបណ្ដាល មកពីមូលហេតុអ្វី និងផ្ទុះគ្រាប់អ្វីនោះទេ ដោយខណៈ នេះសមត្ថកិច្ចជំនាញកំពុងធ្វើការអន្តរគមន៍សង្គ្រោះ និងស្រាវជ្រាវ ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299