សង្គម

ក្រសួងសាធារណការនិងដឹកជញ្ជូនមើលក្រុមមន្ត្រីដែលប្រចាំការនៅស្ថានីយថ្លឹងរថយន្តលើផ្លូវជាតិលេខ៤ក្នុងស្រុកអង្គស្នួលនោះផង

ខេត្តកណ្ដាល÷ ប្រភពព័ត៌មានពីក្រុមឈ្មួញរកស៊ីដឹកទំនិញ ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្ដអង្គស្នួល លើផ្លូវជាតិលេខ៤ ខ្សិបថា សព្វថ្ងៃនេះប្រធានជញ្ជីងថ្លឹងរថយន្តអង្គស្នួល កំពុងសប្បាយចិត្ត ប្រមូលលុយចែកគ្នា ធ្វើមានធ្វើបាន យ៉ាងសុខស្រួល ទោះរថយន្តធំៗ ផ្ទុកលើសទម្ងន់នៅតែអាចធ្វើសកម្មភាព ទាំងយប់ទាំងថ្ងៃ ។ រឿងអាស្រូវពុករលួយរបស់លោក ស៊ូ ទីរ៉ូ និងលោក សុគន្ធដារ៉ារិទ្ធិ ប្រធាននិងអនុប្រធានស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអង្គស្នួលលើកំណាត់ផ្លូវជាតិលេខ៤ចំណុចភូមិទឹកជា ឃុំពើក ស្រុកអង្គស្នួល ត្រូវក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយ៍នេះទម្លាយចេញជាបន្តបន្ទាប់។

អាជីវកដឹកជញ្ជូន ទំនិញ,ដឹកខ្សាច់,ថ្ម ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអង្គស្នួល បានឲ្យដឹងថា ទោះបីពួកគេផ្ទុកលើសទម្ងន់ ឬមិនលើសទម្ងន់យ៉ាងណាក៏ដោយ ក៏ត្រូវតែបង់លុយតាមការកំណត់ របស់ក្រុមមន្ត្រីដែលប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអង្គស្នួលដោយមិនលើក លែងនោះឡើយ។ ប្រភពបន្ថែមថា ទោះបីជារថយន្តដឹក ទំនិញមិនលើសទម្ងន់ក៏ត្រូវតែបង់ប្រាក់ឲ្យពួកមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ថ្លឹងរថយន្តខាងលើនេះដែរ។ រីឯរថយន្តដែលលើសទម្ងន់ គឺត្រូវតែបង់ប្រាក់ច្រើនទ្វេដងជាថ្នូរនិងការមិនបង្ក្រាប។

ប្រភពបានបន្ថែមទៀតថា ពួកគាត់ដឹកជញ្ជូនទំនិញ ឬកសិផលផ្សេងៗ ចេញពីទីក្រុងភ្នំពេញ ឆ្ពោះទៅបណ្ដាខេត្តនានា ឆ្លងកាត់ស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអង្គស្នួល ស្រុកអង្គស្នួល ខេត្តកណ្តាល គោរពតាមច្បាប់កំណត់ក៏នៅតែចៀសមិនផុតពីបង់លុយ ឲ្យក្រុមមន្ត្រីពុករលួយ និងបក្សពួកប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តនោះដែរ ។ នៅទីនេះគេហៅថាសេវាបាយទឹកសម្រាប់ក្រុមមន្ត្រីដែលប្រចាំការនៅទីនោះ។ យ៉ាងហោចណាស់ក៏ត្រូវជួយគ្នាក្នុងរដូវក្តៅដូចជាទឹកសុទ្ធមួយកេះតម្លៃ៥ដុល្លារសម្រាប់រថយន្តដែលមិនលើសទម្ងន់។ វាជាការជួយគ្នា ទៅវិញ ទៅមកដើម្បីកុំឲ្យមន្ត្រីដែលប្រចាំការនៅស្ថានីយ៍ខាងលើនេះខ្វះទឹកផឹក។

ប្រភពពីមន្ត្រីក្នុងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកណ្ដាល បានឲ្យដឹងថា ការដែលក្រុមមន្ត្រីប្រចាំស្ថានីយ៍ជញ្ជីងថ្លឹងរថយន្តអង្គស្នួល តាមបណ្តោយផ្លូវជាតិលេខ៤ ចំណុចស្រុកអង្គស្នួល គាបយកលុយពីម្ចាស់រថយន្តដឹកទំនិញតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីមន្ត្រី ធំៗនៅខាងលើផងដែរ។ ម្ចាស់រថយន្តដឹកទំនិញមួយចំនួនលែងភ័យខ្លាចចំពោះការដឹកលើសទម្ងន់នោះហើយក៏ព្រោះតែបើទោះជារថយន្តរបស់ខ្លួនមិនលើសទម្ងន់ក៏ត្រូវតែបង់សេវាបាយទឹកជូនក្រុមមន្ត្រីដែលប្រចាំ ការនៅលើផ្លូវជាតិលេខ៤ចំណុចស្រុកអង្គស្នួលនោះដែរ។ ប្រភពឃើញផ្ទាល់ភ្នែកបានឲ្យដឹងទៀតថា ពេលរថយន្តធំៗ ដឹកទំនិញលើសទម្ងន់បើកបរឆ្លងកាត់មុខស្ថានីយ៍ គឺតែងតែឃើញព្រូរថយន្តឬអ្នកបើកបរ រថយន្តរត់យ៉ាងប្រសេចប្រសាចទៅបង់លុយឲ្យ  ប្រធានជញ្ជីងនឹងក្រុមមន្ត្រីប្រចាំស្ថានីយ៍អង្គស្នួល តាមការកំណត់ដោយមិនអាចតវ៉ាបាននោះទេ។

នេះគឺជាចំណុចអសកម្ម ដែលគួរតែមានការកែទម្រង់ជាបន្ទាន់មួយទាំងអាជ្ញាធរខេត្តកណ្ដាលនិងក្រសួង សាធារណការនិងដឹកជញ្ជូន។ បញ្ហានេះគឺជារឿងដែល លោក ប៉េង ពោធិ៍សា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន និង លោក សេង ឈួន រដ្ឋលេខាធិការទទួល បន្ទុកប្រធានជញ្ជីងទូទាំងប្រទេស មិនគួរមើលរំលងតទៅទៀតនោះទេព្រោះក្រុមជញ្ជីងថ្លឹងរថយន្តលើ ផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល កំពុងក្លាយទៅជាជញ្ជីងថ្លឹងលុយតែម្យ៉ាងគត់៕

ដោយ:សុិន ខ្វាន់ឆា

ទំនាក់ទំនងព័ត៌មាន:010840732/061881299