ខេត្តមណ្ឌលគិរី÷ បើទោះបីជា លោកថង សាវុន អភិបាលខេត្តរៀបចំឲ្យមានព្រឹត្តិការណ៍សង្ក្រាន្តយ៉ាងគគ្រឹកគគ្រេង នៅទីរួម ខេត្តមណ្ឌលគិរី យ៉ាងណាក៏ដោយ ក៏មិនជាទីចាប់ អារម្មណ៍របស់ក្រុមមន្ត្រីនៃរដ្ឋបាលស្រុកពេជ្រាដានោះទេ។ ពួកគេប្រមូលផ្ដុំគ្នាជល់មាន់ច្រើនគូក្នុង១ថ្ងៃៗ នៅតាមទីតាំងដែលបានកំណត់ដូចជានៅចំការកៅស៊ូ,ចំការម្រេចនិងចំការស្វាយចន្ទីជាដើម។ អ្វីដែលពិសេសជាងនេះបើទោះបីជាពិធីបុណ្យចូលឆ្នាំបានបញ្ចប់ក៏ដោយ ក៏ដំណើរការជល់មាន់នៅស្រុកពេជ្រាដា នៅតែបន្តលេងជាធម្មតា។ ទាំងអភិបាលស្រុកពេជ្រាដា លោក វណ្ណា ម៉ាប់,អធិការស្រុកពេជ្រាដាលោក ផ្លង ជំនិត ហាក់មាន ទំនុកចិត្តយ៉ាងខ្លាំង ទើបបានជាសង្វៀនជល់មាន់ នៅ ក្នុងមូលដ្ឋាននេះអាចដំណើរការដោយរលូន។
ប្រភពរាយការណ៍ថា សង្វៀនជល់មាន់ចល័តចុះឡើង នៅស្រុកពេជ្រជ្រាដាបានដំណើរការឡើងវិញ បន្ទាប់ពីខកខាតមួយរយៈពេលខ្លី។ ពួកគេបានចាប់ដំណើរការតាំងពីមុនពិធីបុណ្យចូលឆ្នាំថ្មី និងរហូតដល់ពេលនេះនៅតែបន្តលេងយ៉ាងសប្បាយរីករាយ។ ប្រភពប្រាប់ថា អ្វីដែលគេអាចលេងបានដោយគ្មានការភ័យខ្លាចនោះព្រោះគេបានសម្របសម្រួលរត់ការរួចអស់ហើយ រាប់ ទាំងថ្នាក់ខេត្តនោះផង។ ក្រុមអ្នកលេងល្បែង ជល់មាន់ដែលញៀនខ្លាំង សូម្បីតែចៅហ្វាយស្រុកក៏ដកចិត្តមិនរួចនោះ ។ ពួកគេចាប់ផ្ដើមដំណើរការច្រើនគូរចាប់ ពីថ្ងៃទី ១៣ខែមេសា នោះមក ដើម្បីចូលរួមអបអរសាទរពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ដូច្នេះដំណើរការជល់ មាន់ច្រើនគូក្នុង១ថ្ងៃៗ បានចាប់ផ្ដើមតាំងពីថ្ងៃទី១៣ ខែ មេសារហូតមក។
គួររំលឹកថា ល្បែងជល់មាន់បន្តដំណើរការឡើងវិញនៅតាមចំការ កៅស៊ូ,ចំការម្រេច,ចំការស្វាយចន្ទី…របស់ប្រជាពលរដ្ឋឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលប្រការនេះទាមទារឲ្យលោកឡោ សុខា ស្នងការនគរបាលខេត្ត មណ្ឌលគិរី មើលការដឹកនាំរបស់លោកផ្លង ជំនិតអធិការនគរបាលស្រុកពេជ្រាដានោះផង។ អ្នកភូមិបានឱ្យដឹងថា ក្រៅពីប្រជាពលរដ្ឋធម្មតា ក៏មានថ្នាក់ដឹកនាំស្រុកជាអ្នកចូលចិត្តលេងល្បែងស៊ីសងជល់ មាន់នេះដែរ។ ជាងនេះទៅទៀត អ្នកភូមិនិយាយថា សង្ក្រាន្តឆ្នាំថ្មីដែលចៅហ្វាយខេត្តមណ្ឌលគិរីរៀបចំ នៅក្រុងសែន មនោរម្យ មិនជាទីចាប់អារម្មណ៍របស់ពួកគេទេ។
ប្រជាពលរដ្ឋខ្សិបថា សង្វៀនជល់ចល័តចុះឡើងកំពុងញាំញីអង្រួនជីវភាព រស់នៅប្រជាពលរដ្ឋនៅទីប្រជុំជនប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ អ្នក ភូមិថា ល្បែងជល់មាន់នៅក្នុងស្រុកពេជ្រាដា ជាពិសេសនៅទីប្រជុំជនប៊ូស្រា ហាក់ដូចជាមិនខ្លាចច្បាប់ទម្លាប់របស់ប្រទេសនោះឡើយ។ មិនតែប៉ុណ្ណោះ អាជ្ញាធរថ្នាក់ស្រុក ត្រូវប្រជាពលរដ្ឋមើលឃើញថា ជាអ្នកដើមភ្លើងឲ្យមានវង់ល្បែងស៊ីសងនោះទៅវិញ។ លោកអភិបាលស្រុក ក៏ដូចជាអធិការស្រុក..ជិះរថយន្តចុះឡើង នៅទីប្រជុំជនប៊ូស្រា គឺដើម្បីហៅគ្នីគ្នាទៅជល់មាន់,មិនមែនមើលបញ្ហាសន្តិសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋនោះទេ ។ លោកអធិការផ្លង ជំនិត ជិះរថយន្តហ្វតពណ៌ស ដើម្បីហៅគ្នីគ្នាទៅលេងមាន់តែប៉ុណ្ណោះ។ ទាំងចៅហ្វាយស្រុក លោកវណ្ណា ម៉ាប់និងអធិការស្រុក ផ្លង ជំនិត ..បានប្រយោជន៍ច្រើនពីសង្វៀនជល់មាន់គឺបានលេងខ្លួនឯងផងនិងបានលុយពីម្ចាស់សង្វៀនផង។
ប្រភពបាននិយាយថារយៈពេល៤,១០ថ្ងៃកន្លងមកនេះក្រុមអ្នកមានល្បែងជល់មាន់ បានចាប់ផ្ដើមដំណើរការឡើងវិញដោយមានអាជ្ញាធរស្រុក ទាំងចៅហ្វាយស្រុកនិងទាំងអធិការស្រុក ជាអ្នកផ្ដួចផ្ដើមគំនិត។ ពួកអ្នកញៀនល្បែងទាំងអធិការ ទាំងចៅហ្វាយស្រុកនិយាយថាគឺជាការចូលរួមអបអរសាទរ បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។ ការលើកឡើងរបស់អាជ្ញាធរស្រុកពេជ្រាដា ហាក់ ដូចជាមិនឲ្យតម្លៃទៅលើអ្វីដែលថ្នាក់ដឹកនាំខេត្ត លោកថង សាវុន បានចំណាយប្រាក់រាប់លានរៀល ដើម្បីរៀប ចំសង្ក្រាន្តនៅខេត្តមណ្ឌលគីរីនោះឡើយ។
ដំណើរការលេងល្បែងស៊ីសងជល់មាន់លើកនេះ ត្រូវគេប្រាប់ថា មានការរឹតត្បិតតឹងរឹង ផ្នែកសន្តិសុខសណ្ដាប់ ធ្នាប់យ៉ាងខ្លាំង សូម្បីតែអ្នកទៅលេង ក៏ត្រូវត្រួតពិនិត្យទូរសព្ទផងដែរ។ ប្រភពប្រាប់ថា ដើម្បីសុវត្ថិភាពជៀស វាងការបែកធ្លាយរូបភាពផ្សេងៗចេញពីសង្វៀនជល់មាន់ អ្នករៀបចំសង្វៀនមិនអនុញ្ញាតឲ្យអ្នកចូល ក្នុងសង្វៀនជល់មាន់យកទូរសព្ទដៃដើម្បីថតរូបភាពទៅជាមួយនោះឡើយ។ គេនិយាយថា គឺដើម្បីសុវត្ថិភាពទាំងអស់គ្នា។ ដូច្នេះមិនអាចមាននរណា ថតរូបភាពលេងជល់មាន់ឬទីតាំងជល់ មាន់នោះបានទេ។
អ្នកលេងល្បែងមាន់ជល់នៅស្រុកពេជ្រាដាមុខដដែលៗ ដែលក្នុងនោះមានទាំងលោកវណ្ណា ម៉ាប់ ចៅហ្វាយស្រុកនិងលោកអធិការស្រុកពេជ្រាដាផងដែរ។ ក្រុមអ្នកញៀនល្បែងដឹកនាំដោយអាជ្ញាធរស្រុកពេជ្រាដា ហាក់ដូចជាមើលស្រាលនឹងបទបញ្ជា,និងការរៀបចំសង្ក្រាន្តរបស់ចៅហ្វាយខេត្តមណ្ឌលគិរី លោកថង សាវុន និងគុបគិត ជាមួយសមត្ថកិច្ចថ្នាក់ខេត្ត ពិសេសលោកឡោ សុខា ស្នងការនគរបាលខេត្ត ក្នុងផលប្រយោជន៍ណាមួយ។ គេរំពឹងថា ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីទាំងចៅហ្វាយខេត្តលោក ថង សាវុន និងលោកឡោ សុខា ពិនិត្យមើលពួកអាជ្ញាធរស្រុកពេជ្រាដា ដែលកំពុងគឃ្លើនញៀននិងល្បែងជល់ មាន់នេះផង៕
ដោយ: សុិនខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299