ព័ត៌មានជាតិ

កម្ពុជាគ្រោង​បោះឆ្នោតជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ នៅ​ថ្ងៃទី២៦ ខែឧសភា ២០២៤

កម្ពុជានឹង​ធ្វើ​ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ ធ្វើនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ។

លោក ហេង ស៊ីឡេង សមាជិក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បាន​ឱ្យដឹងថា សម្រាប់ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​នេះ គ.ជ.ប បានសម្រេចលើបញ្ជីបោះឆ្នោតដំបូង នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ដែល​មានការិយាល័យបោះឆ្នោតចំនួន ២០៩ ការិយាល័យ និងមានអ្នកបោះឆ្នោតសរុបចំនួន ១១ ៦២២ នាក់។

តាមប្រតិទិនសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុម​ប្រឹក្សា​រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ (កែសម្រួល) គ.ជ.ប ត្រូវធ្វើការបិទផ្សាយ បញ្ជីបោះឆ្នោតដំបូងនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤។ ដោយឡែកការ​ឃោសនា​បោះ​ឆ្នោត​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ​១៧ ​ដល់​ថ្ងៃ​ទី ​២៤​ ខែ​ឧសភា។

ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​រាជធានី ​ខេត្ត​ ក្រុង ​ស្រុក​ ខណ្ឌ ​ធ្វើ​ឡើង​រៀង​រាល់​៥​ឆ្នាំ​ម្តង​ ដែល​អង្គ​បោះ​ឆ្នោត ​គឺ​ជា​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់ ​ដែល​ជាប់​ឆ្នោត​សរុប​ប្រមាណ​ ១២.០០០ ​នាក់។​ អាសនៈ​សម្រាប់​សមាជិក​ក្រុម​ប្រឹក្សា​រាជធានី​ ខេត្ត ​ក្រុង ​ស្រុក​ និង​ខណ្ឌ​មាន​ចំនួន​ ៤.២០០​ នៅ​ទូទាំង ​២៥ ​ខេត្ត​ រាជធានី។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​(គ.ជ.ប.) ​ចេញ​ផ្សាយ​កាល​ពី​កន្លង​ទៅ។៕