អង្គការយូអិនឌីភី (UNDP Cambodia) កំពុងធ្វើការជាមួយក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង Help Age Cambodia ដើម្បីលើកកម្ពស់សុខុមាលភាពរបស់មនុស្សចាស់នៅកម្ពុជា តាមរយៈការសាកល្បងគំរូថ្មី នៃសមាគមមនុស្សចាស់ ដែលហៅថា សមាគមមនុស្សចាស់អន្តរជំនាន់ ដែលផ្សាភ្ជាប់សមាគមមនុស្សចាស់ ជាមួយស្ថាប័នសាសនា ជាពិសេសវត្តអារាម ។
លោកយាយ សាយ គា ដែលជាសមាជិក របស់សមាគមមនុស្សចាស់ ក្នុងខេត្តសៀមរាប បានលើកឡើងថា កាលដែលមិនទាន់មានសមាគមនោះមក «ខ្ញុំនៅផ្ទះជួនកាលក៏ដូចជាឈឺក្បាលនោះតិច ឈឺពោះនោះតិច ដល់មានសមាគមមនុស្សចាស់នេះមក ខ្ញុំទៅជុំគ្នា ភ្លេចការឈឺចាប់បន្តិចបន្តួចនោះអស់ ។ ប្រជុំមនុស្សចាស់សួរសុខទុក្ខគ្នា មានចិត្តរីករាយ បំបាត់នូវភាពអផ្សុក ហើយក៏មិនមានការឯកោម្នាក់ឯងនៅក្នុងផ្ទះទេ ទៅជុំគ្នា » ។
សូមបញ្ជាក់ថា អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ឬហៅថា UNDP បានសហការជាមួយអង្គការ Help Age Cambodia និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បង្កើតសមាគមមនុស្សអន្តរជំនាន់ ដោយយកវត្តអារាមជាកន្លែងមូលដ្ឋាន ក្រោយរកឃើញថា មនុស្សចាស់ប្រមាណជា៥០ភាគរយ មិនមានការងារដែលទទួលបានប្រាក់ចំណូលនោះទេ ដែលធ្វើឱ្យពួកគាត់ងាយនឹងរងប៉ះពាល់ផ្នែកហរិញ្ញវត្ថុ ៕