នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ដើមសប្តាហ៍ក្រោយនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នឹងធ្វើដំណើរទៅកាន់ទីក្រុងបាងកក ដើម្បីថ្លែងសុន្ទរកថាពិសេស នៅក្នុងពិធីបើកសន្និបាតលើកទី៨០ របស់គណៈកម្មការសេដ្ឋកិច្ច និងសង្គមកិច្ច សម្រាប់អាស៊ី-ប៉ាស៊ីហ្វិក UN-ESCAP ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា សន្និបាតប្រចាំឆ្នាំនេះ នឹងពិភាក្សាអំពីសក្តានុពលនៃបច្ចេកវិទ្យាឌីជីថល និងវិធីសាស្ដ្រពង្រឹងកិច្ចសហប្រតិបត្តិការតំបន់ក្នុងការដោះស្រាយបញ្ហាប្រឈមជាសកលដែលកំពុងកើតមាន និងការពន្លឿនការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព។
ក្នុងការចូលរួមពិធីនេះ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តម លី ធុច ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិអេស្តាប់ និងឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និង ទូរគមនាគមន៍ ព្រមទាំងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញអមដំណើរសម្តេចធិបតីផងដែរ៕