ខេត្តតាកែវ ៖ មានក្រុមប្រជាពលរដ្ឋជាច្រើនគ្រួសារ មកពីភូមិអង្គក្រូច ឃុំបូរីជលសារ ស្រុកបុរីជលសារ ខេត្តតាកែវ បានផ្ទុះការតវ៉ានៅមុខតុលាការខេត្តតាកែវ នៅព្រឹកថ្ងៃទី៩ ខែមេសា ឆ្នាំ ២០២៤នេះ ដោយទាមទារឲ្យតុលាការខេត្តតាកែវ និងបានអំពាវនាវដល់ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួយរកយុត្តិធម៌ជូនពួកគាត់ក្រោយពីអតីតៈប្រធានការរិយាល័យសូរិយោដីស្រុកបូរីជលសារ បានប្ដឹងពួកគាត់មកកាន់តុលាការខេត្តតាកែវ ពីបទរំលោភដីអាស្រ័យផល ដែលដីទាំងអស់នេះពួកគាត់បានរស់នៅជិត៤០ឆ្នាំកន្លងមកហើយ។
តាមការឲ្យដឹងពីប្រជាពលរដ្ឋទាំងនោះបានប្រាប់បណ្ដាញសារពត៌មាននៅមុខតុលាការខេត្តតាកែវថា ឈ្មោះ ញ៉ៅ លី អតីតប្រធានការិយាល័យសូរិយោដីស្រុកបុរីជលសារ បានប្ដឹងចោទបំពាន ថាប្រជាពលរដ្ឋបានសង់ផ្ទះរស់នៅ និងអាស្រ័យផល លើដីរបស់គាត់ តែតាមការពិតប្លង់ដី ដែលបុគ្គលឈ្មោះ ញ៉ៅ លី មាន ទើបតែធ្វើឆ្នាំ១៩៩៣ ប៉ុណ្ណោះ ចំណែកបងប្អូនប្រជាពលរដ្ឋជាច្រើនគ្រួសារបាន មករស់នៅ សង់ផ្ទះ អាស្រ័យផល តាំងពីឆ្នាំ១៩៨០មកម្លេះ ហើយការមករស់នៅនេះមានទាំងបង្កាន់ដៃអាស្រ័យផលដែលទទួលស្គាល់ដោយលោកមេភូមិ មេឃុំ ថែមទៀតផង។
បងប្អូនប្រជាពលរដ្ឋក៏បានសំណូមពរដល់តុលាការខេត្តតាកែវ ទម្លាក់ការចោទប្រកាន់ និងបានសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាលជួយអន្តរាគមន៍បញ្ហានេះ ដោយជួយសើររើការលួចធ្វើប្លង់ដីរបស់បុគ្គល ញ៉ៅ លី ដែលខ្លួនពីមុនជាប្រធានការរិយាល័យសូរិយោដីស្រុក បានលួចធ្វើប្លង់យកដីប្រជាពលរដ្ឋដោយមិនអោយប្រជាពលរដ្ឋបានដឹង ហើយថែមទាំងប្ដឹងប្រជាពលរដ្ឋមកកាន់តុលាការថែមទៀតផង។
ដោយឡែកអតីតៈមេភូមិអង្គក្រូច ស្រុកបុរីជលសារដែលបានរៀបចំដីនៅក្នុងភូមិនេះ បានធ្វើការអះអាងថា លោកមិនបានដឹងថា ដីនៅតំបន់នេះមានកម្មសិទ្ធិរបស់បុគ្គលឈ្មោះ ញ៉ៅ លី នោះទេ គឺឃើញថាបងប្អូនប្រជាពលរដ្ឋបានរស់នៅជាយូឆ្នាំមកហើយ ដូច្នោះសូមថ្នាក់ដឹកនាំជួយអន្តរាគមន៍ដល់បងប្អូនប្រជាពលរដ្ឋឲ្យបានកាន់កាប់ដីដោយស្របច្បាប់ផង៕
ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299