នាថ្ងៃអង្គារ ទី០៩ ខែមេសា ឆ្នាំ២០២៤ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានចេញសារតាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ សម្តេចបានចេញសារដាស់តឿនពី “គម្រោងព្រែកជីកហ្វូណនតេជោ” ដែលមានខ្លឹមសារដើមទាំងស្រុង ដូចខាងក្រោម៖
“បន្ទាប់ពីការចុះផ្សាយមួលបង្កាច់ជាបន្តបន្ទាប់អំពីវត្តមានកងទ័ពចិន នៅមូលដ្ឋានកងទ័ពជើងទឹករាម ពេលនេះគេមកប្រឌិតរឿង ព្រែកជីកតេជោហ្វូណនម្តង ដែលលើកឡើងទាំងល្ងិតល្ងង់ថា ព្រែកជីកនេះនឹងសម្រួលដល់កងទ័ពជើងទឹកចិន ជិតព្រំដែនវៀតណាមបន្ថែមទៀត ក្នុងពេលដែលព្រែកជីក កំពុងស្ថិតនៅក្នុងគំរោងនៅឡើយ។
ថ្ងៃនេះខ្ញុំចង់ដាស់តឿនដល់មិត្តភក្ដិ ឬមិនមែនមិត្តភក្ដិ លើចំណុចមួយចំនួនដូចខាងក្រោម៖
១. តើកម្ពុជាត្រូវការកងទ័ពចិន មកធ្វើអ្វី? និងដើម្បីអ្វី?
២. កម្ពុជា និងវៀតណាម ជាប្រទេសជិតខាងប្រកបដោយមិត្តភាព និងសហប្រតិបត្តិការល្អ លើគ្រប់វិស័យ។
៣. ចិន និងវៀតណាម មានទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។
៤. តើកម្ពុជាឆោតល្ងង់រហូតដល់យកកងទ័ពចិន មកនៅក្នុងប្រទេសរបស់ខ្លួន ដែលវាផ្ទុយជាមួយរដ្ឋធម្មនុញ្ញរបស់ខ្លួនឬ? និង តើចិនឆោតល្ងង់រហូតយកកងទ័ពខ្លួនមកនៅកម្ពុជា ដែលវាផ្ទុយជាមួយគោលការគោរពឯករាជ្យភាពកម្ពុជា ពីសំណាក់ចិនឬ?
៥. ក្រៅពីមាត្រា៥៣ នៃរដ្ឋធម្មនុញ្ញ ដែលហាមឃាត់មិនឲ្យកម្ពុជា មានមូលដ្ឋានយោធាបរទេសលើទឹកដីរបស់ខ្លួន នៅមានមាត្រាទី៥៥ បានចែងយ៉ាងច្បាស់ថា (សិន្ធិសញ្ញា និងកិច្ចព្រមព្រៀងទាំងឡាយណា ដែលមិនស្របនឹងឯករាជ្យអធិបតេយ្យបូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល)។ ចំណុចនេះបានបញ្ជាក់ច្បាស់ថា គ្មានកិច្ចព្រមព្រៀងណាមួយអនុវត្តបានទេ ប្រសិនវាមិនស្របជាមួយឯករាជ្យ អធិបតេយ្យភាពកម្ពុជា ព្រោះរដ្ឋធម្មនុញ្ញបានលុបចោលរួចទៅហើយ។
៦. គម្រោងព្រែកជីក ហ្វូណនតេជោ គឺជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមសុទ្ធសាធ ដែលវាជួយឱ្យកម្ពុជាផ្នែកនិរតី មានផ្លូវទឹកដឹកជញ្ជូនទៅកាន់សមុទ្រ បន្ថែមលើផ្លូវដឹកជញ្ជូនតាមដងទន្លេមេគង្គដែលមានស្រាប់។ ជួយឱ្យប្រជាជននៅតាមព្រែកនេះមានទឹកប្រើប្រាស់សម្រាប់បង្កបង្កើនផល ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា និងជួយបង្កើននូវផលត្រីទឹកសាប នៅតាមព្រែកនេះ។ល។
គម្រោងព្រែកជីកនេះ មិនប៉ះពាល់ដល់លំហូរទឹកនៃទន្លេមេគង្គនោះឡើយ ព្រោះម្យ៉ាង ព្រែកនេះមិនតភ្ជាប់ពីទន្លេមេគង្គនោះទេ តែចេញពីទន្លេបាសាក់ និងម្យ៉ាងទៀត យើងមានទ្វារទឹកមិនឱ្យទឹកសាបធ្លាក់ចូលទៅក្នុងសមុទ្រនោះឡើយ។ យើងអនុវត្តតាមកិច្ចព្រមព្រៀងមេគង្គ១៩៩៥ សូមនាំគ្នាសួរទៅគណៈកម្មការទន្លេមេគង្គ ព្រោះយើងបានជូនដំណឹងតាមកិច្ចព្រមព្រៀងនេះ ទៅគណៈកម្មការទន្លេមេគង្គរួចហើយ។
យើងសូមអំពាវនាវ សូមកុំមួលបង្កាច់យើង ក្នុងគោលបំណងប្រឆាំងចិន តាមយុទ្ធសាស្រ្តនៃភូមិសាស្ត្រនយោបាយអី ឈប់បានឈប់ទៅ។ យើងក៏ចេះគិតពីប្រយោជន៍ជាតិរបស់យើងដូចពួកអ្នកឯងដែរ ហើយខួរក្បាលរបស់ពួកអ្នកឯងក៏មិនប្រាកដថា ពូកែជាងពួកខ្ញុំនោះទេ សំណាងត្រង់ពួកអ្នកឯងកើតក្នុងប្រទេសអ្នកមាន ឯពួកខ្ញុំកើតក្នុងប្រទេសក្រីក្រ ទើបពួកអ្នកឯងមើលងាយពួកខ្ញុំ៕”