នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីក្ដីបារម្ភពីការថយចុះកំណើនពលរដ្ឋ ដែលថានឹងអាចធ្វើឱ្យកម្ពុជាអាចប្រឈមនឹងបញ្ហាកង្វះពលកម្មនៅពេលអនាគត។
ថ្លែងក្នុងពិធីបិទសន្និបាតការងារឆ្នាំ២០២៣ ក្រសួងផែនការ ព្រឹកថ្ងៃអង្គារ៍ ទី៩ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាតាមការប៉ាន់ស្មាន កម្លាំងពលកម្មពីបច្ចុប្បន្នដល់ឆ្នាំ២០៥០មិនសូវចោទជាបញ្ហាប៉ុន្មានទេ តែក្នុងឆ្នាំ២០៥០ចំនួនប្រជាជនវ័យកណ្ដាលនិងថយចុះទាបជាងប្រជាជនដែលមានវ័យចំណាស់។
អ៉ីចឹងជាថ្មីម្ដងទៀតទោះបីជាការព្យាករផ្អែកទៅលើទិន្នន័យជំរឿននេះគិតថាយើងមិនទាន់មានបញ្ហាចោទឆ្នាំ២០៥០ តែយើងឃើញមានគម្លាតរវាងអ្នកដែលមានអាយុចាស់លើសកម្លាំង ចំនួនមនុស្សវ័យកណ្ដាលពេញកម្លាំងនេះកើន ហើយប្រសិនជាអត្រានៃកំណើតកាន់តែថយទៅទៀតយើងអាចមានបញ្ហាប្រឈម
សម្ដេចជំរុញដល់គូរស្វាមីភរិយាដែលមានលទ្ធភាពសេដ្ឋកិច្ចគួរមានកូនឱ្យបានច្រើន។
ក្នុងរបាយការណ៍ជំរឿនឆ្នាំ២០១៩ ប្រជាជនកម្ពុជាមានចំនួនប្រមាណ១៥,៣លាននាក់ កើនប្រមាណ ១,៨លាននាក់បើធៀបនឹងតួលេខជំរឿនឆ្នាំ២០០៨ ក្នុងអត្រាកំណើនប្រចាំឆ្នាំតែ ១,២ភាគរយប៉ុណ្ណោះ។ អត្រានេះត្រូវបានវាយតម្លៃថាមានការធ្លាក់ចុះយ៉ាងខ្លាំង អាចដោយសារអត្រានៃលទ្ធភាពបង្កើតកូនធ្លាក់ចុះ និងការធ្វើចំណាកស្រុករបស់ប្រជាជនកម្ពុជាទៅកាន់ប្រទេសផ្សេង ជាពិសេសប្រទេសជិតខាង៕