បើតាមសេចក្តីជូនដំណឹងរបស់ ក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមេសា មុនពិធីបុណ្យចូលឆ្នាំខ្មែរ សីតុណ្ហភាពអាចនឹងឡើងរហូតដល់៣៩អង្សាសេ។
ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្ទថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្ទចិនខាងត្បូង ដែលស្ថានភាពបែបនេះនឹងធ្វើឱ្យតំបន់វាលទំនាប មានសីតុណ្ហភាពអប្បបរមា២៦អង្សាសេ និងសីតុណ្ហភាពអតិបរមា៣៨អង្សាសេ។ ខ្យល់បក់មកពីទិសអាគ្នេយ៍ និងទិសនិរតី មានល្បឿនមធ្យម២ម៉ែត្រក្នុង១វិនាទី។ តំបន់ភាគពាយ័ព្យអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ។ រីឯតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា៣៩អង្សាសេ។ ខ្យល់បក់មកពីទិសបស្ចិម និងទិសនិរតី មានល្បឿនមធ្យម៣ម៉ែត្រក្នុង១វិនាទី។ តំបន់ភាគពាយ័ព្យអាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ។
ដោយឡែក តំបន់មាត់សមុទ្ទ មានសីតុណ្ហភាពអប្បបរមា២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា៣៦អង្សាសេ។ ខ្យល់បក់មកពីទិសនិរតីមានល្បឿនមធ្យម២ម៉ែត្រក្នុង១វិនាទី។ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្ដប់លើផ្ទៃដី១០ភាគរយ។ រលកសមុទ្ទមានកម្ពស់មធ្យមអប្បបរមា០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,៥០ម៉ែត្រ៕