សង្គម

ពលរដ្ឋក្រុងសែនមនោរម្យ÷រឿងចាក់ស្តើង ស៊ីក្រាស់ ជាជំនាញរបស់លោកញ៉ែម រ៉ា ធ្វើឲ្យផ្លូវក្នុងក្រុងឆាប់ខូច

មិនថាផ្លូវចាក់បេតុងឬផ្លូវកៅស៊ូនោះទេ នៅកណ្ដាលក្រុងសែនមនោរម្យទីរួមខេត្តមណ្ឌលគិរី រងការខូចខាតស្ទើរបើកបរមិនកើត ឬបើកបរបង្កឲ្យមានគ្រោះថ្នាក់ដល់យានយន្ត ។ អាជ្ញាធរក្រុងសែនមនោរម្យ ស្នើឱ្យអ្នកកាន់ លុយថ្នាក់ខេត្ត ប្រញាប់ជួសជុលផ្លូវនោះឲ្យបានមុនចូល ឆ្នាំប្រពៃណីជាតិ។ ប៉ុន្តែមើលទៅដូចជាមិនមានសង្ឃឹមនោះទេ។

ប្រជាពលរដ្ឋរអ៊ូរទាំដោយនិយាយថា វាជាវិធីចាក់ស្ដើងស៊ីក្រាស់របស់ លោកញ៉ែម រ៉ា មន្ត្រីនៃរដ្ឋបាលខេត្ត មណ្ឌលគិរីទទួលបន្ទុកកិច្ចការងារលុយកាក់ រឿងធ្វើផ្លូវនៅក្នុងខេត្ត។ ដោយសារតែចាក់ស្ដើងស៊ីក្រាស់នេះហើយ ទើបធ្វើឲ្យផ្លូវជាច្រើនខ្សែរនៅក្នុងក្រុងឆាប់ខូច ខាតបន្ទាប់ពីធ្វើរួចដើរចេញមិនទាន់បានប៉ុន្មានថ្ងៃផងនោះ។ ករណីផ្លូវខូចច្រើនខ្សែនៅក្នុងក្រុងសែនមនោរម្យនេះរដ្ឋបាលអភិបាលក្រុងសែនមនោរម្យ បានស្នើឱ្យមានការត្រួតពិនិត្យ ឬជួសជុលឡើងវិញពី លោកញ៉ែម រ៉ា នោះដែរ ប៉ុន្តែលោកញ៉ែម រ៉ា ថា រងចាំចូលឆ្នាំហើយ។

ផ្លូវដែលខូចខាតមានច្រើនខ្សែហើយបើតាមមន្ត្រីជំនាញមើលឃើញថា របៀបស៊ីលុយរបស់ក្រុមមន្ត្រីនៃសាលា ខេត្តមណ្ឌលគិរីលើការងារធ្វើផ្លូវនេះ គឺស៊ីច្រើនពេកទើបធ្វើឲ្យផ្លូវឆាប់ខូច។ ករណីផ្លូវខូចច្រើនខ្សែនេះ មិនមែនតែប្រជាពលរដ្ឋឬភ្ញៀវទេសចរណ៍នោះទេ ដែលមើល ឃើញនិងស្នើឲ្យមានការជួសជុលឡើងវិញ សូម្បីតែថ្នាក់ ដឹកនាំខេត្តក៏ដូចជារដ្ឋបាលអភិបាលក្រុង ក៏មើលឃើញនិងស្នើឲ្យលោកញ៉ែម រ៉ា អ្នកកាន់លុយកាក់បញ្ហាធ្វើផ្លូវខេត្ត មេត្តាជួសជុលផ្លូវទាំងនោះឡើងវិញដែរ។ ក៏ប៉ុន្តែសំណើរនេះហាក់ដូចជាមិនបានទទួលលទ្ធផលជាវិជ្ជមាននិងទាន់ពេលវេលានោះទេ។

ប្រជាពលរដ្ឋរិះគន់រដ្ឋបាលខេត្តមណ្ឌលគិរីដែលបណ្ដែត បណ្ដោយឲ្យមន្ត្រីពុករលួយ នៅសម័យនេះហើយ កាន់ ការងារដែលបណ្ដាលឲ្យ ប្រជាពលរដ្ឋជួបប្រទះនូវការលំបាក។ របៀបស៊ីលើស៊ីក្រោម ធ្វើឲ្យស្ថានភាពផ្លូវឆាប់ខូចនេះគួរតែថ្នាក់ដឹកនាំខេត្តមណ្ឌលគិរីពិនិត្យលទ្ធភាពដើម្បីសិក្សាថា តើគួរឲ្យមន្ត្រីបែបនេះនៅបន្តដឹកនាំធ្វើឲ្យប្រជាពលរដ្ឋរិះគន់និងថ្នាំងថ្នាក់ដល់រាជរដ្ឋាភិបាលនិងរដ្ឋបាលខេត្តទៀតឬយ៉ាងណា?

លោកញ៉ែម រ៉ា មិនអាចទាក់ទងដើម្បីសុំការបំភ្លឺបានទេ។ក៏ប៉ុន្តែប្រជាពលរដ្ឋរស់នៅក្រុងសែនមនោរម្យ ទទួល ស្គាល់ថា ស្ថានភាពផ្លូវដែលខូចខាតច្រើនខ្សែក្នុងក្រុងនេះគឺបណ្ដាលមកពីល្បិច នៃការចាក់ស្ដើងស៊ីក្រាស់ របស់មន្ត្រីថ្នាក់ខេត្តដែលឃុបឃិតគ្នាជាប្រព័ន្ធ ដែលទីបំផុតគឺប្រជាពលរដ្ឋ,ភ្ញៀវទេសចរអ្នកធ្វើដំណើរក្លាយជាជនរងគ្រោះ ដែលបណ្ដាលមកពីផលនៃអំពើពុក រលួយនោះ៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងផ្ដល់ព័ត៌មាន:010840732/061881299