ក្នុងសេចក្តីជូនដំណឹងកាលពីចុងសប្តាហ៍នេះ ក្រសួងសុខាភិបាលបានឱ្យដឹងថា ស្ថានភាព នៃការប្រែប្រួលអាកាសធាតុបណ្តាលឱ្យអាកាសធាតុក្តៅខ្លាំង ទាំងនៅក្នុងប្រទេសកម្ពុជា ក៏ដូចជាបណ្តាប្រទេសជាច្រើន ដែលបុគ្គលគ្រប់រូបអាចធ្លាក់ខ្លួនឈឺដោយសារកម្តៅ ជាពិសេសបុគ្គលដែលមានហានិភ័យខ្ពស់ គឺមនុស្សចាស់ ទារក កុមារ ស្រ្តីមានផ្ទៃពោះ អ្នកធ្វើការងារនៅ លម្ហខាងក្រៅ អត្តពលិក អ្នកដែលមានប្រព័ន្ធការពាររាងកាយខ្សោយ និងអ្នកមានជំងឺរ៉ាំរ៉ៃ។
ពេលអាកាសធាតុក្តៅខ្លាំង ជាបណ្តាលឱ្យមានរោគសញ្ញាមួយចំនួនដូចជា ការបែកញើសខ្លាំងសុខពីធម្មតា អស់កម្លាំង ឈឺរមួលក្រពើ ឈឺក្បាល ចង្អោរ ក្អួត វិលមុខ ដួលសន្លប់ ជីពចរដើរលឿនហើយខ្សោយ និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។
ក្រសួងសុខាភិបាលបានអំពាវនាវ និងក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្នថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយអនុវត្តដូចជា ៖
– ពិសាទឹកឱ្យបានច្រើននិងញឹកញាប់ លើសពី២លីត្រក្នុងមួយថ្ងៃ ទោះបីជាមិនស្រេកទឹកក៏ដោយ។
– បង្ការជំងឺរាករូស និងជំងឺផ្សេងៗ ដែលធ្វើឱ្យមានការបាត់បង់ជាតិទឹកក្នុងរាងកាយ ដោយរក្សាអនាម័យ ខ្លួនប្រាណ អនាម័យម្ហូបអាហារ និងពិសាទឹកឆ្អិនឬទឹកចម្លោះ។
– ចៀសវាងការពិសាជាតិអាល់កុល កាហ្វត ភេសជ្ជៈដែលមានជាតិកាហ្វេអីន ជាតិស្ករច្រើន ជាតិអំបិលច្រើន ពីព្រោះបណ្តាលឱ្យជាតិទឹកនៅក្នុងរាងកាយថយចុះ។
– ស្លៀកសម្លៀកបំពាក់ដែលជួយការពារកម្ដៅនិងការរលាកស្បែកដោយពន្លឺព្រះអាទិត្យ ដូចជា សម្លៀកបំពាក់រលុង ស្រាល មានពណ៌ស្រាល ពាក់មួកដែលមានគែមធំ ឬប្រើឆ័ត្រធ្វើជារបាំងការពារ កម្ដៅថ្ងៃ និងផ្លាស់ប្ដូរសម្លៀកបំពាក់ប្រសិនបើវាសើមខ្លាំង។
– ចៀសវាងការស្លៀកពាក់ឱ្យទារក ឬកុមារតូច នូវសម្លៀកបំពាក់ក្រាស់ៗពេក ឬរុំពួកគេក្នុងភួយ ដែលធ្វើឱ្យមានកម្តៅឡើងបន្ថែមទៀត។
– ចៀសវាងស្ថិតនៅក្រោមកំដៅថ្ងៃដោយផ្ទាល់យូរពេក ដោយត្រូវស្វែងរកម្លប់ជ្រក ឬប្រើរបាំង
ការពារកម្តៅព្រះអាទិត្យ។
– កាត់បន្ថយកម្ដៅចូលក្នុងផ្ទះ ដោយបិទទ្វារឬបាំងវាំងនននៅពេលថ្ងៃ និងបើកបង្អួចនៅពេលយប់។
– ប្រសិនបើអ្នកចេញទៅខាងក្រៅផ្ទះ ត្រូវរៀបចំកាលវិភាគសកម្មភាពសម្រាប់ព្រឹកព្រលឹមបើអាច ធ្វើបាន ឬពេលល្ងាចនៅពេលដែលសីតុណ្ហភាពចុះមកត្រជាក់។ ចៀសវាងសកម្មភាពនៅពេលថ្ងៃត្រង់ ឬនៅពេលព្រះអាទិត្យកំពុងពេញកម្ដៅ។
– ប្រើកន្សែងសើមជូតមុខរបស់អ្នកពេលនៅក្នុងម្លប់ ឬដាក់វានៅជុំវិញករបស់អ្នក ប្រសិនមាន អារម្មណ៍ថាក្ដៅខ្លាំង។ ងូតទឹកត្រជាក់ឬទឹកធម្មតាឱ្យបានញឹកញាប់ ប៉ុន្តែត្រូវចៀសវាងការធ្វើឱ្យមាន ការផ្លាស់ប្តូរសីតុណ្ហភាពខ្លាំង គឺចៀសវាងការងូតទឹកត្រជាក់ភ្លាមៗ បន្ទាប់ពីត្រឡប់មកពីកន្លែងដែលអាចបណ្ដាលឱ្យមានការថយចុះកម្ដៅភ្លាមៗ និងអាចមានគ្រោះថ្នាក់ ជាមានសីតុណ្ហភាពក្ដៅ ពិសេសចំពោះមនុស្សចាស់ ឬកុមារ។
– ដឹងពីដែនកំណត់ និងសមត្ថភាពផ្ទាល់ខ្លួនរបស់លោកអ្នក ក្នុងការធ្វើការប្រកបដោយសុវត្ថិភាព ក្នុងកម្ដៅដែលអាចទ្រាំទ្របាន ហើយធ្វើការសន្សឹមៗកុំប្រញាប់ប្រញាល់។
– ចំណាយពេលសម្រាក និងជ្រកនៅកន្លែងដែលមានម្លប់ កន្លែងត្រជាក់ ឬស្នាក់នៅក្នុងផ្ទះ តាម ដែលអាចធ្វើទៅបាន លុះត្រាតែអ្នកប្រាកដថារាងកាយរបស់លោកអ្នក មានភាពធន់ខ្ពស់អាច ទប់ទល់ចំពោះកម្ដៅក្នុងកម្រិតណាមួយ។
– កំណត់ការប្រើប្រាស់ចង្ក្រាន និងឡ ពីព្រោះវានឹងធ្វើឱ្យអ្នក និងផ្ទះរបស់អ្នកកាន់តែក្ដៅ។
– សមាជិកគ្រួសារ ត្រូវឧស្សាហ៍តាមដាន និងត្រួតពិនិត្យមើលឱ្យបានញឹកញាប់ លើអ្នកងាយ រងគ្រោះដោយសារអាកាសធាតុក្តៅ រួមមាន មនុស្សចាស់អាយុចាប់ពី៦០ឆ្នាំ អ្នកកំពុងមានជំងឺ កុមារអាយុតិចជាង២ឆ្នាំ អ្នកមានជំងឺរ៉ាំរ៉ៃ និងអ្នកមានជំងឺផ្លូវចិត្ត ពីព្រោះពួកគេអាចត្រូវការ ជំនួយយ៉ាងតិចណាស់ពីរដងក្នុងមួយថ្ងៃក្នុងអំឡុងពេលអាកាសធាតុក្តៅ សូមកុំទុកពួកគាត់ចោលដោយមិនបានតសួរសុខទុក្ខពួកគាត់។
– ប្រសិនបើមានរោគសញ្ញា ដូចជា៖ វិលមុខ ចង្អោរឬក្អួត ឈឺក្បាល រមួលសាច់ដុំ (រមួលក្រពើ) ដែលជាសញ្ញាដំបូងនៃផលប៉ះពាល់នៃកម្ដៅ ត្រូវផ្លាស់ទីទៅកាន់កន្លែងត្រជាក់ និងត្រូវសម្រាកពីរ បីនាទី ហើយពិសាភេសជ្ជៈត្រជាក់យឺតៗ កុំបន្តសកម្មភាព ព្រោះអាចនាំឱ្យមាន ហានិភ័យខ្ពស់។ ចៀសវាងដាច់ខាតនូវការចោមរោមជុំជិតអ្នកដែលមានបញ្ហាសុខភាព។ សូមស្វែងរកការព្យាបាល ភ្លាមៗ នៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតផ្ទះរបស់លោកអ្នក ប្រសិនបើមិនធូរស្រាល៕