អន្តរជាតិ

ថៃប្រាប់​ឱ្យ​ពលរដ្ឋ​ខ្លួនរស់នៅជាប់ទន្លេមេគង្គ​ប្រុងប្រយ័ត្ន ក្រោយរថយន្តដឹកអាស៊ីតក្រឡាប់ហូរអាស៊ីតចូលទន្លេ

រដ្ឋាភិបាលថៃ កំពុងតាមដានជាតិពុលអាស៊ីតស៊ុលហ្វួរីកនៅក្នុងទន្លេមេគង្គនៅព្រំដែនឡាវ ដោយអ្នកស្រុកក្នុងខេត្តជាប់មាត់ទន្លេចំនួន៧ ត្រូវបានព្រមានឱ្យរក្សាការប្រុងប្រយ័ត្នចំពោះការលេចធ្លាយសារធាតុគីមីដែលរំពឹងថានឹងទៅដល់ប្រទេសថៃនៅសប្តាហ៍ក្រោយ។

ការបំពុលនេះបានកើតឡើងនៅក្នុងក្រុងហ្លួងប្រាបាង ប្រទេសឡាវ នៅពេលដែលរថយន្តដឹកទំនិញផ្ទុកអាស៊ីតទម្ងន់ជាង៣០តោនបានក្រឡាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យទឹកអាស៊ីតលេចធ្លាយចូលទៅក្នុងទន្លេណាំខាន់ ដែលហូរចូលទៅកាន់ទន្លេមេគង្គ។

ក្រសួងធនធានទឹកបានជូនដំណឹងដល់ខេត្តចំនួន៧ នៅតាមដងទន្លេមេគង្គ ឱ្យតាមដានគុណភាពទឹកទន្លេដែលហូរកាត់តំបន់របស់ពួកគេ បន្ទាប់ពីមានឧបទ្ទវហេតុកើតឡើង។ សារធាតុ​គីមី​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ហូរ​កាត់​ស្រុក​ឈៀង​ខាន់ នៅ​ចន្លោះ​ថ្ងៃ​ទី៨ ដល់​ទី១០ ខែ​មេសា។

រដ្ឋមន្ត្រីក្រសួងស្រាវជ្រាវ និងនវានុវត្តន៍វិទ្យាសាស្ត្រឧត្តមសិក្សា លោកស្រី Supamas Isarabhakdi បានណែនាំក្រុមឆ្លើយតបបន្ទាន់ពីនាយកដ្ឋានសេវាកម្មវិទ្យាសាស្ត្រ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងត្រួតពិនិត្យគុណភាពទឹកទន្លេក្នុងខេត្តទាំង៧ និងវាយតម្លៃផលប៉ះពាល់ដែលអាចកើតមានលើបរិស្ថាន។ លោកវេជ្ជបណ្ឌិត Rungruang Kitphati អគ្គនាយកនៃនាយកដ្ឋានបានឱ្យដឹងថា អាស៊ីតស៊ុលហ្វួរិក គឺជាសារធាតុដែលបំផ្លាញស្បែក ភ្នែកធ្មេញ និងសួត។ ការប៉ះពាល់ធ្ងន់ធ្ងរអាចនាំឱ្យងងឹតភ្នែក និងអាចបណ្តាលឱ្យស្លាប់ទៀតផង។ លោកបន្ត​ថា អាជ្ញាធរ​ថៃ​បាន​ទាក់ទង​មន្ត្រី​ឡាវ ដើម្បី​បង្ហូរ​ទឹក​ចេញ​ពី​ទំនប់​សាយ៉ាប៊ូរី ក្នុង​ប្រទេស​ឡាវ ដើម្បី​បន្សាប​ជាតិ​គីមី​ក្នុង​ទន្លេ និងដើម្បី​សម្រួល​ដល់​ការ​ប៉ះពាល់​ដល់​គុណភាព​ទឹក។ ទន្ទឹមគ្នានោះ មន្ត្រីសុខាភិបាលកំពុងអប់រំប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់មាត់ទន្លេទាំង៧ អំពីរបៀបការពារខ្លួនពីគ្រោះថ្នាក់នៃសារធាតុគីមី និងណែនាំពួកគេឱ្យទៅជួបគ្រូពេទ្យប្រសិនបើពួកគេប៉ះនឹងទឹកដែលត្រូវបានបំពុល។

ដោយឡែក លោក Paitoon Suthamma ប្រធានការិយាល័យរបស់អាជ្ញាធររដ្ឋាករទឹកខេត្តនគរបឋម បាននិយាយថា ការពិនិត្យមើលគុណភាពទឹកទន្លេមេគង្គក្នុងខេត្តនគរបឋម ជាបឋមតាមការណែនាំរបស់អ្នកជំនាញបានរកឃើញថា ទឹកនៅតែមានសុវត្ថិភាព និងមិនមានផលប៉ះពាល់ពីការបំពុលនោះទេ។ ទោះជាយ៉ាងនេះក្ដី ការិយាល័យនឹងបន្តតាមដានគុណភាពទឹក និងផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋជាប្រចាំអំពីស្ថានភាព។ លោក​បាន​បន្ថែម​ថា កន្លែង​កើត​ហេតុ​ស្ថិតនៅ​ឆ្ងាយ​ពី​ខេត្តនគរបឋម ប៉ុន្តែ​ប្រជាជនត្រូវ​​ធ្វើ​ការ​ប្រុង​ប្រយ័ត្ន​ជា​មុន​ដើម្បី​ការពារ​គ្រោះ​ថ្នាក់​ណា​មួយ៕