អន្តរជាតិ

​​រញ្ជួយ​ដីនៅតៃវ៉ាន់ព្រឹកមិញ ស្លាប់៧នាក់ របួស​៧០០នាក់ ខណៈអគាររាប់សិបដួលរលំ

គ្រោះរញ្ជួយដីកម្រិត ៧,២រ៉ិចទ័រ បានអង្រួនកោះតៃវ៉ាន់នៅថ្ងៃពុធ ទី៣ ខែមេសា ដែលជាគ្រោះរញ្ជួយដីខ្លាំងបំផុតដែលបានវាយប្រហារកោះនេះក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយ ដោយបានសម្លាប់មនុស្ស ៧នាក់ របួស៧៣៦នាក់ និង ៧៧ នាក់ជាប់ក្រោមអគារបាក់រលំ។ ការរញ្ជួយដីដ៏សាហាវនេះបង្កឱ្យមានស៊ីរ៉ែនព្រមានអំពីរលកយក្សស៊ូណាមិសម្រាប់ភាគខាងត្បូងប្រទេសជប៉ុន និងហ្វីលីពីន។

រដ្ឋាភិបាលតៃវ៉ាន់បានអះអាងថាមនុស្ស ៧នាក់បានស្លាប់នៅក្នុងតំបន់ភ្នំ ដែលមានប្រជាជនរស់នៅតិចនៅភាគខាងកើតនៃទីក្រុងហ័រលៀន(Hualien)ក្បែរចំណុចកណ្តាលនៃគ្រោះរញ្ជួយដីផ្ទាល់ ដោយមានអ្នករងរបួសចំនួន៧៣៦នាក់។ នាយកដ្ឋានពន្លត់អគ្គីភ័យបានលើកឡើងថា មនុស្ស ៧៧នាក់នៅតែជាប់គាំង ដោយខ្លះនៅក្នុងអគារដែលបានបាក់រលំ។ យោងតាមរដ្ឋបាលអាកាសធាតុកណ្តាលរបស់កោះតៃវ៉ាន់ គ្រោះរញ្ជួយដីនេះបានកើតឡើងនៅចំកណ្តាលឆ្នេរសមុទ្ទភាគខាងកើតក្នុងជម្រៅ១៥,៥គីឡូម៉ែត្រ។ វីដេអូបានបង្ហាញពីក្រុមអ្នកជួយសង្គ្រោះដោយប្រើជណ្ដើរដើម្បីជួយមនុស្សចេញពីបង្អួច ខណៈដែលនៅកន្លែងផ្សេងទៀតមានហេតុការណ៍រអិលបាក់ដីដ៏ធំដែលបណ្តាលមកពីការរញ្ជួយ។ វាពិតជាញ័រខ្លាំងនៅលើប្រព័ន្ធផ្លូវរថភ្លើងក្រោមដីរបស់ទីក្រុងតៃប៉ិ ដោយបានបិទរយៈពេលខ្លីដើម្បីជម្លៀសអ្នកដំណើរ ទោះបីជាសេវាកម្មខ្សែភាគច្រើនបានបន្តឡើងវិញភ្លាមៗក៏ដោយ។

ដោយឡែក ទីភ្នាក់ងារអាកាសធាតុរបស់ប្រទេសជប៉ុន ដែលដាក់កម្រិតនៃគ្រោះរញ្ជួយដីក្នុងកម្រិត ៧,៧ បានកត់សម្គាល់ថា រលកយក្សស៊ូណាមិតូចៗជាច្រើនបានវាយប្រហារដល់ផ្នែកខ្លះនៃខេត្តភាគខាងត្បូងនៃកោះអូគីណាវ៉ា។ ទន្ទឹមគ្នានេះ ទីភ្នាក់ងាររញ្ជួយដីហ្វីលីពីនបានចេញការព្រមានមួយសម្រាប់អ្នករស់នៅតំបន់ឆ្នេរនៃខេត្តមួយចំនួន ដោយជំរុញឱ្យពួកគេជម្លៀសខ្លួនទៅកាន់ទីទួលខ្ពស់មានសុវត្ថិភាព។ ជាមួយគ្នានេះ តៃវ៉ាន់ក៏បានចេញការព្រមានអំពីរលកយក្សស៊ូណាមិផងដែរ ប៉ុន្តែបានរាយការណ៍ថាមិនមានការខូចខាតនោះទេ ហើយមជ្ឈមណ្ឌលព្រមានរលកយក្សស៊ូណាមិប៉ាស៊ីហ្វិកនៅហាវ៉ៃបានគូសបញ្ជាក់ថា ហានិភ័យនៃការខូចខាតដោយសាររលកយក្សស៊ូណាមិបានកន្លងផុតទៅហើយ។

ជុំវិញបញ្ហានេះ ទីភ្នាក់ងារព័ត៌មានកណ្តាលផ្លូវការរបស់កោះតៃវ៉ាន់បានលម្អិតថា គ្រោះរញ្ជួយដីនេះ គឺជាគ្រោះរញ្ជួយដីដ៏ធំបំផុតដែលបានវាយប្រហារកោះនេះចាប់តាំងពីឆ្នាំ១៩៩៩ នៅពេលដែលគ្រោះរញ្ជួយកម្រិត ៧,៦រិចទ័របានសម្លាប់មនុស្សប្រហែល ២៤០០នាក់ និងបានផ្លិចបំផ្លាញអគារចំនួន ៥ម៉ឺនខ្នងនៅក្នុងគ្រោះរញ្ជួយដីដ៏អាក្រក់បំផុតមួយរបស់តៃវ៉ាន់។ ជាចុងក្រោយ ការិយាល័យប្រធានាធិបតីបានបង្ហាញថា ប្រធានាធិបតីជាប់ឆ្នោតថ្មីលោក ឡៃ ឈីងតេ (Lai Ching-te) ដែលនឹងចូលកាន់តំណែងនៅខែក្រោយនឹងទៅសួរសុខទុក្ខប្រជាជន៕