ពលករខ្មែរចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេស បាននាំគ្នាសម្រុកចេញពីថៃ ចូលមក ប្រទេសកម្ពុជា ដែលជាស្រុកកំណើត ដើម្បីមកចូលរួមពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ ការវិលត្រឡប់នៅឆ្នាំនេះបង្កការកកស្ទះយ៉ាងខ្លាំង នៅច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត។
អាជ្ញាធរខេត្ត និងមន្រ្តីនគរបាលអន្តោប្រវេសន៍ បាននឹងកំពុងញាប់ដៃញាប់ជើងក្នុងការជួយសម្រួល និងរៀបចំបែបបទចេញចូលឱ្យបានលឿន ជៀសវាងកាកកស្ទះ បណ្ដាលឱ្យកើតជាបញ្ហា ផ្សេងៗដែលអាចនឹងប៉ះពាល់ដល់បញ្ហា ថប់ដង្ហីមដល់ពលករ។ បើទោះជាមានការជួយសម្រួលពីអាជ្ញាធរក្ដី តែពលករខ្មែរនៅតែទទូចឱ្យអាជ្ញាធរជួយពន្លឿនដំណើរការវាយត្រាលើ លិខិតឆ្លងដែន សម្រាប់ពួកគាត់ ព្រោះពលករខ្លះមានស្រុកកំណើតនៅឆ្ងាយ និងខ្លះទៀតមានកូនតូចៗមកជាមួយ ម្យ៉ាងអាកាសធាតុ មិនអំណោយផលនោះទេ ដោយប៉ុន្មានថ្ងៃនេះ កម្តៅបានកើនឡើងយ៉ាងខ្លាំងនៅព្រំដែនកម្ពុជា-ថៃ។
អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ំ រាត្រី បានបញ្ជាក់ថា ការលើកលែងតម្លៃសេវានេះគឺសម្រាប់តែពលករកម្ពុជាដែលមានលិខិតឆ្លងដែននិងលិខិតធ្វើដំណើរពលករកម្ពុជាទៅធ្វើការនៅបរទេស(TD)និងមានទិដ្ឋាការការងារ(Nom-immigration L-A Visaដែលមានសុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤រួមទាំងកូនមានអាយុក្រោម១៨ឆ្នាំដែលទទួលបានការវាយត្រាប្រភេទអ្នកក្នុងបន្ទុកនិងអនុញ្ញាតឱ្យស្នាក់នៅក្នុងប្រទេសថៃមានសុពលភាពក្រោយថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។ លោកអភិបាលខេត្តបានបន្ថែមថា ដើម្បីឆ្លើយតបនឹងសំណើរបស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងការសម្រួលដល់ការវិលត្រឡប់របស់ពលករក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ រាជរដ្ឋាភិបាលថៃបានលើកលែងលើថ្លៃសេវា (Re-Entry Pemit) ដល់ពលករកម្ពុជា ដែលធ្វើដំណើរទៅ និងមកពីប្រទេសថៃ ចាប់ពីថ្ងៃទី១ ខែមេសា ដល់ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤។