សង្គម

ឥទ្ធិពលរបស់ព្យុះមួយ​ទៀត នឹង​ធ្វើ​ឲ្យ​កម្ពុជាធ្លាក់ភ្លៀងខ្លាំង ក្រសួងប្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋ​ប្រុងប្រយ័ត្ន

ក្រសួង​ធនធានទឹក និង​ឧតុនិយម បានជូនដំណឹងនៅថ្ងៃទី៥ ខែតុលានេះថា បន្ទាប់ពី​បានធ្វើ​ការតាមដាន ការវិវត្ត​ស្ថានភាព​អាកាសធាតុ​ជា​បន្តបន្ទាប់ សង្កេតឃើញថា ប្រព័ន្ធ​សម្ពាធ​ទាប បាន​បន្ត​លាតសន្ធឹង​ឆ្លងកាត់​លើ​កម្ពុជា ដោយ​ភ្ជាប់​ទៅនឹង​សម្ពាធ​ទាប​មួយ​នៅលើ​សមុទ្រ​ចិន​ខាងត្បូង​។​

ដោយឡែក​នៅលើ​សមុទ្រ​ចិន​ខាងត្បូង នឹង​អាច​កើតមាន​ជា​វិ​សម្ពាធ​ទាប ឬ​ជា​ព្យុះ (Tropical Storm) ដើរ​សំដៅ​ឆ្ពោះ​ចូលដល់​លើ​ភាគខាងត្បូង ប្រទេស​វៀតណាម នៅ​ថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២០​ ដោយ​ស្ថានភាព​អាកាសធាតុ​បែបនេះ នឹងធ្វើ​ឱ្យ​បណ្ដា​ខេត្ត​ស្ទើរ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងអំឡុង​ចាប់ពី​ថ្ងៃទី​៧ ដល់​ថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២០ នឹង​អាចមាន​ភ្លៀង និង​ខ្យល់​កើនឡើង​។​

​ចំពោះ​បណ្ដា​រាជធានី ខេត្ត​នៅ​ភាគខាងត្បូង ខេត្ត​ខាងកើត​ជាប់​ប្រទេស​វៀតណាម និង​បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ដែល​ធ្វើឱ្យ​ទី​ទំនាប​ក្បែរ​ផ្លូវទឹក តំបន់ភ្នំ និង​តំបន់​ជួរ​ភ្នំក្រវាញ នៅក្នុង​ភូមិសាស្ត្រ​នៃ​បណ្ដា​ខេត្ត​ទាំងនោះ ប្រឈម​ខ្ពស់​នឹង​ជំនន់​ទឹកភ្លៀង ជាមួយគ្នា​នោះនៅ​តំបន់​មាត់សមុទ្រ និង​នៅលើ​ផ្ទៃសមុទ្រ អាចមាន​ភ្លៀង ខ្យល់​បក់បោក​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​។​

​ជាមួយគ្នានេះ​ក្រសួង​ធនធានទឹក ក៏បាន​អំពាវនាវ​ឲ្យ​បងប្អូន ប្រជាពលរដ្ឋ​ដែល​រស់នៅក្នុង​ទីប្រជុំជន ទី​ទំនាប​ក្បែរ​ផ្លូវទឹក និង​បងប្អូន​ប្រជា​នេសាទ និង​អ្នកធ្វើ ដំណើរ​តាម​សមុទ្រ​ទាំងអស់ សូម​បង្កើន​ការយកចិត្តទុកដាក់​ប្រុងប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមានឡើង​ជាយថាហេតុ​៕