សង្គម

សមត្ថកិច្ចព្រមានចាត់វិធានការ​ចំពោះសិស្សលេងបាតម្សៅ គប់ទឹក​គ្មានសណ្តាប់ធ្នាប់

ក្រោយ​ពីមានករណី​សិស្សសាលា នៃវិទ្យាល័យ​សាមគ្គីសាមគ្គី​ប្រមាណជាង១រយនាក់ ធ្វើសកម្មភាពលេង​បាតម្សៅ គប់ទឹក​ដោយ​គ្មានសណ្តាប់​ធ្នាប់​កាលពីចុងសប្តាហ៍នេះ ស្នងការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដាក់បញ្ជាដល់អាជ្ញាធរទាំង១៤ខណ្ឌសហការជាមួយនាយកសាលា និងគ្រូតាមបណ្តាសាលារៀនអប់រំឱ្យសិស្សានុសិស្សទាំងអស់បញ្ឈប់សកម្មភាពដែលបង្កប៉ះពាល់សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ហើយ​ករណីមិនព្រមបញ្ឈប់តាមការណែនាំនឹងត្រូវឃាត់ខ្លួនជាកំហិត។

ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអះអាងថា បើសិនជាធ្វើសកម្មភាពដែលប្រព្រឹត្តបទល្មើសខុសច្បាប់ និងរឹងទទឹងមិនស្តាប់តាមការណែនាំរបស់សមត្ថកិច្ច ត្រូវមានវិធានការតាមផ្លូវច្បាប់ដោយមិនលើកលែងជាពិសេសកាលពីពេលថ្មីៗនេះមានសិស្សជាង១០០នាក់ដែលបង្កភាពអនាធិបតេយ្យតាមផ្លូវសាធារណៈគប់ ទឹក ប៉ាតម្សៅ និងបាញ់ទឹក ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានឃាត់យកអប់រំធ្វើកិច្ចសន្យាម្ដងរួចមកហើយ បើក្នុងករណីមិនរាងចាលត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុត។

សូមបញ្ជាក់ដែរថា កាលពីថ្ងៃទី៣០ និង៣១ ខែមីនា ឆ្នាំ២០២៤ វិទ្យាល័យជា ស៊ីម សាមគ្គី ក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ បានរៀបចំសង្រ្កាន្តឆ្នាំថ្មី ប៉ុន្តែអ្វីដែលស្មានមិនដល់នោះមានសិស្សមួយចំនួនបាននាំគ្នាមកលេង ប៉ាតម្សៅ គប់ ទឹក បាញ់ទឹក នៅក្រៅបរិវេណសាលា និងបានជិះម៉ូតូជាក្រុមៗ ចេញក្រៅបង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឱ្យបង្កការរំខាន និងប៉ះពាល់អារម្មណ៍ប្រជាពលរដ្ឋធ្វើដំណើរ។ ការណែនាំឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពលេងប៉ាតម្សៅ គប់ ទឹក បាញ់ទឹក របស់ក្មេងសិស្សសាលាទាំងនេះរបស់អាជ្ញាធរ ក្រោមហេតុផលថា បង្កភាពអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ហើយទង្វីនេះនាំឱ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពសាធារណៈ និងនាំឱ្យរងការរិះគន់ពីប្រជាពលរដ្ឋនិងសេចក្ដីថ្លៃថ្នូរ៕