សង្គម

ចាំមើលករណីកាប់គាស់រានដីព្រៃ នៅតំបន់អភិរក្សណាមលៀជាង៨០០ហិចតា តើនរណាទទួលខុសត្រូវ ?

ខេត្តមណ្ឌលគិរី÷ វិនាសកម្មព្រៃឈើនៅដែនអភិរក្សណាម លៀ នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ក្នុងទំហំ៨០១,១១ហិចតា មិនមែនជារឿងតូចតាច ដែលត្រូវបិទភ្នែក ហើយអូសករអាម៉ី អាថោងអ្នកស៊ីឈ្នួលពីរ,បីនាក់បញ្ច្រកគុកនោះទេ។ គេរំពឹងថា គណៈកម្មាធិការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិមិនបណ្ដោយឲ្យបញ្ហាវិនាសកម្មនេះ ក្លាយទៅ

ជារឿងលេងសើច ហើយអ្នកទទួលខុសត្រូវធំ នៅក្រៅសំណាញ់ច្បាប់ដោយងាយនោះឡើយ នៅគ្រាដែលគេដឹងថា ដីព្រៃតំបន់អភិរក្សនេះស្ថិតនៅក្រោមការទទួល ខុសត្រូវគ្រប់គ្រងដោយមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី។

ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីលោកឆៅ ប៊ុនធឿន ដែលទើបកាន់តំណែងបានក្នុងរយៈពេលជាង១ឆ្នាំកន្លងទៅថ្មីៗនេះគឺជាអ្នកទទួលខុសត្រូវលំដាប់ទី១ អមដោយអនុប្រធានផ្សេងទៀតក្នុងនោះបើតាមប្រភព÷ មានទាំង អនុប្រធានមន្ទីរបរិស្ថាន២ នាក់,ប្រធានការិយាល័យដែនជម្រកសត្វព្រៃស្រែពពកណាមលៀ,អតីតប្រធានស្ដីទីដែនជម្រកសត្វព្រៃស្រែពកណាមលៀ..ក៏ដូចជាអនុប្រធានបច្ចុប្បន្ននៃការិយាល័យដែនជម្រកសត្វព្រៃស្រែពក,ណាមលៀនេះផងដែរ។ តើបណ្ដាអស់លោកដែលមានឈ្មោះទាំងនេះ អាចប្រឈមចំពោះសំណាញ់ច្បាប់ក្នុងកម្រិតណា?

ទោះបីជាប្រភពមិនបញ្ជាក់ចំឈ្មោះយ៉ាងណា ក៏ដោយប៉ុន្តែសាមីខ្លួនត្រូវគេអះអាងថា បានដឹងអំពីអ្វីដែលខ្លួនបានប្រព្រឹត្តនោះរួចទៅហើយ។ យ៉ាងណាក៏ដោយ កំពុងមានការបាចទឹកដាក់គ្នា នៅក្នុងចំណោមអ្នកទទួលខុស ត្រូវទាំងអស់នេះ រួមទាំងអតីតប្រធានមន្ទីរបរិស្ថាន ខេត្ត មណ្ឌលគិរីនោះផង។ បច្ចុប្បន្ននេះតាមផ្លូវច្បាប់អ្នកដែលទទួលខុសត្រូវមុនគេ គឺលោកឆៅ ប៊ុនធឿន ដែលចូល កាន់តំណែងជាប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីកំឡុងខែកុម្ភៈឆ្នាំ ២០២៣ ។ ដូច្នេះវាគឺជាសត្យានុម័ត្តនៃ អ្នកទទួលខុសត្រូវ ហើយបន្ទាប់មកទៀត គឺត្រូវស្រាវរកចំណងប្រភពដែលនាំឲ្យមានមហន្តរាយនេះ។

ប្រភពជាន់ខ្ពស់ពីគណៈកម្មាធិការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិបង្ហើបថា សមត្ថកិច្ចជំនាញកំពុងចាប់ ផ្ដើមស្រាវជ្រាវ ដែលពេលនេះគេដឹងថា មិនមែនត្រឹមតែក្រុមមន្ត្រីបរិស្ថាន នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីនោះទេ ដែលជាប់ជំពាក់ចំពោះបទល្មើសដែលនៅនឹងច្រមុះនៃដែនសមត្ថកិច្ចរបស់ខ្លួននោះ។ សូម្បីតែ អាជ្ញាធរស្រុកពេជ្រាដា ក៏ជាប់ជំពាក់ក្នុងរឿងនេះដែរ។ គេថា សូម្បីតែមេឃុំប៊ូស្រា ក៏ទំនងជាមិនអាចគេចផុត ពីចុងកន្ទុយខ្សែនៃការសាវជ្រាវនោះដែរ។

គួរបញ្ជាក់ថា នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានគណៈកម្មាធិការជាតិបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបញ្ជាឲ្យមន្ត្រីជំនាញដែលទទួលបន្ទុកការងារការពារដីព្រៃនៅចំនុចភូមិសាស្ត្រស្រុកពេជ្រាដា ប្រើប្រាស់ដ្រូន (យន្តហោះគ្មានមនុស្សបើក) ឃ្លាំមើលនិងកំណត់ទីតាំងដីព្រៃដែលរងការកាប់បំផ្លាញ ដើម្បីអាចទប់ស្កាត់សកម្ម ភាពកាន់រានពីជនខិលខូច។

សេចក្តីរាយការណ៍ឲ្យដឹងថា សមត្ថកិច្ចរកឃើញទីតាំងដីព្រៃរបស់រដ្ឋរាប់សិបកន្លែងក្នុងទំហំខ្ទង់ពាន់ហិកតា ត្រូវគេអារកាប់ផ្តួលព្រៃឈើរដូករណែល ដុតឆេះផ្សែងហុយពេញអាកាសគួរឲ្យសង្វែកបំផុត។ ទីតាំងដែលកម្លាំងប្រតិបត្តិការបង្ក្រាបរកឃើញ មានការកាប់រានដីព្រៃដ៏មហាសាលខាងលើ ដែលអាចហៅបានថា ជាវិនាសសកម្មព្រៃឈើនាដើមឆ្នាំ២០២៤នេះ ស្ថិតនៅភូមិសាស្ត្រ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដែលទំនងទទួលបានភ្លើងខៀវពីអាជ្ញាធរមូលដ្ឋាន ដ្បិតទីតាំងកាប់រានដីព្រៃរដ្ឋធ្វើកម្មសិទ្ឋបុគ្គលនេះ ស្ថិតនៅមិនឆ្ងាយពីប្រជុំជនស្រុកពេជ្រាដា ដែលបណ្តុំទៅដោយស្ថាប័នកម្លាំងសមត្ថកិច្ចចម្រុះរបស់គណៈបញ្ជាការឯកភាពស្រុក ប៉ុន្តែសកម្មភាពល្មើសច្បាប់ទាំងនោះ បែរជាគ្មានការបង្ក្រាបឬទប់ស្កាត់ទេនាពេលកន្លងមក៕

ដោយ:សុិន ខ្វាន់ឆា
ទំនាក់ទំនងព័ត៌មាន:010840732/061881299