សង្គម

«អង្គរសង្រ្កាន្ត» មិនមានវត្តមានក្នុងពីធីបុណ្យចូលឆ្នាំថ្មីឆ្នាំនេះ តែសង្រ្កាន្តនៅតាមបណ្តារាជធានីខេត្តត្រូវរៀបចំជាធម្មតា

យោងតាមការឱ្យដឹងពីផេកផ្លូវការ «ព្រឹត្តិការណ៍ អង្គរសង្រ្កាន្ត» បានឱ្យដឹងថានឹងមិនមានរៀបចំអង្គរសង្រ្កាន្ត ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សម្រាប់ឆ្នាំ២០២៤នេះ នោះទេ ខណៈតាមបណ្តារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ រហូតដល់សង្រ្កាន្តតាមវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាបានកំពុងរៀបចំកម្មវិធីសង្រ្កាន្តជាបន្តបន្ទាប់។

តាមក្រុមការងាររៀបចំព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» បានឱ្យដឹងថា គោលបំណងធំមួយរបស់ព្រឹត្តិការណ៍ «អង្គរសង្រ្កាន្ត» គឺការជំរុញទឹកចិត្តដល់ប្រជាពលរដ្ឋទូទៅឱ្យចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ដែលរយៈពេល១០ឆ្នាំចុងក្រោយនេះ ព្រឹត្តិការណ៍សង្រ្កាន្តនានា ត្រូវបានរៀបចំឡើងយ៉ាងផុលផុសនៅតាមបណ្តារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ រហូតដល់សង្រ្កាន្តតាមវិទ្យាល័យ និងគ្រឹះស្ថានឧត្តមសិក្សាជាដើម។

បើទោះបីជា «អង្គរសង្រ្កាន្ត» មិនមានវត្តមានក្នុងពីធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ សម្រាប់ឆ្នាំនេះ ក៏ស្មារតី «អង្គរសង្រ្កាន្ត» ក្នុងរយៈពេល១០ឆ្នាំនេះ បានចាក់ឬសគល់យ៉ាងមាំក្នុងបេះដូងប្រជាពលរដ្ឋខ្មែរ ជាពិសេសយុវជន។ ហេតុដូច្នេះហើយ សង្រ្កាន្តនៅតាមបណ្តារាជធានីខេត្តក៏នឹងត្រូវរៀបចំជាធម្មតានៅឆ្នាំនេះ ដូចបណ្តាឆ្នាំកន្លងទៅដែរ។

ស្របជាមួយគ្នានេះ លោក ហ៊ុន ម៉ានី ប្រធាន​សហភាពសហព័ន្ធយុវជន​កម្ពុជា បានបញ្ជាក់​នៅលើបណ្តាញ​សង្គមរបស់លោកថា នៅឆ្នាំ២០១៣ ពេលដែលក្រុមការងាររៀបចំ «អង្គរសង្រ្កាន្ត» លើកទី ១ ស.ស.យ.ក បានធ្វើលិខិតផ្លូវការទៅក្រុមប្រឹក្សាជាតិភាសាខ្មែរ ដែលបានបញ្ជាក់ថា ពាក្យ “សង្រ្កាន្ត” មានន័យថាជាពិធីចូលឆ្នាំថ្មី ហើយពាក្យនេះមានប្រើនៅសម័យអង្គរផងដែរ នេះបើតាមសិលាចារឹក Ka១៧ និងជាទំនៀមប្រពៃណីខ្មែរតាំងពីដើមរៀងមក។ ពិធីសង្ក្រាន្តនេះក៏ត្រូវបានរៀបចំនៅតាមបណ្តាប្រទេសមួយចំនួននៅអាស៊ីអាគ្នេយ៍យើងដែរដូចជា ឡាវ ថៃ ភូមា ជាដើម។

លោកបន្តថា អស់រយៈពេល ១០ ឆ្នាំ (២០១៣-២០២៣) ដែលលោកជាសមាជិកក្នុងក្រុមការងារម្នាក់ ក្នុងចំណោមសមាជិក និងយុវជនស្ម័គ្រចិត្ត ស.ស.យ.ក រាប់ម៉ឺននាក់ បានលះបង់ពេលវេលា ខិតខំរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្តនៅខេត្តសៀមរាប ដើម្បីជាការលើកស្ទួយកេរដំណែលជាតិ ហើយអង្គរសង្រ្កាន្ត ក៏បានបណ្តុះស្មារតីនេះដល់ស.ស.យ.ក រាជធានី ខេត្ត ក្រសួង ស្ថាប័ន សាលារៀន នៅទូទាំងប្រទេស ក្នុងការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តគ្រប់ទីកន្លែងនៅកម្ពុជានាពេលកន្លងមក។ ក្នុងន័យនេះ លោកសូមយុវជនយើងបន្តស្វែងយល់ពីវប្បធម៌ខ្លួន និងបន្តថែរក្សាកេរដំណែលដូនតាយើង៕