ខេត្តបាត់ដំបង÷អនុវត្តតាមការណែនាំនិងបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនិងសម្រប សម្រួលនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ផងនោះលោក វរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងដឹកនាំកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក វរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាល ព្រហ្មទណ្ឌកម្រិតស្រាល នៅថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២៤ វេលាម៉ោង ២២និង៣០ នាទី នៅចំណុចភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្ត បាត់ដំបង កម្លាំងក្រុមអន្តរាគមន៍ បង្ការ បង្ក្រាប បានចុះប្រតិបត្តិការ បង្ក្រាបករណី លួចមានស្ថានទម្ងន់ទោស ( ឆក់យកកាបូប )១ ករណីនិងបាននាំខ្លួនជនសង្ស័យ ៥ នាក់មកកាន់ស្នងការដ្ឋាន ។
ជួនសន្សែងទាំងប្រាំនាក់រួមមាន១-ឈ្មោះ បូរ៉ា សុវណ្ណា ហៅ វ៉ាន់ ភេទប្រុស អាយុ ៣០ ឆ្នាំ មានទីលំនៅ ភូមិក្បាលថ្នល់ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។ ( ជាអ្នកបើកម៉ូតូ ),២-ឈ្មោះ អ៊ុន សុភាព ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅភូមិទួលតាឯក សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ( ជាអ្នកជិះពីក្រោយធ្វើសកម្មភាពឆក់យកកាបូប ),៣-ឈ្មោះ ខុន រតនា ហៅ ប៉ោង ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិក្បាលថ្នល់ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ( ជាបក្សពួក ),៤-ឈ្មោះ រ័ត្ន ដារ៉ូ ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅ ភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង( ជាបក្សពួក)និងឈ្មោះ ឈិន ជីវន្ត័ ភេទ ប្រុស អាយុ ២៥ ឆ្នាំ មានទីលំនៅភូមិសូភី១ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ( ជាបក្សពួក )។
សមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានឲ្យដឹងថា កាល ពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ ២០២៣ វេលាម៉ោង ០៥និង៤៨ នាទី នៅចំណុចភូមិដំណាក់ហ្លួង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ជនសង្ស័យ ឈ្មោះ បូរ៉ា សុវណ្ណា ហៅ វ៉ាន់ រួមជាមួយឈ្មោះ អ៊ុន សុភាព បានធ្វើសកម្មភាពជិះម៉ូតូ១គ្រឿង ឆក់យកកាបូបរបស់ជន រងគ្រោះឈ្មោះ ហៃ ជូ ភេទស្រី អាយុ ៦២ ឆ្នាំ មានទីលំនៅភូមិអូរចារ សង្កាត់អូរចារ ក្រុងបាត់ដំបង ខេត្ត បាត់ដំបង ដែលកំពុងជិះម៉ូតូនៅតាមដងផ្លូវចំណុចកើតហេតុខាងលើ ហើយជិះរត់គេចខ្លួនបាត់ ។
នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចដករហូត វត្ថុតាងដកហូតរួមមាន ៖
– កាបូបស្ពាយចំនួន ០១
– ទូរស័ព្ទដៃ ចំនួន ០២ គ្រឿង
– ម៉ូតូ ០១ គ្រឿងម៉ាក HONDA SCOOPY ពណ៌ ស ផ្កាឈូក ស៊េរីឆ្នាំ ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AP-7343
បច្ចុប្បន្នការិយាល័យជំនាញបានកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបងចាត់ការបន្តតាមនីតិវិធី៕